Movie

Posted by: SAMBOhengnews / Category:

https://rapidshare.com/files/2578560868/_isoHunt__Apocalypse.Now.Redux.DVDRIP-ZEKTORM.torrent


Read more »

និស្សិត​ច្បាប់​ខ្មែរ​៥​រូប​នឹង​ចូលរួម​ការ​ប្រឡង​អំពី​ច្បាប់​អន្តរជាតិ​នៅ​អាមេរិក

Posted by: SAMBOhengnews / Category:

ប្រទេស​កម្ពុជា​គ្រោង​បញ្ជូន​និសិ្សត​ច្បាប់​៥​នាក់​ទៅ​សហរដ្ឋ​អាមេរិក​នា​សប្តាហ៍​ខាង​មុខ​ឆាប់ៗ​នេះ ដើម្បី​ប្រទ្បង​ប្រកួត​ប្រជែង​ជា​អន្តរជាតិ​ជាមួយ​និសិ្សត​ជាង​៥០០​ក្រុម​មក​ពី​បណ្តា​ប្រទេស​នានា​ចំនួន​៤០​នៅ​លើ​ពិភពលោក​លើ​វិញ្ញាសា​ច្បាប់​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ជា​អន្តរជាតិ​និង​ច្បាប់​ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍។
ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​បញ្ជូន​និស្សិត​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រទ្បង​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ខាង​លើ​នេះ​ជា​លើក​ដំបូង​ហើយ នៅ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​ជម្រះ​ក្តី​ក្រុម​អតីត​មេដឹកនាំ​ខែ្មរ​ក្រហម​ជាន់​ខ្ពស់​ក្រោម​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។
ការ​ប្រទ្បង​ជា​អន្តរ​ជាតិ​នោះ​នឹង​ស៊ី​រយៈពេល​មួយ​សប្តាហ៍​ពេញ​ចាប់​ពី​ថៃ្ង​ទី​២២ ខែ​មីនា រហូត​ដល់​ថៃ្ង​ទី​២៨ ខែ​មីនា ខាង​មុខ​នេះ នៅ​ក្នុង​ទីក្រុងWashington DC សហរដ្ឋ​អាមេរិក។
កញ្ញា ស្រេង នារីរត្ន័ ជា​និសិ្សត​ម្នាក់​នៅ​ក្នុង​ចំណោម​និសិ្សត​ខែ្មរ​៥​នាក់​និង​ជា​និសិ្សត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​នីតិ​សាស្រ្ត​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ដោយសារ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​បន​ប្រល័យ​ពូជ​សាសន៍​ហ្នឹង ខ្ញុំ​គិត​ថា ការ​ប្រកួត​ហ្នឹង​ជា​ការ​សំខាន់​មែន​ទែន​ដើម្បី​យើង​ជា​កូន​ខ្មែរ យើង​ត្រូវ​ដឹង​ថា តើ​តុលាការ​អន្តរជាតិ​ហ្នឹង​ស្តង់ដារ​របៀប​ម៉េច?»។
និសិ្សត​ម្នាក់​ទៀត​ឈ្មោះ សយ កម្សាន្ត ជា​និសិ្សត​ឆ្នាំ​៤​នៃ​សាកល​វិទ្យល័យ​នីតិសាស្រ្ត​ដែល​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​មុខ​នេះ បាន​បាន​ថែ្លង​ថា ៖ «សាលាក្ដី​ខ្មែរ​ក្រហម​យើង​ហ្នឹង ECCC គេ​ប្រើប្រាស់ International Law (ច្បាប់​អន្តរជាតិ) ការ​ប្រកួត​របស់​ខ្ញុំ ក៏​គេ​ប្រើប្រាស់​ផ្អែក​ទៅ​លើ International Law ទាំង​ស្រុង​ដែរ»។
នៅ​ក្នុង​ចំណោម​និសិ្សត​ខ្មែរ​ទាំង​៥​នាក់​ខាង​លើ​នេះ មាន​និសិ្សត​ប្រុស​ចំនួន​៣​នាក់​និង​និស្សិត​ជា​ស្រី្ត​ភេទ​ចំនួន​២​នាក់​គឺ​ចេញ​ពី​សកល​វិទ្យាល័យ​នីតិសាស្រ្ដ​និង​សេដ្ឋកិច្ច​ដូច​គ្នា បាន​ប្រទ្បង​ធ្វើ​តេស្ត​ជាប់​និង​បាន​ជ្រើសរើស​ដោយ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​មក​ពី​សាលាក្តី​ខែ្មរ​ក្រហម​ដើម្បី​ចូលរួម​ប្រទ្បង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ។
ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៤០ ដែល​បាន​បញ្ជូន​និស្សិត​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដូច​គ្នា​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ខាង​លើ​នេះ មាន​ដូចជា​ប្រទេស​សិង្ហបុរី ប្រទេស​ថៃ ជប៉ុន ប្រទេស​ចិន ម៉ាទ្បេស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត។
លោក គឹម គីរី ជា​សាស្រ្តចារ្យ​នៃ​សកលវិទ្យាល័យ​នីតិសាស្រ្ត​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​នឹង​ដឹកនាំ​និសិ្សត​ចំនួន​៥​នាក់ ទៅ​សហរដ្ឋ​អាមេរិក​នា​សប្ដាហ៍​ខាង​មុខ​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ «គេ​មើល​ស្ថានភាព​របស់​ខ្មែរ​យើង​ដែរ។ ជា​លើក​ទី​១»។
ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​ទី១ យើង​មាន​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម នៅ​ស្រុក​ខ្មែរ​រួច​ហើយ ដូច្នេះ​ការ Expectation ការ​សង្ឃឹម​របស់​អ្នក​ខាង​ក្រៅ ប្រហែល​ជា​និស្សិត​ច្បាប់​យើង​ដឹង​រឿង​ហ្នឹង​ច្បាស់​ជាង​គេ»។
លោក​បាន​បន្ត​ថា កម្ពុជា​គប្បី​បណ្តុះ​បណ្តាល​និស្សិត​ឲ្យ​បាន​កាន់តែ​ច្រើន​ខាង​វិស័យ​ច្បាប់​អន្តរជាតិ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​ធ្លាប់​រងគ្រោះ​ដោយសារ​ជម្លោះ​ជា​អន្តរជាតិ​កន្លង​មក ដូច​ជា​របប​ខែ្មរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខែ្មរ​ជិត​២​លាន​នាក់​រង​ការ​សម្លាប់​រង្គាល​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩។ ហើយ​ទៅ​ថៃ្ង​អនាគត កម្ពុជា​នឹង​ចូលរួម​ក្នុង​សកម្មភាព​ជា​ច្រើន​ជា​អន្តរជាតិ​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ពិភពលោក៕
ដកស្រង់ពីRFA


