ពលរដ្ឋតំបន់ដីក្រហមមួយចំនួនសុខចិត្តទទួលយកសំណើរបស់ក្រុមហ៊ុន 7NG
Posted by: SAMBOhengnews / Category: Cambodia.Phnom Phen
៣០-០១-២០០៩: ផ្ទះល្វែងដែលក្រុមហ៊ុន 7NG សង់ឲ្យពលរដ្ឋនៅតំបន់ដីក្រហមជាថ្នូរនឹងការបណ្ដេញចេញ
រូបភាពពីRFA
ក្រុមគ្រួសារជនរងគ្រោះមួយចំនួនដែលគេបានបណ្តេញដោយអំពើហិង្សានៅ តំបន់ដីក្រហមបានសុខចិត្តទទួលសំណើរបស់ក្រុមហ៊ុន 7NG បើទោះបីជាសំណើនោះបានផ្ទុយនឹងឆន្ទៈចង់បានរបស់ពួកគេក៏ដោយ។
តំណាងក្រុមគ្រួសារជនរងគ្រោះនៅតំបន់ដីក្រហម លោក ចាន់ វិចិត្រ បានមានប្រសាសន៍ថា ក្រុមគ្រួសារខ្លះដែលសុខចិត្តទទួលនោះ គឺដោយសារតែភាពបាក់ស្បាតមិនហ៊ានតស៊ូទាមទារនៅពេលដែលក្រុមហ៊ុន 7NG បានដាក់ឱសានវាទកំហិតចុងក្រោយនិងការអស់សង្ឃឹមថាគ្មានការជួយ ដោះស្រាយណាឲ្យប្រសើរជាងនេះ។
តំណាងក្រុមគ្រួសារជនរងគ្រោះ លោក ចាន់ វិចិត្រ បានថ្លែងថា ក្រុមហ៊ុន 7NG បានដាក់កំហិតឧសានវាទថា ចាប់ពីថ្ងៃទី៣១ មករា បើគ្មានអ្នកណានឹងព្រមទទួលយកផ្ទះល្វែងដែលក្រុមហ៊ុន 7NG សងជាថ្នូរនៅជាយក្រុងនោះទេ គឺក្រុមគ្រួសារជនរងគ្រោះនឹងលែងបានទទួលអ្វីសោះពីក្រុមហ៊ុន។
តំណាងក្រុមគ្រួសារជនរងគ្រោះដដែលបានថ្លែងថា ដោយសារតែបញ្ហាគាបបង្ខំនោះហើយទើបអ្នកភូមិច្រើនសិបគ្រួសារគិតថា ពួកគេគ្មានជម្រើសណាផ្សេងទៀតឡើយ។
លោក ចាន់ វិចិត្រ បានបញ្ជាក់ថា ៖ «ចំពោះក្រុមហ៊ុនគឺគេមាន ឱសានវាទមួយថា ឲ្យប្រជាពលរដ្ឋដែលនៅដីក្រហមដែលមានឈ្មោះនៅក្នុងបញ្ជី៨៥គ្រួសារ ឲ្យមកយកផ្ទះ ហើយបើមិនមកយកផ្ទះទេគេនឹងចាត់ទុកថាអសារបង់ គេមិនទទួលខុសត្រូវ។ គេបិទឱសានវាទហ្នឹងគឺថ្ងៃ៣១ហ្នឹង។ ដោយសារការគំរាមកំហែងបំភ័យខ្លាំងពេកទើបពួកគាត់ច្រើននាក់ដែរ គាត់បានព្រមទៅទទួលយកផ្ទះដែលគាត់មិនចង់បានដោយបង្ខំចិត្ត ហើយអ្នកខ្លះទៅយកផ្ទះនោះហើយត្រូវសូកលុយគេទៀតទើបបានផ្ទះ»។
លោក ចាន់ វិចិត្រ បានថ្លែងថា ឥឡូវនេះនៅសល់តែក្រុមគ្រួសារប្រមាណ៥០គ្រួសារទៀតតែប៉ុណ្ណោះដែល នៅតវ៉ាមិនព្រមទទួលយកសំណើក្រុមហ៊ុនបានដាក់ចុះនោះ។ ក្រុមអ្នកសេសសល់ប្រមាណ៥០គ្រួសារទាំងនោះនៅតែប្រកាន់យកជំហរ ស្នើសុំយកប្រាក់២ម៉ឺនដុល្លារដូចដែលក្រុមហ៊ុនបានសន្យានៅមុន ការរុះរើ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បានមានប្រសាសន៍ថា ក្រុមគ្រួសារដែលទទួលយកសំណងផ្ទះល្វែងបានត្អូញត្អែរថា ផ្ទះដែលក្រុមហ៊ុន 7NG ប្រគល់ឲ្យមិនមែនជាផ្ទះដែលគេអាចចូលទៅរស់នៅបានដូចធម្មតានោះ ឡើយ។
លោក ឈឹម សាវុធ បានមានប្រសាសន៍ថា ៖ «ការសង់ផ្ទះល្វែងជូនដល់ ប្រជាពលរដ្ឋរបស់ក្រុមហ៊ុន 7NG នៅបុរីសន្តិភាព២ហ្នឹង បើតាមការអះអាងរបស់ប្រជាពលរដ្ឋក៏ដូចជាការពិនិត្យផ្ទាល់របស់យើង ដែរ ផ្ទះហ្នឹងគេធ្វើវាអត់ជាលក្ខណៈស្ដង់ដារ ធ្វើឲ្យតែរួចៗហ្នឹង ព្រោះពិដានលើកន្លែងខ្លះមានលិចទឹក ខែភ្លៀងមកវាលិចទឹកចូលក្នុងផ្ទះហ្នឹង ហើយប្រព័ន្ធទឹកស្អាតប្រព័ន្ធអីអត់មានទាំងអស់ ហើយបើសិនជាប្រជាពលរដ្ឋដែលទទួលផ្ទះហ្នឹងចូលទៅរស់នៅលុះត្រាតែ គាត់មានថវិកាផ្ទាល់ខ្លួនគាត់ពីរបីពាន់ដុល្លារទៀតសម្រាប់ជួសជុល ផ្ទះហ្នឹងបានគាត់អាចទៅរស់នៅបានបច្ចុប្បន្ននេះ»។
សកម្មភាពប្រើអំពើហិង្សានិងការឈូសបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅ តំបន់ដីក្រហមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មករានោះ គឺរួមមានទាំងផ្ទះរបស់តារាកំប្លែងល្បីៗ៣នាក់ផងដែរ គឺផ្ទះតាសង់ស៊ីស ផ្ទះយាយអឿន និងលោក សង់ សេត។
នៅក្នុងសកម្មភាពប្រើអំពើហិង្សានោះទៀតដែរ អ្នកស្រុកជិត២០នាក់រួមទាំងស្ត្រីម្នាក់មានផ្ទៃពោះផងបានរងរបួស៕
ដកស្រង់ពីRFA