ការប្រឡងបាក់ឌុបទូទាំងប្រទេសចាប់ផ្ដើមធ្វើពីថ្ងៃទី៤-៦ ខែសីហា
Posted by: SAMBOhengnews / Category: Cambodiaមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងនៅថ្ងៃទី៤ សីហា ឆ្នាំ២០០៨នេះថា មានបេក្ខជនជិត៨០.០០០នាក់ (ប្រាំបីម៉ឺន) បានធ្វើការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅ ទូទាំងប្រទេសកម្ពុជាដែលកំពុងតែប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ សីហា រហូតដល់ទី៦ សីហានេះ។
ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជននិងកីឡា លោក ច្រឹង លឹមស្រ៊ី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា ចំពោះកាប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺគេបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដោយក្រសួងអប់រំ បានសហការជាមួយក្រសួងមហាផ្ទៃក្នុងដាក់កម្លាំងសមត្ថកិច្ចធ្វើការ យាមកាមជុំវិញបរិវេណមណ្ឌលប្រឡងនានា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីណាមួយកើតឡើង ដូចជាការនាំយកក្រដាសចម្លងមេរៀនចូល ឬក៏មានការបំផុសបំផុលពីការបែកធ្លាយវិញ្ញាសាប្រឡងជាដើម។
លោក ច្រឹង លឹមស្រ៊ី មានប្រសាសន៍ដូច្នេះថា ៖ «វិធានការរបស់ក្រសួង គឺណែនាំឲ្យដកហូតសំណៅពីមាត់ទ្វារចូលហ្នឹងមួយសា។ អ្នកនៅតាមបន្ទប់ហ្នឹង មុននឹងចូលក្នុងបន្ទប់ ត្រូវដកហូតមួយសាទៀត»។
ដោយមានការចាត់វិធានការបែបនេះ ទើបគេឃើញនៅតាមមណ្ឌលប្រឡងទាំងអស់ ដូចជានៅមណ្ឌលប្រឡងវិទ្យាល័យបឹងត្របែកក្រុងភ្នំពេញ មាននគរបាលនិងកងរាជអាវុធហត្ថជាច្រើននាក់ បានពង្រាយគ្នាធ្វើការយាមកាម ដែលខ្លះយាមនៅខ្លោងទ្វារចូល ខ្លះនៅជ្រុងចំហៀង ហើយនិងមួយចំនួនទៀតប្រចាំការនៅតាមខ្សែក្រវ៉ាតដែលគេចងធ្វើជា របាំងនៅតាមដងផ្លូវចូលទៅកាន់មណ្ឌលប្រឡង។
បញ្ជាក់ប្រាប់ពីការប្រឡងនេះដែរ សិស្សានុសិស្សមួយចំនួនដែលប្រឡងនៅថ្ងៃដំបូងនៅឯមណ្ឌលប្រឡងទួលទំពូង បានឲ្យដឹងថា ការប្រឡងនៅទីនោះមានភាពតឹងតែង ៖ «មានសណ្ដាប់ធ្នាប់ល្អ ទៅដល់គេឆែកយើងតែម្ដង»។
បើទោះបីជាមានការអះអាងបែបនេះក៏ដោយ ប៉ុន្តែបើតាមការបញ្ជាក់ប្រាប់ពីប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ លោក រ៉ុង ឈុន បានឲ្យដឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ បើតាមការសង្កេតរបស់សមាគម គឺឃើញនៅតែមានភាពមិនប្រក្រតីច្រើន ដូចកាលពីឆ្នាំមុនដែរ។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះថា ៖ «បញ្ហាការប្រមូលលុយ ជាថ្នូរនៃការឲ្យបើកចម្លងរបស់បេក្ខជននៅតាមមណ្ឌលនៃទីក្រុង ភ្នំពេញ ដូចមានចំណាយថវិកា ពី ៥ពាន់ ទៅ ១ម៉ឺនរៀល ហើយកន្លែងខ្លះ ពី ១ម៉ឺន ទៅ១៥.០០០រៀល»។
ចំពោះការលើកឡើងខាងលើនេះ ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំ យុវជននិងកីឡា លោក ច្រឹង លឹមស្រ៊ី បានមានប្រសាសន៍ថា លោកក៏ទួលស្គាល់ដែរថា អាចមានភាពមិនប្រក្រតីខ្លះ ហើយមកដល់ពេលនេះគេកំពុងតែតាមឃ្លាំមើលយ៉ាងហ្មត់ចត់នូវការប្រឡង នោះ។
មន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងផងដែរថា ប្រសិនបើគេចាប់បានចំពោះអនុរក្សឬបេក្ខជនណាមួយ ប្រព្រឹត្តខុសនឹងបទបញ្ជានិងកម្រិតវិន័យក្នុងពេលប្រឡងនោះគឺ ក្រសួងនិងដកហូតមិនឲ្យបេក្ខជននោះធ្វើការប្រឡងទៀតទេ រីឯចំពោះអនុរក្សវិញគឺនឹងទទួលពិន័យរបស់ក្រសួង ដែលបានកំណត់រួចហើយ៕
ពីខ្មែរrfa