Read more »

នាយក​រដ្ឋមន្ត្រី​បន្ត​ពង្រឹង​វិធានការ​ប្រឆាំង​ល្បែង​ស៊ីសង

Posted by: SAMBOhengnews / Category: ,


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨
រូបភាពពីRFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ម្តង​ទៀត​ចំពោះ​វិធានការ​បំបាត់​បន​ល្បែង​ស៊ីសង​ជាមួយ​ការព្រមាន​ថា​នឹង​ដក​ហូត​បុណ្យ​ស័ក្តិ​មន្ត្រី​ណា​ដែល​មិន​ស្តាប់​បង្គាប់។
នៅ​ក្នុង​ប្រសាសន៍​កាលពី​ម្សិលមិញ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នា​សន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា វិធានការ​បំបាត់​ល្បែង​ស៊ីសង​មិន​មែន​ធ្វើ​តែ​មួយ​ភ្លែត​នោះ​ទេ។
លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «ត្រូវ​តាម​ឲ្យ​ជាប់​កុំ​ឲ្យ​ងើប​ឡើង​វិញ តិច​តែ​លេង​៣​ខែ​ស្ងាត់ៗ​ស្រាប់តែ​មក​វិញ ត្រង់​ណេះ​ក៏​ល្បែង​ត្រង់​ណោះ​ក៏​ល្បែង​លើស​ដើម អា​ហ្នឹង​គឺ​ថា​ខ្ញុំ​ម្ដង​ហ្នឹង​អត់​សុំ​ទោស​ទេ​ប្រាប់​ឲ្យ​ហើយ អ្នក​ខាង​ក្រោម​ត្រូវ​សុំ​ទោស​ម្ដង​អា​ហ្នឹង សុំ​ទោស​ហើយ​ទទួល​ទោស​បណ្ដោយ​ទៅ ព្រោះ​អា​នេះ​វិធានការ​ខ្ញុំ​បាន​ផ្ដល់​ឲ្យ ផ្ដល់​ដាវ​ផ្ដល់​អី វា​លុប​អស់​រលីង​ទៅ​ហើយ មាន​នៅ​សល់​អី​ទៀត អ៊ីចឹង​ទេ​សុំ​មើលៗ​ផង​អំពី​បញ្ហា​ហ្នឹង»។
សូម​បញ្ជាក់​ថា នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​នោះ​ដែរ លោក​បាន​បញ្ជា​ឲ្យ​ពង្រឹង​វិធានការ​បង្ក្រាប​ក្រុម​បង​តូច​បង​ធំ​ថែម​ទៀត​ដែល​សមត្ថកិច្ច​បាន​បន្ត​ធ្វើ​តាំង​ពី​ដើម​ឆ្នាំ​២០០៥​នោះ​មក។
នៅ​ក្នុង​សុន្ទរកថា​នោះ​ផង​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ធ្លោយ​នៅ​រឿង​មួយ​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ការតែងតាំង​តំណែង​ថ្មី​ដល់​អតីត​អគ្គ​មេ​បញ្ជាការ​កងទ័ព លោក កែ គឹមយ៉ាន​នោះ​ផងដែរ។
លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា គេ​គ្រោង​តែងតាំង លោក កែ គឹមយ៉ាន ជា​ឧប​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង​ផ្នែក​បង្ក្រាប​ប្រឆាំង​គ្រឿង​ញៀន៕
ដកស្រង់ពីRFA


Read more »

ស្ថានភាពព្រះរោគរបស់អតីតព្រះមហាក្សត្រខ្មែរ

Posted by: SAMBOhengnews / Category: ,


ព្រះបាទនរោត្តមសីនុ
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ មានព្រះបន្ទូលថា ការ
ព្យាបាលព្រះរោគមហារីករបស់ទ្រង់កំពុងតែប្រព្រឹត្តិទៅដោយរលូន។

នៅក្នុងសារលិខិតមួយច្បាប់ដែលចុះផ្សាយនៅក្នុងវ៉ិបសាយថ៍របស់ព្រះអង្គ
សម្តេចសីហនុមានព្រះបន្ទូលថា ព្រះអង្គបានយាងទៅកាន់មន្ទីរពេទ្យដើម្បី
ពិនិត្យព្រះរោគ ហើយលទ្ធផលបញ្ជាក់ថាជំងឺមហារីករបស់ព្រះអង្គបានធូរ
ស្រាលជាងមុនហើយ។

សម្តេចសីហនុ ដែលមានព្រះជន្ម៨៦ព្រះវស្សាបានចាកចេញពីមាតុប្រទេស
កាលពីខែកក្កដាឆ្នាំមុនដើម្បីទៅសម្រាកព្យាបាលព្រះកាយនៅទីក្រុងប៉េកាំង
បានមានប្រសាសន៍កាលពីខែធ្នូថា វេជ្ជបណ្ឌិតជនជាតិចិនរបស់ទ្រង់បានរក
ឃើញជំងឺមហារីកថ្មីមួយទៀតនៅក្នុងព្រះកាយរបស់ព្រះអង្គ។
អតីតព្រះមហាក្សត្រខ្មែរមួយព្រះអង្គនេះ ដើមឡើយមានជំងឺមហារីកម្យ៉ាង
ដែលជះឥទ្ធិពលដល់កោសិកាឈាមនិងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធទប់ទល់
មេរោគនៅក្នុងព្រះកាយរបស់ទ្រង់៕
ដកស្រង់khmer.radioaustralia.net.au


Read more »

