អង្គការមិត្តសំឡាញ់ជួយអតីតកុមារតំបន់ដីក្រហមឲ្យបានទៅរៀនវិញ
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
៣០-០១-២០០៩: ក្មេងប្រុសដែលត្រូវគេជម្លៀសចេញពីតំបន់ដីក្រហមបរិភោគអាហារក្នុង ជម្រកបណ្ដោះអាសន្ននៅមុខបុរីសន្តិភាពក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ
ដកស្រង់ពីRFA
គ្រួសារជាច្រើនរស់នៅក្នុងរោងភួយ កន្ទេល ក្រណាត់តង់ បិទបាំងជាជម្រក នៅមុខបុរីសន្តិភាពរបស់ក្រុមហ៊ុន 7NG ឲ្យដឹងថា កុមារជាច្រើនត្រូវបានជួយដោយអង្គការមិត្តសំឡាញ់ឲ្យបានទៅរៀនវិញ បន្ទាប់ពីការចាកចេញពីសហគមន៍ដីក្រហម។
ស្រ្តីឈ្មោះ ធឿន សុខ អះអាងថា កូនគាត់ត្រូវអង្គការមិត្តសំឡាញ់ជួយឲ្យបានចូលរៀនវិញហើយក្រោយពី ការបង្ខំឲ្យចាកចេញពីសហគមន៍ដីក្រហមឬភូមិ១៥ ៖ «ផ្ញើកូននឹងអង្គការគេហ្នឹង ឥឡូវរកកន្លែងនៅអត់ទាន់បានទេ»។
យុវជន ធឿន វាសនា សិស្សថ្នាក់ទី១០ វិទ្យាល័យបឹងត្របែក និយាយថា ក្រុមគ្រួសារគេរងនូវការបង្ខំឲ្យចេញហើយបង្ខំឲ្យទទួលយកផ្ទះនៅ ខណ្ឌដង្កោដែលនៅឆ្ងាយពីសាលារៀនរបស់គេ។
យុវជនថា ការរៀនរបស់គេមិនជាប់លាប់នាំឲ្យបារម្ភច្រើនដោយគ្មានលុយជួលម៉ូតូ ជិះទៅរៀនមួយថ្ងៃច្រើនម៉ឺនរៀលបានទេដោយគ្មានអង្គការណាមកជួយ ដឹកគេឲ្យបានទៅរៀនឡើយ។
យុវជន ធឿន វាសនា បាននិយាយថា ៖ «ខ្ញុំត្រូវការរៀនច្រើនជាពិសេស ភាសា។ មកនេះរៀនឯណាឆ្ងាយពីក្រុងចង់ងាប់ ហើយនៅនេះមិនទាន់មានសាលាទៀត ឃើញថាគ្រោងធ្វើសាលាមែន ប៉ុន្តែទោះជាគេធ្វើឆាប់ៗក៏គ្មានកម្រិតដែលខ្ញុំត្រូវរៀន»។
ស្រ្តីឈ្មោះ សុខុម ឲ្យដឹងថា ដោយខ្លាចមានការបណ្តេញជាថ្មីទៀតគាត់មិនបានឲ្យកូនទាំងអស់ទៅ អង្គការមិត្តសំឡាញ់យកទៅរៀនវិញទេ។
នាយិកាអង្គការមិត្តសំឡាញ់ លោកស្រី លី សុផាត មានប្រសាសន៍ថា អង្គការមានគម្រោងជួយកុមារ៣០នាក់ដែលបានចាកចេញពីដីក្រហមទៅបុរី សន្តិភាពមិនបានបន្តការរៀន ប៉ុន្តែមានឪពុកម្តាយខ្លះខ្លាចបែកកូនមិនឲ្យកូនមករៀនទេ រង់ចាំការដោះស្រាយជម្រកសិន។
បច្ចុប្បន្នអង្គការទទួលបានតែកុមារ២១នាក់ទេដែលរថយន្តដឹកពី កន្លែងស្នាក់នៅថ្មីនៅខណ្ឌដង្កោមករៀនតាមសាលារបស់គេវិញ ហើយអង្គការផ្តល់អាហារនិងកន្លែងស្នាក់នៅពេលថ្ងៃ។ លោកស្រីថាការជួយកុមារនោះគម្រោងពី១ខែដល់៣ខែប៉ុណ្ណោះ។
មេភូមិបុរីសន្តិភាព អ្នកស្រី សឺន យ៉ីគូ មានប្រសាសន៍ថា មកដល់ថ្ងៃនេះពលរដ្ឋ៩១គ្រួសារដែលក្រុមហ៊ុនសន្យាផ្តល់ផ្ទះបានមក ចុះឈ្មោះយកផ្ទះល្វែងស្ទើរតែអស់គ្នាហើយ។
អ្នកស្រីឲ្យដឹងថា មិនទាន់ដឹងចំនួនមនុស្សពិតប្រាកដក្នុងការមករស់នៅថ្មីនេះដោយពួក គេខ្លះចុះឈ្មោះនៅបុរីសន្តិភាព១ ខ្លះនៅបុរីសន្តិភាព២ ខ្លះនៅបុរីសន្តិភាព៣ ទើបការគ្រប់គ្រងមិនទាន់ច្បាស់លាស់។
អ្នកស្រីបន្តថា ក្នុងភូមិបុរីសន្តិភាពនេះមានអគារសិក្សាសម្រាប់ថ្នាក់បឋមនិង កំពុងសាងសង់អគារអនុវិទ្យាល័យមួយទៀត ហើយផ្សារសម្រាប់ទិញលក់អីវ៉ាន់ផ្សេងៗក៏កំពុងដំណើរការដែរ។
អ្នកស្រី សឺន យ៉ីគូ បានបញ្ជាក់ថា ៖ «ចុះឈ្មោះចូលសរុបទាំងអស់ ខ្ញុំឃើញនៅសល់តែ៦គ្រួសារទៀតទេក្នុងចំណោម៩១គ្រួសារ»។
កង្វះខាងទឹកស្អាត ភ្លើងអុជបំភ្លឺ អាក់ខានការសិក្សានិងខ្វះស្បៀងអាហារនៅបន្តមានទៀត។ ការទន្ទឹងរង់ចាំដោះស្រាយរបស់ក្រុមអ្នកជួលផ្ទះនៅភូមិ១៥ឬសហគមន៍ ដីក្រហមនៅតែបន្តរង់ចាំទៀតនៅមុខបុរីសន្តិភាពនាខណ្ឌដង្កោ។
នាយកក្រុមហ៊ុន7NG នៅតែព្យាយាមមិនឆ្លើយតបរាល់ការសុំបំភ្លឺនានាអំពីរឿងកើតឡើងទាំងឡាយនោះ។
សូមជម្រាបថា ចម្ងាយពីសហគមន៍ដីក្រហមឬភូមិ១៥ទៅកាន់បុរីសន្តិភាពនោះមានចម្ងាយជាង១៨គីឡូម៉ែត្រ៕
ដកស្រង់ពីRFA