ពលរដ្ឋខ្មែរក្រោមដែលកំពុងគេចខ្លួនសម្ដែងការបារម្ភពីសុវត្ថិភាព
Posted by: SAMBOhengnews / Category: Cambodia, VietNam
ទីតាំងកម្ពុជាក្រោម
លោក ស្រី សុធី តំណាងមិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខែត្រស្វាយរៀង ដែលកំពុងគេចខ្លួនដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននិង ក្រុមគ្រួសារបានស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីសហគមន៏ជាតិនិង អន្តរជាតិជុំវិញការតាមរកចាប់ខ្លួនលោកសួរចម្លើយរបស់ក្រុម អាជ្ញាធរខែត្រស្វាយរៀង ដែលរួមសហការជាមួយអាជ្ញាធរវៀតណាម។
លោក ស្រី សុធី ដែលមានទីលំនៅអចិន្ត្រៃយ៍នៅឃុំទួលស្តី ស្រុកចន្ទ្រា ខែត្រស្វាយរៀង បានគេចខ្លួន កាលពីថ្ងៃទី២០ កុម្ភៈនេះ ទាក់ទងនឹងបញ្ហាសៀវភៅបីក្បាលនៅផ្ទះរបស់លោកដែលត្រូវញាតិសន្តាន មកពីទឹកដីកម្ពុជាក្រោម យកទៅជាមួយ។
លោក ស្រី សុធី មានប្រសាសន៍ដូច្នេះថា ៖ «បានសួរខ្ញុំថាសុខ សប្បាយដែរឬទេ? ខ្ញុំថាសុខសប្បាយទេ។ គាត់ប្រាប់ខ្ញុំថា មានគេ ២នាក់ឡើងពីហ្នឹងមកដើម្បីតាមដានរកចាប់ខ្ញុំនៅឯទីក្រុងភ្នំពេញ។ ផ្ដាំខ្ញុំថាកុំឲ្យចេញដើរពាសពេញឲ្យសោះ។ ខ្ញុំមកជ្រកកោននេះ គឺទី១ ចិត្តរបស់ខ្ញុំសុំឲ្យអង្គការសហប្រជាជាតិជួយសម្របសម្រួលដោះស្រាយ ជាមួយនឹងរាជរដ្ឋាភិបាល ឬមួយក៏អង្គការអន្តរជាតិ សូមឲ្យលោកជួយដោះស្រាយឲ្យខ្ញុំបាទ បានសេចក្ដីសុខចម្រើន ហើយវិលត្រឡប់ទៅផ្ទះវិញដោយសុខសុវត្ថិភាព កុំឲ្យមានការចាប់ខ្លួនអីតទៅទៀត។ ក៏ប៉ុន្តែនៅតែខ្លាចខ្ញុំមិនហ៊ានទេ ឲ្យទៅផ្ទះវិញមិនហ៊ានតែម្ដង»។
សូមរំឭកជូនថា ពលរដ្ឋខ្មែរក្រោម ១២នាក់ ដែលយកសៀវភៅបីក្បាលទៅជាមួយនោះ គឺមានសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោម សម្រាប់សិស្សថ្នាក់ទី៣ និងទី៤ សៀវភៅប្រជុំរឿងព្រេងខ្មែរកម្ពុជាក្រោម និងសៀវភៅទី៣ អំពីស្ត្រីខ្មែរកម្ពុជាក្រោម ដែលបានត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួននៅស្រុកថ្មសុរិន ខែត្រកំពង់គោ ដែលវៀតណាមហៅស្រុកឌឹកវ៉េ ខែត្រឡុងអាង កាលពីថ្ងៃទី១៥ កុម្ភៈ កន្លងមកនេះ បន្ទាប់ពីអ្នកទាំងនោះ មកចូលរួមក្នុងពិធីមង្គលការនៅឃុំទួលស្តី ស្រុកចន្ទ្រា ខែត្រស្វាយរៀង មក។
លោក ស្រី សុធី ឲ្យដឹងថា នៅថ្ងៃការតាមចាប់ខ្លួននោះ គឺចំពេលលោកកំពុងបំពេញបេសកកម្មនៅទីក្រុងភ្នំពេញ ហើយថាផ្ទះសម្បែងរបស់លោក បានត្រូវអាជ្ញាធរខែត្រស្វាយរៀង រួមសហការជាមួយភ្នាក់ងារវៀតណាម ធ្វើការឆែកឆេរដោយគ្មានការអនុញ្ញាតពីលោកឬភរិយាលោកជាមុនឡើយ។
ទាក់ទងនឹងសៀវភៅទាំងបីក្បាលនោះ លោក កឹម ប៊ុកកែវ ប្រធានរដ្ឋបាលនៃសមាគមមិត្តខ្មែរកម្ពុជាក្រោម ឲ្យដឹងថា គឺជាសៀវភៅដែលបោះពុម្ពផ្សាយក្នុងប្រទេសកម្ពុជា ដោយស្ថាប័នសមត្ថកិច្ចដែលមានការអនុញ្ញាតត្រឹមត្រូវ។
លោក កឹម ប៊ុកកែវ បន្តថា ដោយមានដើមកំណើតជាខ្មែរកម្ពុជាក្រោមស្រាប់ លោកគិតថា ការដែលខ្មែរក្រោមចង់ចេះដឹងអំពីវិជ្ជាខ្មែរនោះ គឺពុំមានអ្វីប្លែកទេ។ ចំណែកឯវៀតណាម តែងឆេកឆេរហាមឃាត់ជារហូតមក។
សូមរំឭកថា អតីតព្រះគ្រូចៅអធិការវត្តភ្នំដិន នៃខែត្រតាកែវ បានត្រូវចាប់ផ្សឹកដោយសម្តេចព្រះសង្ឃរាជ និងអាជ្ញាធរកម្ពុជា ហើយបញ្ជូនទៅឲ្យក្រុងហាណូយដាក់គុកកាលពីឆ្នាំ២០០៧ កន្លងទៅ ដោយមូលហេតុនៃការមានព្រឹត្តិបត្រនិងឯកសារផ្សេងៗ ផលិតឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក្តី យើងពុំទាន់អាចរកសេចក្តីបញ្ជាក់ពីមន្ត្រីផ្លូវការណាម្នាក់នៃ ក្រសួងមហាផ្ទៃចំពោះហេតុការណ៍នេះ បានភ្លាមៗទេ៕
ដកស្រង់ពីRFA