ថ្លៃនាំចេញសម្លៀកបំពាក់ត្រូវបានកាត់បន្ថយដើម្បីជួយវិស័យកាត់ដេរ
Posted by: SAMBOhengnews / Category: Cambodia
កម្មការនីកាត់ដេរមួយកន្លែងក្នុងទីក្រុងភ្នំពេញ
រូបភាពពីRFA
លោកនាយករដ្ឋមន្ត្រីខ្មែរបានប្រកាសកាលពីសប្តាហ៍ទើបកន្លងទៅនេះ អំពីការកាត់បន្ថយ ១០% នូវថ្លៃនាំចេញសម្លៀកបំពាក់ ហើយបានអំពាវនាវកម្មករសូមឲ្យឈប់ធ្វើកូដកម្មដើម្បីជៀសវាងការជ្រួល ច្របល់ថែមទៀតនៅក្នុងផ្នែកកាត់ដេរ។
យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកបានសម្រេចកាត់បន្ថយថ្លៃគ្រប់គ្រងការនាំចេញ រួមនឹងបន្ទុកមួយចំនួនទៀតផង ចំនួន ១០% ដើម្បីបន្ធូរគំនាបលើផ្នែកនេះ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ រវាងរដ្ឋាភិបាលនិងផ្នែកឯកជននៅភ្នំពេញ កាលពីថ្ងៃសុក្រ បន្ទាប់ពីមានសំណើរបស់លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមម្ចាស់រោងចក្រកាត់ដេរកម្ពុជា (GMAC)។
កន្លងមក សមាគមម្ចាស់រោងចក្រកាត់ដេរនេះបានស្នើឲ្យកាត់បន្ថយ ៣០% ដើម្បីជាការជួយឧបត្ថម្ភដល់ការនាំចេញ។
ព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវកម្មករឲ្យឈប់ធ្វើកូដកម្ម ដោយថា ប្រទេសយៀកណាមនិងចិន កំពុងតែប្រជែងនឹងកម្ពុជាពីរឿងផលិតភាពនេះ។
លោកអំពាវនាវដល់សហជីពកម្មករថា ពេលនេះមិនមែនជាពេលល្អសម្រាប់ធ្វើកូដកម្មនោះឡើយ ពេលនេះគឺជាពេលដែលត្រូវយកចិត្តទុកដាក់ដល់បញ្ហាឆ្នាំងបាយ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជាបានមានប្រសាសន៍ពីថ្ងៃអាទិត្យថា កម្មករមិនចង់ធ្វើកូដកម្មទេ ប៉ុន្តែគ្មានជម្រើស៕
ដកស្រង់ពីRFA