ទាហាន​ថៃ​ត្រូវ​ចាប់​ខ្លួន​ខណៈ​លប​ចូល​ដី​ខ្មែរ​ជាមួយ​គ្រាប់​មីន​ក្នុង​ដៃ

Posted by: SAMBOhengnews / Category: ,


ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ជំរំ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០០៨
រូបភាពRFA
នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ ជន​ជាតិ​ថៃ​ម្នាក់​បាន​ត្រូវ​ចាប់​ខ្លួន ខណៈ​លប​លួច​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ នៅ​អន្លង់វែង ដោយ​ប៉ុនប៉ង​យក​មីន​ចូល​ទៅ​ក្បែរ​បន្ទាយ​ទាហាន​ខ្មែរ។
ជន​ជាតិ​ថៃ​រូប​នេះ​ធ្លាប់​ត្រូវ​ចាប់​ម្តង​ហើយ តែ​បាន​ត្រូវ​បញ្ជូន​ទៅ​ថៃ​វិញ។
កង​រក្សា​ព្រំដែន​ខ្មែរ​នៅ​តំបន់​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា គេ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែល​ក្នុង​ដៃ​មាន​គ្រាប់​មីន ហើយ​ព្យាយាម​លួច​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ។
មន្ត្រី​យោធា​ព្រំដែន​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រចាំ​កង​ល្បាត​ទី​៣ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​មីនា ថា បុរស​ជន​ជាតិ​ថៃ​ឈ្មោះ ស៊ុផាប វង្ស​ប្រៈ អាយុ​ប្រមាណ​៣៩​ឆ្នាំ ត្រូវ​កង​ល្បាត​របស់​លោក​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ដោយសារ​ជន​នោះ​មាន​កាន់​គ្រាប់​មីន​ប្រភេទ​៦៩​មួយ​គ្រាប់​នៅ​ជាប់​នឹង​ដៃ ហើយ​បាន​ព្យាយាម​លួច​ចូល​ទៅ​ក្បែរ​បន្ទាយ​ទាហាន​ខ្មែរ​នៅ​តំបន់​ចម្ការ​ស្វាយ​របស់​អតីត​មេ​ខ្មែរក្រហម​តាម៉ុក ជិត​តំបន់​ប៉ោយ​តារួន លើ​ខ្នង​ភ្នំ​ដង​រែក។
មន្ត្រី​យោធា​ដដែល​បាន​និយាយ​ថា គេ​នៅ​សង្ស័យ​ថា បុរស​ជន​ជាតិ​ថៃ​ម្នាក់​នោះ​អាច​លួច​ចូល​មក​ដាក់​គ្រាប់​មីន​ដើម្បី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​កង​ល្បាត​កំពុង​រុករក​ខ្លាច​ក្រែង​មាន​គ្រាប់​មីន​ផ្សេង​ទៀត​ដែល​ជន​នោះ​អាច​លាក់​ទុក ៖ «ចាប់​បាន​ល្ងាច​ម៉ោង ៥ និង ៣០​នាទី។ វា​ចូល​មក​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ ពី​បន្ទាយ​ខ្មែរ... ក្នុង​ទឹក​ដី​យើង។ មាន ៦៩​មួយ​គ្រាប់ ហើយ​ផ្សេង​ៗ​ទៀត មិន​ដឹង​ជា​នៅ​កន្លែង​ណា​សួរ​អត់​ចេញ»។
