អៀង ធីរិទ្ធ៖ កុំចោទខ្ញុំថាជាឃាតករ ប្រយ័ត្នចុះនរក៧ជាន់
Posted by: SAMBOhengnews / Category: Cambodia. Phnom Penh, Ieng Thirit
អតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ នៃរបបខ្មែរក្រហម អាយុ ៧៦ឆ្នាំ អង្គុយនៅក្នុងសវនាការរបស់សាលាក្ដីខ្មែរក្រហម នាថ្ងៃទី ៩ កក្កដា ២០០៨
រូបភាពពីRFA
ជនត្រូវចោទ អៀង ធីរិទ្ធ នៅក្នុងសវនាការប្រឆាំងការឃុំខ្លួនបន្ថែម នាព្រឹកថ្ងៃអង្គារនេះ បានឆ្លើយតបដោយការខឹងសម្បាចំពោះការលើកឡើងដែលថា លោកស្រីមានជាប់ពាក់ព័ន្ធជាមួយក្រុមអតីតមេដឹកនាំខ្មែរក្រហមមួយចំនួន ដែលរួមមានអតីតប្រធានសភាខ្មែរក្រហម នួន ជា និង កាំង ហ្កិចអ៊ាវ ហៅ ឌុច ជាអតីតមេគុកទួលស្លែងនោះ។
ការថ្លែងបដិសេធនោះ គឺបានធ្វើឡើង បន្ទាប់ពីជំនួយការសហព្រះរាជអាជ្ញា គឺលោក សេង ប៊ុនឃាង បានថ្លែងក្នុងសវនាការថា មានភស្តុតាងជាច្រើនដែលបង្ហាញអំពីការជាប់ពាក់ព័ន្ធរបស់ អៀង ធីរិទ្ធ ជាមួយក្រុមអតីតមេដឹកនាំខ្មែរក្រហមដទៃទៀត និងការទទួលខុសត្រូវរបស់លោកស្រីចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនោះ។
ក៏ប៉ុន្តែ ជនត្រូវចោទ អៀង ធីរិទ្ធ ឆ្លើយបដិសេធទាំងខឹងសម្បា ដោយបាននិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផងយ៉ាងដូច្នេះថា ៖ «យកខ្ញុំទៅភ្ជាប់ជាមួយ ឌុច គឺមិនត្រូវជាដាច់ខាត ខ្ញុំគ្មានពាក់ព័ន្ធទេ ទៅស៊ើបមើលខ្លួនឯងទៅ ខ្ញុំគ្មានពាក់ព័ន្ធទេ។ កន្លងមក ខ្ញុំទៅផ្សាយវិទ្យុនៅហាណូយ ព្រោះនៅភ្នំពេញមានការទម្លាក់គ្រាប់បែក។ ផ្សាយវិទ្យុនៅហាណូយអស់ ៣ឆ្នាំ កូនសិស្សទៅតាមខ្ញុំរាប់រយនាក់។ នៅឆ្នាំ១៩៧៥ ខាងលោក ប៉ុល ពត គាត់ហៅខ្ញុំនិងក្រុមខ្ញុំចូលមកស្រុកវិញ មកតាមប្រទេសចិន ពេលនោះដោយមានសមមិត្តចិនអ្នកដឹកនាំមកស្រុកខ្មែរមុន ខ្ញុំក៏ជិះយន្តហោះពិសេសជាមួយសមមិត្តចិនម្នាក់ឯង ហើយស្អែកឡើងបានពួកក្មួយៗប្រុសស្រីទាំងអស់ហ្នឹងនាំគ្នាជិះកប៉ាល់ហោះមកដល់ស្រុកខ្មែរក្រោយខ្ញុំមួយថ្ងៃ។ ដូច្នេះខ្ញុំគ្មានជំពាក់ជំពិនអីជាមួយ នួន ជា អី ខ្ញុំគ្មានទេ ប៉ុន្តែ នួន ជា ធ្វើអី ខ្ញុំដឹង សម្លាប់មនុស្សយ៉ាងម៉េច ខ្ញុំដឹងទាំងអស់។ ខ្ញុំសូមជម្រាបប៉ុណ្ណឹង ខ្ញុំដឹងថា មនុស្សដែលស្លាប់ អ្នកណាជាអ្នកបញ្ជាឲ្យសម្លាប់ គឺ កាំង ហ្កិចអ៊ាវ អ្នកបញ្ជាឲ្យសម្លាប់ អាហ្នឹងខ្ញុំដឹង»។
សូមជម្រាបថា អៀង ធីរិទ្ធ អាយុ៧៧ឆ្នាំ បានរងការចោទលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលរួមមានអំពើមនុស្សឃាត ការសម្លាប់បំផុតពូជលើពលរដ្ឋនាអំឡុងរបបវាលពិឃាតខ្មែរក្រហម។
លោកស្រីត្រូវបានឃាត់ខ្លួនជាមួយប្តីរបស់លោកស្រី គឺលោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម និងបានជាប់ឃុំតាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក។
អៀង ធីរិទ្ធ តបចំពោះការចោទទៀតថា ៖ «កុំមកចោទខ្ញុំផ្ដេសផ្ដាស ខ្ញុំជាអ្នកមានពូជតាំងពីដើមមក ខ្ញុំមកចោទខ្ញុំថាជាឃាតករ ប្រយ័ត្នចុះនរក៧ជាន់ ងើបមិនរួច»។
ទោះបីជាយ៉ាងណាក៏ដោយ អៀង ធីរិទ្ធ ទទួលស្គាល់ថា គាត់ជាអតីតរដ្ឋមន្ត្រីសង្គមកិច្ចក្រសួងនិងទទួលស្គាល់ថា គាត់បានដឹងឮអំពីការស្លាប់មនុស្សក្នុងរបបខ្មែរក្រហមនោះផង។
ចំណែកឯមេធាវីការពារក្ដីឲ្យ អៀង ធីរិទ្ធ គឺលោកមេធាវី ផាត់ ពៅស៊ាង បានទាមទារដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំ ដោយដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ប៉ុន្តែនៅវេលាម៉ោង១ថ្ងៃដដែលនេះ អៀង ធីរិទ្ធ ត្រូវក្រុមសន្តិសុខនាំទៅកាន់មន្ទីរឃុំឃាំងវិញ ហើយសេចក្តីសម្រេចចំពោះបណ្តឹងឧទ្ធរណ៍ប្រឆាំងការឃុំខ្លួនបន្ត ឬយ៉ាងណានោះ គឺនឹងត្រូវប្រកាសនៅវេលាក្រោយ៕
ដកស្រង់ពីRFA