អ្នក​ភូមិ​នៅ​ជាប់​តំបន់​ដី​ក្រហម​ព្រួយ​បារម្ភ​ពី​ការបណ្ដេញ​ចេញ

Posted by: SAMBOhengnews / Category:


តំណាង​ពលរដ្ឋ​ក្រុម​៧៨​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​៥ កុម្ភៈ ២០០៩
រូបភាពពីRFA
ប្រជាពលរដ្ឋ​នៅ​ក្រុម​៧៨ ក្បែរ​សហគមន៍​ដី​ក្រហម ក្រុងភ្នំពេញ អំពាវនាវ​ឲ្យ​ស្ថាប័ន​រដ្ឋ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ក្រោយ​ពេល​ដែល​ឃើញ​ ការដេញ​ដោយ​បង្ខំ​នៅ​សហគមន៍​ក្បែរ​ខាង​ដោយ​សំណង​មិន​សមរម្យ។
ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩ តំណាង​ក្រុម​៧៨ លោក ខេង សុរដ្ឋ អះអាង​ថា អ្នក​ចាក​ចេញ​ពី​កន្លែង​ជុំវិញ​ក្រុម​៧៨ មាន​សហគមន៍​សំបុកចាប សហគមន៍​ដីក្រហម និង​មាន​ក្រុម​៧៨ មួយចំនួន សុទ្ធតែ​បាន​បណ្តេញ​ដោយ​ហិង្សា​បន្ទាប់ពី​ការចរចា​ដោះដូរ​ដី​ធ្លី​មិន​ឯកភាព ​តម្លៃ។

លោក ខេង សុរដ្ឋ បន្ត​ថា សុំ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប័ណ្ណ​ដី​តាម​លិខិត​អន្តរាគមន៍​របស់​ប្រធាន​រដ្ឋសភា កាលពី​ខែ​តុលា ឆ្នាំ​២០០៨ ៖ «គេ ​ទាមទារ​តវ៉ា​ពី​សិទ្ធិ​រស់នៅ យើង​ចោទ​ថា​គេ​ប្រឆាំង ហើយ​ការធ្វើ​បែប​នេះ​គឺ​ខ្ញុំ​ភ័យ​ខ្លាច​មែនទែន​ដោយសារ​តែ​ខ្ញុំ​បាន​ឃើញ​ កន្លែង​ផ្សេងៗ​ដែល​គេ​ចេះតែ​ចោទ​ប្រកាន់​អ៊ីចេះ​អ៊ីចុះ​ទៅ។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​យើង​ខ្ញុំ​ថ្ងៃ​នេះ​បង្ហាញ​អំពី​លិខិត​អន្តរាគមន៍ ​នេះ​ផង និង​សូម​សំណូមពរ​ដល់​បណ្ដា​អង្គការ​នានា​ផង​ដើម្បី​ជួយ​ធ្វើ​យ៉ាង​ណា​ជួយ​ ឲ្យ​ប្រជាជន​ក្រុម​៧៨​នេះ​មាន​សិទ្ធិ​រស់នៅ​ពេញលេញ​ដូច​គេ​ដូច​ឯង កុំ​ឲ្យ​ចេះ​តែ​ចោទ​ប្រកាន់​ថា យើង​ខ្ញុំ​នេះ​រស់នៅ​អនាធិបតេយ្យ»។

អ្នកស្រី អ៊ុក មករា បាន​អះអាង​ថា ការបណ្តេញ​សហគមន៍​សំបុកចាប​និង​សហគមន៍​ដី​ក្រហម​នៅ​ជាប់​ក្រុម​៧៨​នេះ​ជា​ មេរៀន​ធ្វើ​ឲ្យ​អ្នកស្រុក​រស់នៅ​ក្រុម​៧៨​ភ័យ​ព្រួយ​អាច​ជួប​ហេតុការណ៍​ដូច​ គ្នា​ដោយ​អាជ្ញាធរ​សាធារណៈ​បាន​ចោទ​កន្លង​មក​ថា ពួក​គេ​រស់នៅ​អនាធិបតេយ្យ​ហើយ​ធ្វើការ​បណ្ដេញ​ចេញ​ដោយ​ពួក​គេ​មិន​មាន​ប័ណ្ណ ​កាន់កាប់​ដី។