តាម​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ជាតិ​ថៃ​ម្នាក់​នោះ​មិន​ដឹង​ច្បាស់​ពី​មុខងារ​របស់​គេ​ពិត​ប្រាកដ​នៅ​ឡើយ​ដោយ​តាមរយៈ​សាកសួរ​គេ​បាន​ឆ្លើយ​ម្តង​ថា ធ្វើ​ទាហាន​ឈុត​ខ្មៅ​និង​ម្តង​ថា ជា​ប្រជាពលរដ្ឋ។
អនុប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រចាំ​ច្រក​ជាំសាង៉ាំ លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា បុរស​ជន​ជាតិ​ថៃ​ម្នាក់​នោះ​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​បញ្ជា​ពី​ថ្នាក់​លើ​ថា ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​របស់​គេ​វិញ​ឬ​យ៉ាង​ណា​នោះ។
លោក តូច រ៉ា បាន​មាន​ប្រសាសន៍​ទៀត​ថា បុរស​ជន​ជាតិ​ថៃ​ឈ្មោះ ស៊ុផាប នេះ បាន​លប​លួច​ចូល​ព្រំដែន​ខ្មែរ​ចំនួន ២​លើក​មក​ហើយ នៅ​ក្នុង​ខែ​កុម្ភៈ ដោយ​លើក​មុន​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ។
លោក តូច រ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «នៅ​យើង​នៅ​ឡើយ។ យើង​កំពុង​តែ​សួរ​សិន សួរ​ហើយ​ចាំ​ជម្រាប​ទៅ​ថ្នាក់​លើ ឲ្យ​ថ្នាក់​លើ​ឲ្យ​យោបល់​យ៉ាង​ម៉េច​បាន​យើង​គិត​តាម​ហ្នឹង ព្រោះ ស៊ុផាប ហ្នឹង ប្រមាណ​បួន​ដប់​ថ្ងៃ​មុន កង​ល្បាត​ភាគី​យើង​ចាប់​បាន​ដែរ កាល​ហ្នុង​វា​មក​ដុត​ព្រៃ​ដុត​អី​ហ្នឹង យើង​ចាប់​បាន​ម្ដង ហើយ​យើង​បញ្ជូន​វិញ​ដែរ នេះ​លើក​ទី​២​ហើយ​ដែល​មក​នេះ»។
ទោះ​យ៉ាង​ណា​នៅ​ថ្ងៃ​អាទិត្យ​នេះ មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដើម្បី​សុំ​ប្រតិកម្ម​បញ្ហា​នេះ​បាន​ទេ។
មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ខេត្ត​ឧត្ត​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ខ្មែរ​បាន​បង្កើន​ការ​ដើរ​ល្បាត​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-ថៃ​បន្ថែម​ទៀត ដោយសារ​ក្នុង​អំឡុង​ចុង​ខែ​កុម្ភៈ​នេះ គេ​សម្គាល់​ឃើញ​បុរស​ជន​ជាតិ​ថៃ​ជា​ញឹក​ញាប់​ដែល​ធ្វើ​ជា​របៀប​វងេ្វង​ផ្លូវ​ហើយ​ចូល​មក​ក្នុង​តំបន់​ព្រំដែន​ខ្មែរ​ជិតៗកន្លែង​ទាហាន​ខ្មែរ​បោះ​ទីតាំង​នៅ។
តាម​មន្ត្រី​យោធា​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​មក បុរស​ជន​ជាតិ​ថៃ​មា្នក់​បាន​ចូល​ព្រំដែន​ខ្មែរ​នៅ​តំបន់​ថ្គាម​រមាស​ក្រោម អតីត​ជំរំ​ជន​ភៀស​ខ្លួន​តាទុំ ដោយ​ជន​ជាតិ​ថៃ​រូប​នោះ​ថា វង្វេង​ផ្លូវ ហើយ​កង​ព្រំដែន​ខ្មែរ​បាន​ចាប់​បញ្ជូន​ទៅ​ខេត្ត​សុរិន្ទ​វិញ៕
ដកស្រង់ពីRFA


Read more »

អៀង ធីរិទ្ធ៖ កុំ​ចោទ​ខ្ញុំ​ថា​ជា​ឃាតករ ប្រយ័ត្ន​ចុះ​នរក​៧​ជាន់

Posted by: SAMBOhengnews / Category: ,


អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច អៀង ធីរិទ្ធ នៃ​របប​ខ្មែរ​ក្រហម អាយុ ៧៦​ឆ្នាំ អង្គុយ​នៅ​ក្នុង​សវនាការ​របស់​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី ៩ កក្កដា ២០០៨
រូបភាពពីRFA
ជន​ត្រូវ​ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​ប្រឆាំង​ការ​ឃុំ​ខ្លួន​បន្ថែម នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ឆ្លើយ​តប​ដោយ​ការ​ខឹង​សម្បា​ចំពោះ​ការ​លើក​ឡើង​ដែល​ថា លោកស្រី​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មួយ​ចំនួន ដែល​រួម​មាន​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម នួន ជា និង កាំង ហ្កិចអ៊ាវ ហៅ ឌុច ជា​អតីត​មេ​គុក​ទួលស្លែង​នោះ។
ការ​ថ្លែង​បដិសេធ​នោះ គឺ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ជំនួយការ​សហ​ព្រះរាជអាជ្ញា គឺ​លោក សេង ប៊ុនឃាង បាន​ថ្លែង​ក្នុង​សវនាការ​ថា មាន​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់ អៀង ធីរិទ្ធ ជាមួយ​ក្រុម​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត និង​ការ​ទទួល​ខុស​ត្រូវ​របស់​លោកស្រី​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​នោះ។
ក៏​ប៉ុន្តែ ជន​ត្រូវ​ចោទ អៀង ធីរិទ្ធ ឆ្លើយ​បដិសេធ​ទាំង​ខឹង​សម្បា ដោយ​បាន​និយាយ​ជា​ភាសា​ខ្មែរ​ផង និង​ភាសា​អង់គ្លេស​ផង​យ៉ាង​ដូច្នេះ​ថា ៖ «យក​ខ្ញុំ​ទៅ​ភ្ជាប់​ជាមួយ ឌុច គឺ​មិន​ត្រូវ​ជា​ដាច់​ខាត ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​ទេ ទៅ​ស៊ើប​មើល​ខ្លួន​ឯង​ទៅ ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​ទេ។ កន្លង​មក ខ្ញុំ​ទៅ​ផ្សាយ​វិទ្យុ​នៅ​ហាណូយ ព្រោះ​នៅ​ភ្នំពេញ​មាន​ការ​ទម្លាក់​គ្រាប់​បែក។ ផ្សាយ​វិទ្យុ​នៅ​ហាណូយ​អស់ ៣​ឆ្នាំ កូន​សិស្ស​ទៅ​តាម​ខ្ញុំ​រាប់​រយ​នាក់។ នៅ​ឆ្នាំ​១៩៧៥ ខាង​លោក ប៉ុល ពត គាត់​ហៅ​ខ្ញុំ​និង​ក្រុម​ខ្ញុំ​ចូល​មក​ស្រុក​វិញ មក​តាម​ប្រទេស​ចិន ពេល​នោះ​ដោយ​មាន​សមមិត្ត​ចិន​អ្នក​ដឹកនាំ​មក​ស្រុក​ខ្មែរ​មុន ខ្ញុំ​ក៏​ជិះ​យន្តហោះ​ពិសេស​ជាមួយ​សមមិត្ត​ចិន​ម្នាក់​ឯង