ស្ថានភាពរបស់ ប៊ន សំណាង និង សុខ សំអឿន ក្រោយពេលដោះលែងឲ្យនៅក្រៅឃុំ
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
ប៊ន សំណាង (រូបទី២ពីឆ្វេង) និង សុខ សំអឿន (រូបទី២ពីស្ដាំ) ខណៈពេលដែលសមត្ថកិច្ចប៉ូលិសនាំចូលទៅកាន់សាលាឧទ្ធរណ៍នៅក្នុង ទីក្រុងភ្នំពេញ កាលពីថ្ងៃ១២ មេសា ២០០៧
រូបភាពពីRFA
ប៊ន សំណាង និង សុខ សំអឿន កំពុងតែចាប់ផ្តើមជីវិតថ្មីដោយមានសេរីភាពនៅក្រៅពន្ធនាគារជាមួយ នឹងការសាទរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា។
លោក ប៊ន សំណាង និង សុខ សំអឿន ដែលទើបត្រូវបានដោះលែងពីពន្ធនាគារប៉េហ្ស៊ីឲ្យមានសេរីភាពនៅក្រៅ ឃុំជាបណ្តោះអាសន្នដោយតុលាការកំពូលកាលពីថៃ្ងទី៣១ ខែធ្នូកន្លងទៅថ្មីៗនេះ ពួកគេកំពុងតែរស់នៅសម្របសម្រួលខ្លួនជាប្រជាពលរដ្ឋធម្មតានៅក្រៅ ឃុំជាបណ្ដោះអាសន្ននោះ ប៉ុន្តែបានត្អូញតែ្អរថា កំពុងតែខ្វល់ខ្វាយអំពីការផ្តើមមុខរបរឬការងារសម្រាប់ចិញ្ចឹមជីវិត នៅពេលដែលខ្លួនកំពុងតែមានសេរីភាពនៅក្រៅឃុំជាបណ្ដោះអាសន្នពេល បច្ចុប្បន្ននេះ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មានប្រជាពលរដ្ឋឬអ្នកជិតខាងជាច្រើនតែងតែមកសួរសុខទុក្ខអ្នកទាំង ពីរហើយបានសម្ដែងការត្រេកអរចំពោះពួកគេដែលកំពុងមានសេរីភាពជា បណ្តោះអាសន្ន។
ក្រុមគ្រួសារបានឲ្យដឹងទៀតថា លោក ប៊ន សំណាង និង សុខ សំអឿន បានស្រោចទឹកជាមួយគ្នាដើម្បីរំដោះគ្រោះចង្រៃក្រោយពីត្រូវបាន ដោះលែងចេញពីពន្ធនាគារប៉េហ្ស៊ីដែលពួកគេបានជាប់ឃុំរយៈពេលជិត៥ ឆ្នាំមកហើយនោះ។
លោក សុខ សំអឿន ដែលកំពុងមានសេរីភាពរស់នៅក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីពីភូមិកំណើតតាមទូរស័ព្ទអំពីជីវិត នៅក្រៅឃុំរបស់លោកថា ៖ «ពេលដែលខ្ញុំបានរួចផុតពីពន្ធនាគារមក ដល់ស្រុកកំណើតភូមិរបស់ខ្ញុំនេះ ញាតិមិត្ត មិត្តភក្ដិ ក្រុមគ្រួសារចាស់ទុំ ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិទាំងអស់អបអរសាទរសប្បាយរីករាយ ក្អាកក្អាយ។ ដូចបន្តអាយុជីវិតខ្ញុំឲ្យបានឡើងកាន់តែខ្ពស់ឡើងៗអ៊ីចឹង មិនគួរឲ្យជឿទាល់តែសោះ សប្បាយណាស់»។
សុខ សេរី ៖ តើលោកមានគម្រោងការប្រកបមុខរបរអ្វីនៅពេលនៅក្រៅឃុំនេះ?
