អតីតសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរ កេង វ៉ាន់សាក់ ទទួលមរណភាព
Posted by: SAMBOhengnews / Category: Cambodia, Franch
លោកកេង វ៉ាន់សាក់ កាលនៅរស់
រូបភាពពីFRA
អតីតសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញ លោក កេង វ៉ាន់សាក់ បានទទួលមរណភាពទៅហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាក្រុងម៉ុងមរ៉ង់ស៊ី (Montmorency) ចម្ងាយប្រមាណជា១៣គីឡូម៉ែត្រខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង។
លោក កេង វ៉ាន់សាក់ អតីតសាស្រ្ដាចារ្យវិទ្យាល័យព្រះស៊ីសុវត្ថិដែលជាអ្នកប្រឌិតពុម្ព អក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និងធ្លាប់និពន្ធសៀវភៅស្រាវជ្រាវវប្បធម៌អក្សរសាស្រ្ដខ្មែររឿងល្ខោន កំណាព្យ និងរឿងខ្លីៗជាច្រើន តាំងពីទសវត្សរ៍ ឆ្នាំ១៩៤០មកនោះ បានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ នាមន្ទីរពេទ្យក្រុងម៉ុងមរ៉ង់ស៊ី កាលពីម៉ោង១២:១៥នាទីរសៀល។
អ្នកជិតស្និទ្ធរបស់លោកបានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានទទួលអនិច្ចកម្មដោយសារជំងឺទឹកចូលសួត ៖ «ព្រោះ ពីម្សិលមិញហ្នឹង គាត់ទៅពេទ្យ ពេលព្រឹកហ្នឹង ដូចថាចេះតែក្ដៅខ្លួនស្រៀវស្រាញៗ ដូចថា ឈឺ៤ថ្ងៃទៅហើយ។ ពេទ្យគេឲ្យសម្រាកនៅកន្លែងសង្រ្គោះបន្ទាន់ រួចទៅគេមើលខ្លួនគាត់អ៊ីចឹងទៅ ហើយបានព្រឹកមិញខ្ញុំហៅគាត់ គេថាគាត់នៅក្នុង Coma (សភាពភ្លឹក) ហើយសួរថា ត្រូវជាបងប្អូនអីត្រូវទៅជួបគាត់ បើថាចង់ជួបគាត់ទៅមើលគាត់ហ្នឹង មុនគាត់ខូច។ ដល់ហើយទៅ ម៉ោង១២:២០ គេទូរស័ព្ទមកប្រាប់ខ្ញុំថាគាត់ខូចទៅហើយ»។
លោក កេង វ៉ាន់សាក់ នាប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្ដល់កិច្ចសម្ភាសន៍ពិសេសជូនវិទ្យុ អាស៊ីសេរីជាប្រចាំ ដែលក្នុងនោះលោកតែងតែអធិប្បាយអំពីលទ្ធផលនៃការស្រាវជ្រាវរកឃើញ របស់លោកស្ដីពីប្រវត្តិសាស្រ្ដទាក់ទងនឹងប្រទេសកម្ពុជានិង ការស្រាវជ្រាវអំពីកម្រងពាក្យមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិ អក្សរសាស្រ្ដខ្មែរ។
អ្នកជិតស្និទ្ធរបស់លោកបានឲ្យដឹងថា លោក កេង វ៉ាន់សាក់ មានបណ្ដាំចុងក្រោយប្រាថ្នាចង់ឲ្យគេយកធាតុរបស់លោកទៅបញ្ចុះ ក្នុងចេតិយម្ដាយរបស់លោកនៅប្រទេសកម្ពុជា។
ក្រុមគ្រួសាររបស់លោក កេង វ៉ាន់សាក់ នៅមិនទាន់ជូនដំណឹងថា តើគេនឹងរៀបចំធ្វើពិធីបុណ្យសពនៅវេលាណាថ្ងៃណានៅឡើយទេ៕
ដកស្រង់ពីRFA
Read more »