ហើយ​ស្អែក​ឡើង​បាន​ពួក​ក្មួយៗ​ប្រុស​ស្រី​ទាំង​អស់​ហ្នឹង​នាំ​គ្នា​ជិះ​កប៉ាល់​ហោះ​មក​ដល់​ស្រុក​ខ្មែរ​ក្រោយ​ខ្ញុំ​មួយ​ថ្ងៃ។ ដូច្នេះ​ខ្ញុំ​គ្មាន​ជំពាក់​ជំពិន​អី​ជាមួយ នួន ជា អី ខ្ញុំ​គ្មាន​ទេ ប៉ុន្តែ នួន ជា ធ្វើ​អី ខ្ញុំ​ដឹង សម្លាប់​មនុស្ស​យ៉ាង​ម៉េច ខ្ញុំ​ដឹង​ទាំង​អស់។ ខ្ញុំ​សូម​ជម្រាប​ប៉ុណ្ណឹង ខ្ញុំ​ដឹង​ថា មនុស្ស​ដែល​ស្លាប់ អ្នក​ណា​ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់ គឺ កាំង ហ្កិចអ៊ាវ អ្នក​បញ្ជា​ឲ្យ​សម្លាប់ អាហ្នឹង​ខ្ញុំ​ដឹង»។
សូម​ជម្រាប​ថា អៀង ធីរិទ្ធ អាយុ​៧៧​ឆ្នាំ បាន​រង​ការ​ចោទ​លើ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​រួម​មាន​អំពើ​មនុស្ស​ឃាត ការ​សម្លាប់​បំផុត​ពូជ​លើ​ពលរដ្ឋ​នា​អំឡុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។
លោកស្រី​ត្រូវ​បាន​ឃាត់​ខ្លួន​ជាមួយ​ប្តី​របស់​លោកស្រី គឺ​លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម និង​បាន​ជាប់​ឃុំ​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៧​មក។
អៀង ធីរិទ្ធ តប​ចំពោះ​ការ​ចោទ​ទៀត​ថា ៖ «កុំ​មក​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស ខ្ញុំ​ជា​អ្នក​មាន​ពូជ​តាំង​ពី​ដើម​មក ខ្ញុំ​មក​ចោទ​ខ្ញុំ​ថា​ជា​ឃាតករ ប្រយ័ត្ន​ចុះ​នរក​៧​ជាន់ ងើប​មិន​រួច»។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អៀង ធីរិទ្ធ ទទួល​ស្គាល់​ថា គាត់​ជា​អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​ក្រសួង​និង​ទទួល​ស្គាល់​ថា គាត់​បាន​ដឹង​ឮ​អំពី​ការ​ស្លាប់​មនុស្ស​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ផង។
ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ឲ្យ អៀង ធីរិទ្ធ គឺ​លោក​មេធាវី ផាត់ ពៅស៊ាង បាន​ទាមទារ​ដោះលែង​កូន​ក្តី​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។
ប៉ុន្តែ​នៅ​វេលា​ម៉ោង​១​ថ្ងៃ​ដដែល​នេះ អៀង ធីរិទ្ធ ត្រូវ​ក្រុម​សន្តិសុខ​នាំ​ទៅ​កាន់​មន្ទីរ​ឃុំឃាំង​វិញ ហើយ​សេចក្តី​សម្រេច​ចំពោះ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ឃុំ​ខ្លួន​បន្ត ឬ​យ៉ាង​ណា​នោះ គឺ​នឹង​ត្រូវ​ប្រកាស​នៅ​វេលា​ក្រោយ៕
ដកស្រង់ពីRFA