សុខ សំអឿន ៖ ឥឡូវនេះខ្ញុំមិនទាន់ឆ្លើយប្រាប់លោកបានទេ។ សប្បាយហើយ ប៉ុន្តែយើងនៅវិលវល់ៗក្នុងអារម្មណ៍ ចិត្តដូចមិនទាន់គ្រប់ ខ្វះអ្វីមួយ។
សុខ សេរី ៖ តើលោកវិលវល់ដោយសារជំងឺឬដោយការសប្បាយពេក?
សុខ សំអឿន ៖ ខ្ញុំមិនប្រាកដទេ មិនប្រាកដសោះ។ ជំងឺក៏ថាបាន សប្បាយពេកក៏ថាបានដែរ។
សុខ សេរី ៖ តើលោកមានគម្រោងការជួយធ្វើស្រែឪពុកម្ដាយឬក៏ប្រកបរបរជាគ្រូបង្រៀនទៀតទេ?
សុខ សំអឿន ៖ ចំណង់ចំណូលចិត្តរបស់ខ្ញុំប្រហែលជាចង់ធ្វើជាគ្រូ។ ខ្ញុំអត់ភ្លេចទេ ភាសាអង់គ្លេសមិនទាន់ភ្លេចទេ។ មិនទាន់ធ្វើការសម្រេចបានសោះ ខ្ញុំកំពុងតែមានការរវល់មិត្តភក្ដិ បងប្អូន ញាតិមិត្តចាស់ទុំអីមកជួបជុំច្រើន ខ្ញុំមិនទាន់ច្បាស់ក្នុងចិត្តខ្ញុំថា ប្រាប់លោកឲ្យបានពិតប្រាកដទេ។
លោក វ៉ន ផុន ជាឪពុករបស់ សុខ សំអឿន បានមានប្រសាសន៍ថា ៖ «ត្រេកអរ ជាមួយលោកតុលាការខ្លាំងណាស់ រកអ្វីប្រៀបពុំបានទេ ដូចកើតមកម្ដងទៀត។ មិនដឹងយ៉ាងម៉េចទេ ចាំមើលទៅជួបសហគមន៍អឺរ៉ុបសិន ព្រោះខ្ញុំសន្យាជាមួយស្ថានទូត៣០ទូតឯណោះ»។
ជាមួយគ្នានេះដែរ លោក ប៊ន សំណាង ដែលកំពុងមានសេរីភាពនៅក្រៅឃុំផងដែរនោះបានថែ្លងថា ៖ «សុខសប្បាយទេ។ អត់មានបានទៅណាផង ម្ដាយគាត់បារម្ភ អត់ចង់ឲ្យដើរទៅណា»។
សុខ សេរី ៖ បានជួបជុំមិត្តភក្ដិច្រើនទេ នៅពេលនៅក្រៅឃុំនេះ សួរសុខទុក្ខយ៉ាងម៉េចខ្លះ?
ប៊ន សំណាង ៖ គេសួរសុខទុក្ខថា នៅក្នុងគុកនោះយ៉ាងម៉េចដែរ? ចេញមកខុសគ្នាយ៉ាងម៉េចដែរ?
សុខ សេរី ៖ មានគម្រោងការប្រកបមុខរបរអ្វីនៅក្រៅឃុំនេះ ធ្វើការងារអីដើម្បីចិញ្ចឹមជីវិត?
