រោងចក្រកាត់ដេរមួយចំនួនបិទទ្វារខណៈដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

Posted by: SAMBOhengnews / Category:

រូបភាពពីRFA
ប្រភពពីសមាគមកាត់ដេរកម្ពុជាបានឲ្យដឹងថា យ៉ាងហោចណាស់មានរោងចក្រកាត់ដេរធំៗបង្គួរប្រហែល ១០រោងចក្រ កំពុងព្យួរកាងារបណ្តោះអាសន្ន ជាមួយនឹងកម្មករជាច្រើនម៉ឺននាក់ដែលកំពុងប្រឈមមុខនឹងបញ្ហាអត់ ការងារធ្វើ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អ្នកសម្របសម្រួលជម្លោះកាងារនៃសមាគមកាត់ដេរកម្ពុជា លោក ជាតិ ខេមរា បានអះអាងថា រោងចក្រតូចៗដែលមានកម្មករប្រហែល ១០០នាក់ ឬ ២០០នាក់ បានបិទទ្វារជាបន្តបន្ទាប់ នៅគ្រាដែលសេដ្ឋកិច្ចរបស់ពិភពលោកកំពុងដាំក្បាលចុះ។
លោក ជាតិ ខេមរា មានប្រសាសន៍ថា ៖ «បើសិនជាមិនមានការអនុគ្រោះ នូវប្រការណាមួយ សហរដ្ឋអាមេរិក យើងសព្វថ្ងៃ វាវិបត្តិហិរញ្ញវត្ថុនៅអាមេរិក ធ្លាក់មកដល់អឺរ៉ុប ហើយក៏ធ្លាក់មកដល់អាស៊ី វាប៉ះពាល់ទៅដល់ទីផ្សារទិញសម្លៀកបំពាក់ ជាពិសេសការទិញរបស់របរប្រើប្រាស់ត្បិតត្បៀត។ ហើយបើការទិញត្បិតត្បៀតវិស័យសម្លៀកបំពាក់របស់យើងដែលហូរចូលទៅ ក្នុងស្រុកគេគ្រប់តំបន់ហ្នឹង វាត្រូវកាត់បន្ថយនូវការប្រើប្រាស់ នៅពេលដែលកុម្ម៉ង់ទិញហ្នឹងកម្រិតទាបហើយ អ៊ីចឹងយើងនៅទីផ្សារសេរីក្នុងតំបន់ យើងប្រាកដជាប្រណាំងប្រជែងដើម្បីទទួល Order យកមកដេរហើយ។ ការប្រណាំងប្រជែងទទួលហ្នឹងដោយសារការកុម្ម៉ង់ទិញតិច អ៊ីចឹងគេត្រូវទម្លាក់តម្លៃហើយ»។
វិស័យកាត់ដេរនៅកម្ពុជាបាននាំមុខគេនៅក្នុងប្រាក់ចំណូលរបស់ រដ្ឋ ដែលមានកម្មករប្រហែល ៣៣ម៉ឺននាក់ បម្រើការងារនៅក្នុងផ្នែកនេះ។ ការផលិតសម្លៀកបំពាក់នៅកម្ពុជា បាននាំចេញទៅកាន់ទីផ្សារសំខាន់ៗ គឺសហរដ្ឋអាមេរិកនិងអឺរ៉ុប។
នៅគ្រាដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច មនុស្សជាច្រើនអត់មានការងារធ្វើ បាននាំឲ្យការចំណាយប្រចាំថ្ងៃត្រូវកាត់បន្ថយ ក្នុងនោះមានសម្លៀកបំពាក់ផងដែរ។