Read more »

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​គេច​ខ្លួន​សម្ដែង​ការ​បារម្ភ​ពី​សុវត្ថិភាព

Posted by: SAMBOhengnews / Category: ,


ទីតាំងកម្ពុជាក្រោម

លោក ស្រី សុធី តំណាង​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ខែត្រ​ស្វាយរៀង ដែល​កំពុង​គេច​ខ្លួន​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​និង​ ក្រុម​គ្រួសារ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សហគមន៏​ជាតិ​និង ​អន្តរជាតិ​ជុំវិញ​ការ​តាម​រក​ចាប់​ខ្លួន​លោក​សួរ​ចម្លើយ​របស់​ក្រុម​ អាជ្ញាធរ​ខែត្រ​ស្វាយរៀង ដែល​រួម​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម។

លោក ស្រី សុធី ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង បាន​គេច​ខ្លួន កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ​នេះ ទាក់​ទង​នឹង​បញ្ហា​សៀវភៅ​បី​ក្បាល​នៅ​ផ្ទះ​របស់​លោក​ដែល​ត្រូវ​ញាតិ​សន្តាន​ មក​ពី​ទឹក​ដី​កម្ពុជា​ក្រោម យក​ទៅ​ជាមួយ។

លោក ស្រី សុធី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បាន​សួរ​ខ្ញុំ​ថា​សុខ​ សប្បាយ​ដែរ​ឬ​ទេ? ខ្ញុំ​ថា​សុខ​សប្បាយ​ទេ។ គាត់​ប្រាប់​ខ្ញុំ​ថា មាន​គេ ២​នាក់​ឡើង​ពី​ហ្នឹង​មក​ដើម្បី​តាមដាន​រក​ចាប់​ខ្ញុំ​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ ផ្ដាំ​ខ្ញុំ​ថា​កុំ​ឲ្យ​ចេញ​ដើរ​ពាស​ពេញ​ឲ្យ​សោះ។ ខ្ញុំ​មក​ជ្រក​កោន​នេះ គឺ​ទី​១ ចិត្ត​របស់​ខ្ញុំ​សុំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ជួយ​សម្រប​សម្រួល​ដោះស្រាយ​ ជាមួយ​នឹង​រាជ​រដ្ឋាភិបាល ឬ​មួយ​ក៏​អង្គការ​អន្តរជាតិ សូម​ឲ្យ​លោក​ជួយ​ដោះស្រាយ​ឲ្យ​ខ្ញុំ​បាទ បាន​សេចក្ដី​សុខ​ចម្រើន ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុខ​សុវត្ថិភាព កុំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​អី​ត​ទៅ​ទៀត។ ក៏​ប៉ុន្តែ​នៅ​តែ​ខ្លាច​ខ្ញុំ​មិន​ហ៊ាន​ទេ ឲ្យ​ទៅ​ផ្ទះ​វិញ​មិន​ហ៊ាន​តែ​ម្ដង»។

