វិបត្តិហិរញ្ញវត្ថុពិភពលោកប៉ះពាល់ដល់ការវិនិយោគទុននៅកម្ពុជា រឺ?
Posted by: SAMBOhengnews / Category: Cambodia
ការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងភ្នំពេញ
រូបថតពីRFA
ក្រោយពេលមានលេចចេញបាតុភាពវិបត្តិហិរញ្ញវត្ថុពិភពលោកដែលចាប់ផ្តើម ពីប្រទេសធំៗមក អ្នកសេដ្ឋកិច្ចបានវាយតម្លៃថា មានការប៉ះពាល់ជាមួយការវិនិយោគទុននៅកម្ពុជាជាពិសេសទាក់ទងជាមួយ គម្រោងសាងសង់អគារខ្ពស់ៗនៅកម្ពុជា។នៅពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោកបានកើតមាននិងបានជះឥទ្ធិពល មួយចំនួនដល់ប្រទេសខ្លះនៅលើពិភពលោក អ្នកវិនិយោគសំណង់អគារខ្ពស់ៗនៅកម្ពុជាមួយចំនួនបានទទួលស្គាល់ថា មានការប៉ះពាល់ដល់សកម្មភាពជំនួញមួយចំនួនរបស់ក្រុមហ៊ុនគេខ្លះមែនតែ ចំពោះគម្រោងសាងសង់អគារនិងការវិនិយោគរបស់ក្រុមហ៊ុនគេនៅកម្ពុជាគឺ តែមានសកម្មភាពជាធម្មតា។
លោក ញ៉ែម សុធា នាយកទីផ្សាររបស់ក្រុមហ៊ុន Ciputra ដែលមានគម្រោងសាងសង់ទីក្រុងរណបមួយឈ្មោះ Grand Phnom Penh International City លើផ្ទៃដីប្រមាណ២៦០ហិកតានៅខាងជើងទីក្រុងភ្នំពេញដែលត្រូវចំណាយ ប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកមានអ្នកវិនិយោគទុនមកពីប្រទេសឥណ្ឌូណេស៊ី ហើយចំពោះប្រទេសឥណ្ឌូណេស៊ីមិនបានហាមប្រាមមិនឲ្យនាំប្រាក់មក វិនិយោគនៅបរទេសនោះទេ។
ចំណែក លោក នៅ រតនា ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Yon Woo Cambodia ដែលជាក្រុមហ៊ុនសាងសង់អគារ Gold Tower កម្ពស់៤២ជាន់ មកពីប្រទេសកូរ៉េខាងត្បូង នៅកណ្តាលក្រុងភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃទី១៧ វិច្ឆិកា ឲ្យដឹងថា វិបត្តិពិភពលោកខាងហិរញ្ញវត្ថុមិនបានជះឥទ្ធិពលមកលើការសាងសង់អគារ ៤២ជាន់របស់ក្រុមហ៊ុនរបស់លោកនៅប្រទេសកម្ពុជាទេ ព្រោះលុយដែលសាងសង់អគារនោះមិនបានខ្ចីពីធនាគារឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី១៧ វិច្ឆិកា ថា វិបត្តិសេដ្ឋកិច្ចពិភពលោកនោះវាអាចប៉ះពាល់ជាមួយការនាំចេញរបស់ ប្រទេសកម្ពុជាផងដែរ៕
ដកស្រង់ពីRFA