និស្សិតច្បាប់ខ្មែរ៥រូបនឹងចូលរួមការប្រឡងអំពីច្បាប់អន្តរជាតិនៅអាមេរិក
Posted by: SAMBOhengnews / Category: Cambodia. USAប្រទេសកម្ពុជាគ្រោងបញ្ជូននិសិ្សតច្បាប់៥នាក់ទៅសហរដ្ឋអាមេរិកនាសប្តាហ៍ខាងមុខឆាប់ៗនេះ ដើម្បីប្រទ្បងប្រកួតប្រជែងជាអន្តរជាតិជាមួយនិសិ្សតជាង៥០០ក្រុមមកពីបណ្តាប្រទេសនានាចំនួន៤០នៅលើពិភពលោកលើវិញ្ញាសាច្បាប់ឧក្រិដ្ឋកម្មសង្រ្គាម ច្បាប់ប្រឆាំងអំពើភេរវកម្មជាអន្តរជាតិនិងច្បាប់ប្រឆាំងអំពើប្រល័យពូជសាសន៍។
ផ្អែកតាមប្រភពបានឲ្យដឹងថា ការបញ្ជូននិស្សិតទៅសហរដ្ឋអាមេរិកដើម្បីប្រទ្បងប្រកួតប្រជែងលើវិញ្ញាសាខាងលើនេះជាលើកដំបូងហើយ នៅស្របពេលដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងដំណើរការជម្រះក្តីក្រុមអតីតមេដឹកនាំខែ្មរក្រហមជាន់ខ្ពស់ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្រ្គាម។
ការប្រទ្បងជាអន្តរជាតិនោះនឹងស៊ីរយៈពេលមួយសប្តាហ៍ពេញចាប់ពីថៃ្ងទី២២ ខែមីនា រហូតដល់ថៃ្ងទី២៨ ខែមីនា ខាងមុខនេះ នៅក្នុងទីក្រុងWashington DC សហរដ្ឋអាមេរិក។
កញ្ញា ស្រេង នារីរត្ន័ ជានិសិ្សតម្នាក់នៅក្នុងចំណោមនិសិ្សតខែ្មរ៥នាក់និងជានិសិ្សតឆ្នាំទី១នៃសាកលវិទ្យាល័យនីតិសាស្រ្តនិងសេដ្ឋកិច្ចនៅក្នុងទីក្រុងភ្នំពេញបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ដោយសារប្រទេសកម្ពុជាធ្លាប់មានបនប្រល័យពូជសាសន៍ហ្នឹង ខ្ញុំគិតថា ការប្រកួតហ្នឹងជាការសំខាន់មែនទែនដើម្បីយើងជាកូនខ្មែរ យើងត្រូវដឹងថា តើតុលាការអន្តរជាតិហ្នឹងស្តង់ដាររបៀបម៉េច?»។
និសិ្សតម្នាក់ទៀតឈ្មោះ សយ កម្សាន្ត ជានិសិ្សតឆ្នាំ៤នៃសាកលវិទ្យល័យនីតិសាស្រ្តដែលនឹងចូលរួមក្នុងការប្រកួតប្រជែងខាងមុខនេះ បានបានថែ្លងថា ៖ «សាលាក្ដីខ្មែរក្រហមយើងហ្នឹង ECCC គេប្រើប្រាស់ International Law (ច្បាប់អន្តរជាតិ) ការប្រកួតរបស់ខ្ញុំ ក៏គេប្រើប្រាស់ផ្អែកទៅលើ International Law ទាំងស្រុងដែរ»។
នៅក្នុងចំណោមនិសិ្សតខ្មែរទាំង៥នាក់ខាងលើនេះ មាននិសិ្សតប្រុសចំនួន៣នាក់និងនិស្សិតជាស្រី្តភេទចំនួន២នាក់គឺចេញពីសកលវិទ្យាល័យនីតិសាស្រ្ដនិងសេដ្ឋកិច្ចដូចគ្នា បានប្រទ្បងធ្វើតេស្តជាប់និងបានជ្រើសរើសដោយចៅក្រមជាតិនិងអន្តរជាតិមកពីសាលាក្តីខែ្មរក្រហមដើម្បីចូលរួមប្រទ្បងនៅក្នុងសហរដ្ឋអាមេរិកនោះ។
ផ្អែកតាមប្រភពបានឲ្យដឹងថា នៅក្នុងចំណោមប្រទេសចំនួន៤០ ដែលបានបញ្ជូននិស្សិតទៅកាន់សហរដ្ឋអាមេរិកដូចគ្នាដើម្បីចូលរួមប្រកួតប្រជែងលើវិញ្ញាសាខាងលើនេះ មានដូចជាប្រទេសសិង្ហបុរី ប្រទេសថៃ ជប៉ុន ប្រទេសចិន ម៉ាទ្បេស៊ី និងប្រទេសមួយចំនួនទៀត។
លោក គឹម គីរី ជាសាស្រ្តចារ្យនៃសកលវិទ្យាល័យនីតិសាស្រ្តនិងសេដ្ឋកិច្ចនៅក្នុងទីក្រុងភ្នំពេញដែលនឹងដឹកនាំនិសិ្សតចំនួន៥នាក់ ទៅសហរដ្ឋអាមេរិកនាសប្ដាហ៍ខាងមុខនេះបានមានប្រសាសន៍ថា ៖ «គេមើលស្ថានភាពរបស់ខ្មែរយើងដែរ។ ជាលើកទី១»។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា ៖ «ព្រោះទី១ យើងមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម នៅស្រុកខ្មែររួចហើយ ដូច្នេះការ Expectation ការសង្ឃឹមរបស់អ្នកខាងក្រៅ ប្រហែលជានិស្សិតច្បាប់យើងដឹងរឿងហ្នឹងច្បាស់ជាងគេ»។
លោកបានបន្តថា កម្ពុជាគប្បីបណ្តុះបណ្តាលនិស្សិតឲ្យបានកាន់តែច្រើនខាងវិស័យច្បាប់អន្តរជាតិ ពីព្រោះកម្ពុជាជាប្រទេសធ្លាប់រងគ្រោះដោយសារជម្លោះជាអន្តរជាតិកន្លងមក ដូចជារបបខែ្មរក្រហមប្រល័យពូជសាសន៍បានបណ្តាលឲ្យប្រជាពលរដ្ឋខែ្មរជិត២លាននាក់រងការសម្លាប់រង្គាលនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ ហើយទៅថៃ្ងអនាគត កម្ពុជានឹងចូលរួមក្នុងសកម្មភាពជាច្រើនជាអន្តរជាតិនៅក្នុងតំបន់និងនៅលើពិភពលោក៕
ដកស្រង់ពីRFA