សូម​រំឭក​ជូន​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ១២​នាក់ ដែល​យក​សៀវភៅ​បី​ក្បាល​ទៅ​ជាមួយ​នោះ គឺ​មាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ក្រោម សម្រាប់​សិស្ស​ថ្នាក់​ទី​៣ និង​ទី​៤ សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​កម្ពុជា​ក្រោម និង​សៀវភៅ​ទី​៣ អំពី​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នៅ​ស្រុក​ថ្មសុរិន ខែត្រ​កំពង់គោ ដែល​វៀតណាម​ហៅ​ស្រុក​ឌឹកវ៉េ ខែត្រ​ឡុងអាង កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​មក​នេះ បន្ទាប់​ពី​អ្នក​ទាំង​នោះ មក​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​ឃុំ​ទួលស្តី ស្រុក​ចន្ទ្រា ខែត្រ​ស្វាយរៀង មក។

លោក ស្រី សុធី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ការ​តាម​ចាប់​ខ្លួន​នោះ គឺ​ចំ​ពេល​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ថា​ផ្ទះ​សម្បែង​របស់​លោក បាន​ត្រូវ​អាជ្ញាធរ​ខែត្រ​ស្វាយរៀង រួម​សហការ​ជាមួយ​ភ្នាក់ងារ​វៀតណាម ធ្វើការ​ឆែកឆេរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក​ឬ​ភរិយា​លោក​ជា​មុន​ឡើយ។

ទាក់ទង​នឹង​សៀវភៅ​ទាំង​បី​ក្បាល​នោះ លោក កឹម ប៊ុកកែវ ប្រធាន​រដ្ឋបាល​នៃ​សមាគម​មិត្ត​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា គឺ​ជា​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្ថាប័ន​សមត្ថកិច្ច​ដែល​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។

លោក កឹម ប៊ុកកែវ បន្ត​ថា ដោយ​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​ស្រាប់ លោក​គិត​ថា ការ​ដែល​ខ្មែរ​ក្រោម​ចង់​ចេះ​ដឹង​អំពី​វិជ្ជា​ខ្មែរ​នោះ គឺ​ពុំ​មាន​អ្វី​ប្លែក​ទេ។ ចំណែក​ឯ​វៀតណាម តែង​ឆេកឆេរ​ហាម​ឃាត់​ជា​រហូត​មក។

សូម​រំឭក​ថា អតីត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ភ្នំដិន នៃ​ខែត្រ​តាកែវ បាន​ត្រូវ​ចាប់​ផ្សឹក​ដោយ​សម្តេច​ព្រះសង្ឃរាជ និង​អាជ្ញាធរ​កម្ពុជា ហើយ​បញ្ជូន​ទៅ​ឲ្យ​ក្រុង​ហាណូយ​ដាក់​គុក​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ ដោយ​មូលហេតុ​នៃ​ការ​មាន​ព្រឹត្តិបត្រ​និង​ឯកសារ​ផ្សេងៗ ផលិត​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក។

ទោះ​ជា​យ៉ាង​ណា​ក្តី យើង​ពុំ​ទាន់​អាច​រក​សេចក្តី​បញ្ជាក់​ពី​មន្ត្រី​ផ្លូវការ​ណា​ម្នាក់​នៃ​ ក្រសួង​មហាផ្ទៃ​ចំពោះ​ហេតុការណ៍​នេះ បាន​ភ្លាមៗ​ទេ៕
ដកស្រង់ពីRFA


Read more »