នាយកផ្នែករដ្ឋបាលនៃរោងចក្រកាត់ដេរមួយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការប្រកួតប្រជែងក្នុងការចាប់យកអ្នកបញ្ជាទិញកាន់តែពិបាកទៅៗនៅ ក្នុងកាលៈទេសៈនេះ ដោយខ្សត់អ្នកបញ្ជាទិញ ហៅថា Buyer នៅពេលដែលទំនិញរបស់ពួកគេមិនទាន់បញ្ចេញអស់ពីឃ្លាំងនៅឡើយ។ តម្លៃដែល Buyer ដាក់ឲ្យរោងចក្រផលិត កាន់តែចុះទាបទៅៗ ដូច្នេះ រោងចក្រនីមួយៗបានពង្រឹងទាំងផ្នែកគុណភាពនិងតម្លៃដើម្បីទទួលបាន ការងារ ដូចជារោងចក្ររបស់លោកជាដើម។
លោកបន្តទៀតថា មានរោងចក្រជាច្រើនកំពុងប្រឈមមុខនឹងការបិទទ្វារ ហើយបើសិនជាស្ថានភាពនេះនៅតែបន្តតទៅមុខទៀត សូម្បីតែរោងចក្ររបស់លោកដែលមានកម្មករជាង៣ពាន់នាក់ កំពុងធ្វើការងារកំពុងស្ថិតក្នុងការភ័យព្រួយ។
លោកថ្លែងបន្ថែមថា ការដួលរលំរបស់រោងចក្រនៅកម្ពុជាងាយបំផុតនៅក្នុងស្ថានភាពនេះ បើសិនជាពុំមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលខ្មែរ ៖ «ព្រួយ បារម្ភខ្លាំងតែម្ដង។ សព្វថ្ងៃ អ្វីដែលយើងដឹងហ្នឹង រោងចក្រនៅក្នុងស្រុកខ្មែរយើង បិទបណ្ដើរៗ ដោយសារអត់មានកុម្ម៉ង់ទិញពីផ្នែកខាងក្រៅ អ៊ីចឹងរោងចក្រខាងខ្ញុំក៏មានប៉ះពាល់ តែដោយសារយើងសម្របតាមសភាពការណ៍ទៅ យើងអាចទប់បានដោយសារថា ដូចខ្ញុំនិយាយពីដើមអ៊ីចឹង យើងត្រូវការទម្លាក់តម្លៃយើង ហើយយើងត្រូវការធ្វើឲ្យបានល្អអីដើម្បីទាក់ទាញគេ។ អ្វីដែលសំខាន់បំផុតហ្នឹង ខាងរដ្ឋាភិបាលគួរតែរៀបចំច្បាប់ ដូចខាងសហជីពអីវាច្រើនខ្លាំងពេក ព្រោះសហជីពគាត់អត់ដឹងពីការលំបាករបស់រោងចក្រទេ គាត់ដឹងតែពីចង់បានស្អីមួយធ្វើស្អីមួយតាមរបៀបថា អនាធិបតេយ្យ ចង់ធ្វើស្អីធ្វើ ចង់ទាមទារអីទាមទារ។ នៅរោងចក្រនេះធ្វើកូដកម្ម ហើយមានទំនិញរបស់ខ្មែរយើងឲ្យគេ គេក៏មិនសប្បាយចិត្តដែរ ចំណុចហ្នឹងដែលធ្វើឲ្យមានបញ្ហា ពីព្រោះកាលៈទេសៈហ្នឹងយើងទទួលorder ហ្នឹងវាថោក ដើម្បីចិញ្ចឹមកម្មករឲ្យមានការងារធ្វើ បើក្នុងករណីរោងចក្រហ្នឹង អត់គ្រប់ការងារធ្វើ មិនយូរមិនឆាប់ហ្នឹងត្រូវរលំតែម្ដង ព្រោះយើងពឹងផ្អែកទៅលើការចិញ្ចឹមកម្មករ បើកាលណាយើងអត់គ្រប់ការងារធ្វើរោងចក្រហ្នឹងត្រូវដេកតែម្ដង»។
ដកស្រង់ពីRFA


0 comments: