តុលាការចោទប្រកាន់ជនសង្ស័យ៤នាក់ពាក់ព័ន្ធរឿងបង្កៃគ្រាប់បែក
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
សមាជិកនៃក្រុមជំនាញផ្នែកគ្រាប់បែកពិនិត្យគ្រាប់បែកច្នៃដែលត្រូវ គេបង្កៃនៅមុខក្រសួងការពារជាតិក្នុងក្រុងភ្នំពេញ នាថ្ងៃទី២ មករា ២០០៩
រូបភាពពីRFA
តុលាការក្រុងភ្នំពេញនៅថៃ្ងច័ន្ទនេះបានចោទប្រកាន់ជាផ្លូវការលើ ជនសង្ស័យចំនួន៤នាក់ក្រោមបទថា បានកេណ្ឌនិងបញ្ចុះបញ្ចូលក្រុមភេរវកម្មនិងបានដាក់គឿងផ្ទុះឬ គ្រឿងប្រល័យនៅទីសាធារណៈ។
ការចោទប្រកាន់ខាងលើនោះគឺក្រោយពីមានការបង្កៃគ្រាប់បែកច្នៃ TNT ចំនួន៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករាកន្លងទៅថ្មីៗនេះ។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានតាមដានសំណុំរឿងនេះបានមានប្រសាសន៍ថា ៖ «លោក ព្រះរាជអាជ្ញារង ហ៊ីង ប៊ុនជា ចោទប្រកាន់ពីបទ ទី១ គឺកេណ្ឌនិងប្រមូលបញ្ចុះបញ្ចូលកម្លាំងភេរវកម្ម ហើយនិងទី២ គឺការដាក់គ្រឿងផ្ទុះនិងគ្រឿងប្រល័យនៅតាមទីសាធារណៈទៅតាមច្បាប់ ភេរវកម្ម»។
ផ្អែកតាមប្រភពបានឲ្យដឹងថា តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនសង្ស័យទាំង៤នាក់នោះផ្អែក តាមមាត្រា៧៨ និងមាត្រា៧៥ នៃច្បាប់ប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា។ គេនៅមិនទាន់បានឃើញមេធាវីនៅឡើយទេសម្រាប់ការពារក្ដីឲ្យជន សង្ស័យទាំង៤នាក់នោះ។
សូមរំឭកថា ជនសង្ស័យទាំង៤នាក់នោះមានឈ្មោះ សោម ឯក ហៅ ទីតូ ជាអតីតសកម្មជននៃចលនា CFF និងចលនា KP នៅតាមបណ្តោយព្រំដែនខែ្មរថៃ និងជាមេខ្លោងនៃចលនារំដោះជាតិខែ្មរដែលចេះរូបមន្តធ្វើគ្រាប់បែក ច្នៃត្រូវបានចាប់ខ្លួនកាលពីថៃ្ងទី៦ ខែមករាកន្លងទៅថ្មីៗនេះ នៅឯប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយនឹងភរិយាឈ្មោះ ហុល កឹមទ្បាង ប៉ុន្តែសមត្ថកិច្ចបានដោះលែងភរិយាឈ្មោះ ហុល កឹមទ្បាងនោះ ឲ្យមានសេរីភាពវិញដោយសារគ្មានការពាក់ព័ន្ធ។
ជនសង្ស័យទី២ ឈ្មោះ រាជ សំណាង ជាអតីតស្នងការនគរបាលនៅខេត្តមណ្ឌលគិរីភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមករាកន្លងទៅថ្មីៗនេះ។ ជនសង្ស័យទី៣ ឈ្មោះ ហួន សាវឿន ហៅ ភី សាវិន ជាមន្រ្តីយោធាផ្នែកស្រាវជ្រាវនៃក្រសួងការពារជាតិត្រូវបានចាប់ ខ្លួនកាលពីថៃ្ងទី៨ ខែមករា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនសង្ស័យទី៤ ឈ្មោះ ឡឹក ប៊ុនញៀន ត្រូវបានចាប់ខ្លួនកាលពីថៃ្ងទី១១ ខែមករានេះ។
លោកស្រី ព្រំ ថាវី ជាភរិយារបស់លោក ហួន សារឿន ហៅ ភី សាវិន ជាមន្រ្តីយោធាផែ្នកស្រាវជ្រាវរបស់ក្រសួងការពារជាតិកម្ពុជាបានមាន ប្រសាសន៍ថា សមត្ថកិច្ចបានចាប់ខ្លួនស្វាមីលោកស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅខណៈដែលស្វាមីលោកស្រីកំពុងច្រូតស្មៅឲ្យគោ។
លោកស្រី ព្រំ ថាវី បានមានប្រសាសន៍ថា ៖ «ខ្ញុំមានការភ័យព្រួយ បារម្ភណាស់ ចេះតែចាប់ប្ដីខ្ញុំគ្មានរឿងអីទេ ចាប់ប្ដីខ្ញុំហ្នឹងគ្មានសំបុត្រ គ្មានស្នាម គ្មានប្រធានភូមិ គ្មានអីដឹងឮទេ ហៅឡើងឡាន ព្រោះអ្នកទៅចាប់ត្រូវជាប្អូនធម៌គាត់។ ឡើងឡានខ្ញុំមិននឹកស្មានថាចាប់អ៊ីចឹងទេ ស្មានតែគាត់ត្រូវគ្នាធម្មតា ធ្លាប់ផឹកធ្លាប់អីជាមួយគ្នា ខ្ញុំមិនដឹងអ៊ីចឹងទេ។ សូមជួយរកយុត្តិធម៌ឲ្យប្ដីខ្ញុំផង ចោទនេះ ចោទសម្លាប់ប្ដីខ្ញុំ មិនមានកំហុសអីសោះ គ្មានភស្តុតាងអីបន្តិចបន្តួចសោះ»។
លោកស្រីទទូចសុំឲ្យសមត្ថកិច្ចនគរបាលនិងតុលាការក្នុងប្រទេសកម្ពុជាធ្វើការដោះលែងស្វាមីរបស់លោកស្រីឲ្យមានសេរីភាពវិញ។
ទាក់ទងនឹងបញ្ហានេះសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជាក៏មិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញបញ្ហាខាងលើនេះ៕
ដកស្រង់ពីRFA