ប៊ន សំណាង ៖ ចំណុចហ្នឹងហើយដែលខ្ញុំគិតស្មុគជាងគេ ព្រោះខ្ញុំចាប់ផ្ដើមពីឥឡូវទៅ ពីសូន្យទៅហើយ ខាតពេលនៅក្នុងនោះអស់៥ឆ្នាំហើយ។
លោកស្រី នួន កឹមស្រ៊ី ម្តាយរបស់ ប៊ន សំណាង ដែលមានលំនៅរស់នៅក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ៖ «ឲ្យ រកការងារអីធ្វើ ឥឡូវសុញគ្នាមិនដឹងគិតគូរអីទៅកន្លែងណាកន្លែងណី។ ថ្ងៃដែលចេញភ្លាមមកពីពន្ធនាគារខ្ញុំយកចូលវត្តស្រោចទឹកទាំងពីរ នាក់ ទាំង សុខ សំអឿន ទាំងកូនខ្ញុំអីហើយបាននាំគ្នាមកផ្ទះ។ ខ្ញុំមិនទាន់ដឹងពិតប្រាកដទេ ព្រោះខ្ញុំខ្វះខាតណាស់មួយរយៈមកដែលកូនខ្ញុំជាប់ឃុំឃាំង៥ឆ្នាំ គឺខាតបង់អស់ច្រើនណាស់កិត្តិយស។ ខ្មាសគេរឿងឈ្មោះនៅក្នុងគុកមិនល្អទេ ខ្ញុំបាត់បង់កិត្តិយសច្រើនណាស់។ មិនហ៊ាននេះផង វានៅអត់ហ៊ានចេញផង នៅតែក្នុង។ មិនដឹងយ៉ាងម៉េចទេជាប់៥ឆ្នាំដូចរាងរអើលខ្លាចៗ មិនហ៊ាន គ្រាន់តែអើតនៅមាត់ទ្វារមួយភ្លែតៗ វាចូលមកវិញហើយ»។
លោក ជុំ សុវណ្ណលី មេធាវីរបស់ ប៊ន សំណាង បានមានប្រសាសន៍ថា តុលាការមិនបានរកឃើញទោសកំហុសឬបានចេញសាលដីការបស់តុលាការកំពូល ចំពោះកូនក្តីរបស់លោកជាស្ថាពរនៅទ្បើយទេ ដូច្នេះលោកមិនអាចថ្វាយសំណើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្ដម សីហមុនី ដើម្បីសុំការប្រទានការលើកលែងទោសចំពោះកូនក្ដីរបស់លោកបាននៅឡើយ ទេ។
លោកបានបន្តថា ៖ «រឿងក្ដីនេះអត់ទាន់ចប់នៅឡើយទេ រឿងក្ដីនេះតុលាការកំពូលសម្រេចបង្វិលទៅសាលាឧទ្ធរណ៍ដើម្បីធ្វើការ ស៊ើបអង្កេតឡើងវិញ អ៊ីចឹងរឿងក្ដីអត់ទាន់ចប់ជាស្ថាពរទេ។ ករណីដែលយើងសុំទៅព្រះមហាក្សត្រ លុះត្រាតែសាលដីកាហ្នឹងចូលជាស្ថាពរ។ អ្នកទាំងពីរក្រោមការត្រួតត្រាតាមផ្លូវតុលាការ»។
សូមរំឭកថា លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការកំពូលបានសម្រេចដោះលែងកាលពីថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០០៨កន្លងទៅថ្មីៗនេះ ឲ្យមានសេរីភាពជាបណ្ដោះអាសន្ននៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់ អាជ្ញាធរនិងតុលាការក្រោយពីអ្នកទាំងពីរបានជាប់ក្នុងមន្ទីរ ឃុំឃាំងរយៈពេលជិត៥ឆ្នាំបន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោស ឲ្យអ្នកទាំងពីរជាប់គុកម្នាក់ៗ២០ឆ្នាំក្រោមបទចោទថាបានបាញ់ សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ។
តុលាការកំពូលបានប្រកាសបញ្ជាឲ្យសមត្ថកិច្ចសើរើឬបើក ការស៊ើបអង្កេតទ្បើងវិញនៅគ្រាដែលសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ព្រមទាំងអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្ដម សីហនុ កន្លងមកបានទទូចសុំឲ្យដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពវិញជាមួយ នឹងការអះអាងថាអ្នកទាំងពីរមិនមែនជាឃាតករពិតទ្បើយ៕
ដកស្រង់ពីRFA