បាតុករម្នាក់ស្លាប់និង២៤នាក់រងរបួសដោយការផ្ទុះគ្រាប់បែកនៅប្រទេសថៃ
Posted by: SAMBOhengnews / Category: Thaiសកម្មភាពបាតុកម្មប្រទេសថៃ
យ៉ាងហោចណាស់មានបាតុករប្រឆាំងរដ្ឋាភិបាលថៃម្នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់នៅ ក្នុងអគាររដ្ឋាភិបាលថៃក្នុងក្រុងបាងកក កាលពីព្រហាមថ្ងៃព្រហស្បតិ៍។
ប្រភពប៉ូលិសថៃបានឲ្យដឹងថា គ្រាប់បែកមួយគ្រាប់ត្រូវបានគេបោះចូលទៅខាងមុខវេទិកានៃក្រុម បាតុករប្រឆាំងរដ្ឋាភិបាលមកពីសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិ ប្រជាធិបតេយ្យនៅក្នុងបរិវេណអគាររដ្ឋាភិបាលថៃ កាលពីវេលាម៉ោងបីកន្លះទាបភ្លឺព្រឹកមិញនេះ។
វរសេនីយ៍ឯកប៉ូលិស លោក Somchai Chueyklin បានប្រាប់កាសែតថា អ្នកតវ៉ាម្នាក់បានស្លាប់ក្រោយពេលយកទៅដល់មន្ទីរពេទ្យ ហើយ១១នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពមន្ត្រីប៉ូលិសដដែលបានឲ្យដឹងទៀតថា គ្រាប់បែកនោះគឺជាគ្រាប់ដែលមានកម្លាំងខ្លាំង ហើយប៉ូលិសកំពុងរង់ចាំការត្រួតពិនិត្យដោយក្រុមប៉ូលិសកោសល្យវិច័យ។ ប៉ូលិសនៅពុំទាន់អាចរកឃើញអ្នកវាយប្រហារដោយគ្រាប់បែកនោះនៅឡើយ ទេរហូតមកទល់ពេលនេះ។
មេដឹកនាំសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សុនធិ លីមថុងគុល ដែលបានដឹកនាំបាតុករប្រឆាំងរដ្ឋាភិបាលថៃកាន់កាប់អគាររដ្ឋាភិបាលជា ច្រើនខែមកហើយនោះបានចោទថា រដ្ឋាភិបាលជាអ្នកនៅក្រោយការវាយប្រហារនោះ និងបានប្រកាសថា ក្រុមសម្ព័ន្ធភាពរបស់លោកនឹងដឹកនាំមហាបាតុកម្មមួយប្រឆាំង រដ្ឋាភិបាលថៃនៅរសៀលថ្ងៃអាទិត្យ ទី២៣ ខាងមុខនេះ៕
ដកស្រង់ពីRFA