តំណាង​រាស្រ្ត​ចុះ​ស្តាប់​ហេតុការណ៍​ផ្ទាល់ លោកស្រី មូរ សុខហួរ បាន​ផ្តល់​យោបល់​ទៅ​អ្នក​ភូមិ​ក្រុម​៧៨​ថា គួរតែ​នាំ​គ្នា​ដាក់​លិខិត​ស្នើសុំ​ទៅ​ស្ថានទូត​ប្រទេស​អាលឺ្លម៉ង់​និង​ ប្រទេស​ហ្វាំងឡង់​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​បញ្ជី​ដី​ធ្លី​ ជូន​អ្នក​ភូមិ​ក្រុម​៧៨ ដោយ​ប្រទេស​ទាំង​ពីរ​នោះ​ជា​ម្ចាស់​ថវិកា​ផ្តល់​ឲ្យ​ចុះ​បញ្ជី​ដី​ធ្លី​នៅ​ កម្ពុជា។

រីឯ​តំណាង​រាស្រ្ត​ភ្នំពេញ លោក ហូ វណ្ណ មាន​ប្រសាសន៍​ថា ក្រុម​៧៨​ត្រៀម​ការពារ​ផល​ប្រយោជន៍​ខ្លួន​នេះ​ត្រឹមត្រូវ​ដោយ​ទង្វើ​របស់​ អាជ្ញាធរ​កន្លង​មក​ធ្វើការ​ផ្អៀង​ទៅ​រក​កិច្ច​ការពារ​ផល​ប្រយោជន៍​ឈ្មួញ​ ច្រើន​ជាង​ផល​ប្រយោជន៍​ប្រជាជន។ ទង្វើ​នោះ​អាច​ជះ​ឥទ្ធិពល​ភ័យ​ខ្លាច​សម្រាប់​អ្នក​ទន់​ខ្សោយ​ដែល​ច្បាប់​ ត្រូវ​ជួយ​ការពារ​អ្នក​ស្រុក។

មន្រ្តី​សមាគម​អាដហុក លោក ចាន់ សាវ៉េត និង​មន្រ្តី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ម៉ម សុធី មាន​ប្រសាសន៍​ដូច​គ្នា​ថា ក្រុម​៧៨​នោះ​អាច​ប្រឈម​នឹង​ការរុះរើ​នា​ពេល​ខាង​មុខ​ដោយ​ជុំវិញ​ក្រុម​៧៨​ មាន​ក្រុមហ៊ុន 7NG ថ្មីៗ​នេះ​ដេញ​សហគមន៍​ដី​ក្រហម និង​ក្រុមហ៊ុន ស៊ូស្រ៊ុន ដេញ​សហគមន៍​សំបុកចាប ប៉ុន្តែ​អាជ្ញាធរ​គួរតែ​ចរចា​ដោយ​សន្តិវិធី​មុន​នឹង​ធ្វើការ​ដោះដូរ​លំនៅឋាន ​អ្នក​ស្រុក​នីមួយៗ​ដោយ​ប្រជាជន​ទាំងអស់​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​ មូលដ្ឋាន​ផ្តល់​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ប័ណ្ណ​បោះឆ្នោត អត្តសញ្ញាណប័ណ្ណ ដែល​អាច​សម្គាល់​ពួក​គាត់​មាន​សិទ្ធិ​លើ​ភោគៈ​ដែល​គេ​រស់នៅ​យូរ​ឆ្នាំ​មក​ ហើយ​ស្រប​ច្បាប់។

តាម​ការអះអាង​ពី​តំណាង​ក្រុម​៧៨​ថា បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ក្នុង​ក្រុម​នោះ​៨៨​គ្រួសារ​លើ​ផ្ទៃ​ដី​ប្រមាណ​១​ហិកតារ៕
ដកស្រង់ពីRFA


0 comments: