ប៊ន សំណាង និង សុខ សំអឿន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
សុខ សំអឿន (រូបកណ្ដាល) ត្រូវបាននគរបាលនាំខ្លួនឡើងតុលាការកំពូលនាថ្ងៃទី៣១ ធ្នូ ២០០៨
រូបភាពពីRFA
តុលាការកំពូលនៃប្រទេសកម្ពុជានៅថៃ្ងពុធនេះ បានប្រកាសសាលដីកាដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែតុលាការសាលាឧទ្ធរណ៍កន្លងមក មិនបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មីចំពោះសំណុំរឿងនេះ។
ប៉ុន្តែតុលាការកំពូលបានតម្រូវឲ្យអ្នកទាំងពីរបង្ហាញខ្លួននៅ ពេលណាដែលតុលាការកោះហៅមកសាកសួរនៅក្នុងអំទ្បុងពេលនៃការនៅក្រៅ ឃុំនោះ។
ការសម្រេចខាងលើនេះត្រូវបានទទួលការទះដៃស្វាគមន៍ភ្លាមៗពី សំណាក់ក្រុមតំណាងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាតិនិង អន្តរជាតិនៅឯតុលាការកំពូលនោះ។
លោក ឌិត មន្ទីរ ជាប្រធាននៃក្រុមប្រឹក្សាចៅក្រមជម្រះក្តីចំនួន៥រូបនិងជាប្រធាន នៃតុលាការកំពូលបានប្រកាសសាលដីកាដូច្នេះថា ៖ «រឿងក្ដីនេះ ជាបទឧក្រិដ្ឋដែលតម្រូវឲ្យមានការស៊ើបអង្កេតបន្តទៀត គប្បីតុលាការកំពូលសម្រេចឲ្យជនជាប់ចោទទាំងពីរបាននៅក្រៅឃុំ បណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ និងបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះឡើងវិញ។ ឲ្យឈ្មោះ ប៊ន សំណាង និង ឈ្មោះ សុខ សំអឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតម្រូវឲ្យជនជាប់ចោទទាំងពីរបង្ហាញខ្លួនតាមការកំណត់របស់ អាជ្ញាធរតុលាការ»។
លោកស្រី នួន គឹមស្រ៊ី ម្តាយរបស់ ប៊ន សំណាង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្រោយការប្រកាសសាលដីកានោះថា ៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានតុលាការកំពូលឲ្យកូនខ្ញុំនៅក្រៅឃុំ ខ្ញុំសូមអរគុណដល់តុលាការកំពូលយ៉ាងខ្លាំង»។
លោក វ៉ន ផុន ជាឪពុករបស់ សុខ សំអឿន បានមានប្រសាសន៍ថា ៖ «នេះជាយុត្តិធម៌របស់តុលាការពិតប្រាកដ»។
រីឯលោក ហុង គឹមសួន ជាមេធាវីរបស់ សុខ សំអឿន បានមានប្រសាសន៍ថា ក្រទ្បាបញ្ជីរបស់តុលាការកំពូលកំពុងតែរៀបចំឯកសារដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យមានសេរីភាពជាបណ្ដោះអាសន្ន ហើយឯកសារនោះគេគ្រោងបញ្ជូនទៅនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផៃ្ទ ដើម្បីដោះលែងអ្នកទាំងពីរនោះនាពេលឆាប់ៗនេះ។
លោកមេធាវី ហុង គឹមសួន ថ្លែងបន្តយ៉ាងដូច្នេះ ៖ «នេះជាជោគជ័យ របស់យើងមួយ ដែលយើងបានខំប្រឹងអំពីការកាត់ក្ដីរបស់តុលាការកំពូល។ យើងអរគុណដែរដែលតុលាការកំពូលទទួលយកសំណូមពររបស់មេធាវីដែលទាក់ទង នឹងអង្គច្បាប់»។
ក្រោយពីការប្រកាសសាលដីការបស់តុលាការកំពូលនោះភ្លាម ប៊ន សំណាង និង សុខ សំអឿន ត្រូវបានឆ្មាំគុកនាំខ្លួនបញ្ចូលក្នុងរថយន្តដឹកទៅមន្ទីរឃុំឃាំង វិញ ដើម្បីរង់ចាំការដោះលែងជាក្រោយ។
សូមរំឭកថា ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ កាលពីខែសីហា ឆ្នាំ២០០៥ ក្រោមបទចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤។
ក្រោយមកតុលាការសាលាឧទ្ធរណ៍ កាលពីខែមេសា ឆ្នាំ២០០៧ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះ ចាត់ទុកជាបានការ។ រឿងនេះបានញ៉ាំងឲ្យក្រុមសកម្មជនការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ បានទទូចសុំឲ្យដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពវិញ ដោយសំអាងថា អ្នកទាំងពីរជាឃាតករសិប្បនិម្មិត៕
ដកស្រង់ពីRFA