ព្រឹត្តិការណ៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

Posted by: SAMBOhengnews / Category:


សកម្មភាពប្រជាពលរដ្ឋចូលរួមអបអរសាទរថ្ងៃ​ ៧មករានៅពហុកីឡាដ្ឋានអូឡាំពិក
រូបភាពពីEveryday
មកទល់នឹងពេលនេះក្នុងចំណោមជនកម្ពុជាពុំទាន់មានការយល់ស្របគ្នាស្តីពីអត្ថន័យនៃថ្ងៃ៧ មករា ១៩៧៩ នៅឡើយទេ។
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចតាំងតែពីដើមរហូតមកតែង បានចាត់ទុកថា ៧មករាជាទិវាបុណ្យជាតិដ៏ធំបំផុតមួយ ហើយនៅថ្ងៃ៧ មករា ២០០៩ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជានេះកំពុងប្រារព្ធខួបគម្រប់៣០ឆ្នាំដ៏ធំ អស្ចារ្យមួយដែលចូលរួមដោយប្រជារាស្រ្ត។
គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃរំដោះប្រជាជនកម្ពុជាផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងមានជីវិតថ្មីជាលើកទី២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអនុប្រធានគណបក្សមានប្រសាសន៍តិះដៀលក្រុមអ្នកជំទាស់ចំពោះមតិ របស់គណបក្សប្រជាជនកម្ពុជាថាជាសត្វ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «បើអ្នកឯងមិនហ៊ាន ទទួលស្គាល់នូវការពិត អ្នកឯងមិនមែនជាមនុស្សទេ គឺពិតជាសត្វ នេះជារឿងពិត បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ទេ តើយើងមានថ្ងៃនេះទេ?»។
កាលពី៣០ឆ្នាំមុននៅថ្ងៃ៧ មករា កម្លាំងតស៊ូខ្មែរដែលបែកចេញពីក្រុមខ្មែរក្រហម មានកងទ័ពយៀកណាមកុម្មុយនីស្តគាំទ្របានវាយដណ្តើមកាន់កាប់ប្រទេស កម្ពុជាហើយពួកខ្មែរក្រហម ប៉ុល ពត បានទៅលាក់ខ្លួនក្នុងព្រៃនិងទៅនៅជាយដែនខ្មែរថៃ។
លោក ង្វៀន កូថាច់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមយៀកណាម បានប្រាប់អ្នកកាសែតបញ្ជាក់មូលហេតុថា បើមិនជួយប្រជាជនកម្ពុជាភ្លាមៗទេនោះកម្ពុជានឹងស្លាប់។
លោក ង្វៀន កូថាច់ បានមានប្រសាសន៍ថា ៖ "យើងគិតថា បើមិនឆ្លើយតបទេ គឺគេមិនអាចរស់បានទេ ពីព្រោះនៅឆ្នាំ១៩៧៩ ពួកគេជិតស្លាប់ដោយអត់បាយទៅហើយ ប្រាកដណាស់គឺស្លាប់ដោយអត់បាយ ពីព្រោះរបប ប៉ុល ពត តាំងពីឆ្នាំ១៩៧៥មក ប្រជាជនបានក្លាយជាទាសករ ហើយប្រទេសសង្គមនិយមបានធ្វើឲ្យពួកគេល្អប្រសើរឡើង។ ប្រសិនបើគ្មានជំនួយបែបនោះពីប្រទេសសង្គមនិយមនិងពីបណ្ដាប្រទេស នានាលើសកលលោកទេនោះ ប្រជាជនកម្ពុជានឹងនៅតែរងទុក្ខលំបាក"។
នៅដើមទសវត្សរ៍១៩៨០មានចលនាតស៊ូខ្មែរច្រើនក្រុមបានត្រូវបង្កើត ឡើងនៅព្រំដែនខ្មែរថៃដើម្បីតស៊ូប្រឆាំងនឹងវត្តមាននៃកងទ័ព យៀកណាម។ កាលណោះសម្តេចព្រះនរោត្តម សីហនុ មានបន្ទូលអំពីយៀកណាមថា ៖ "យើងចង់ធ្វើជាមិត្ត ជាមិត្តដ៏ល្អ មិត្តស្មោះត្រង់ជាមួយយៀកណាម ដើម្បីយៀកណាម។ ក៏ប៉ុន្តែអ្វីដែលយៀកណាមបានធ្វើរួចហើយនៅកម្ពុជាគឺមិនអាចទទួលយក បានទេ"។
ទោះបីយ៉ាងណាក្តីនៅក្រោយពេលព្រះអង្គទទួលព្រះបរមងារជាព្រះ មហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងទទួលស្គាល់ថ្ងៃ៧ មករា ដូចការចាត់ទុករបស់គណបក្សប្រជាជនកម្ពុជាយ៉ាងបេះបិទ។
មកទល់នឹងពេលនេះចំពោះអត្ថន័យនៃថ្ងៃ៧ មករា ប្រជាពលរដ្ឋនិងអ្នកនយោបាយខ្មែរខ្លះទាំងនៅក្នុងស្រុកនិងនៅក្រៅ ស្រុកពុំទាន់មានការយល់ស្របគ្នានៅឡើយទេ។
មតិដែលជំទាស់នោះបានចាត់ទុកថា ថ្ងៃ៧ មករា ១៩៧៩ ថាគឺជាថ្ងៃដែលប្រទេសយៀកណាមដាក់នឹមអាណានិគមនៅកម្ពុជា ហើយកងទ័ពយៀកណាមបានស្ថិតនៅក្នុងស្រុកខ្មែរអស់រយៈពេល១០ឆ្នាំទើប មានការប្រកាសដកទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩នៅស្របពេលដែលមាន កិច្ចប្រឹងប្រែងដំបូងបំផុតរកការចរចារវាងមេដឹកនាំក្រុមតស៊ូប្រឆាំង វត្តមានយៀកណាមនិងតំណាងរដ្ឋកម្ពុជាដែលយៀកណាមបានបន្តុបឡើងនោះ។
ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកគឺលោក សួន សេរីរដ្ឋា បានហៅរយៈពេល៣០ឆ្នាំក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការបម្រើក្រុងហាណូយត្រួតត្រាកម្ពុជាទាំងចំហផងទាំងបិទបាំង ផងដែលនោះគឺជាគ្រោះមហន្តរាយធ្វើឲ្យខ្មែរបាត់បង់អធិបតេយ្យភាព បាត់បង់បូរណភាពទឹកដី បាត់បង់អត្តសញ្ញាណជាតិ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៖ «រដ្ឋបាលក្រុងភ្នំពេញអត់បាន បម្រើប្រយោជន៍ជាតិ ថាតើយួនរំលោភឈ្លានពានយ៉ាងម៉េចពិតប្រាកដ អត់បានទៅអង្កេតឲ្យដិតដល់ទេ បែរជាចោទប្រកាន់សកម្មជនការពារព្រំដែន តាមចាប់ តាមធ្វើទារុណកម្មរហូតដល់សកម្មជនព្រំដែនមួយចំនួនរត់មិនអាចនៅ ក្នុងប្រទេសបាន ហើយអ្នកតវ៉ានៅក្នុងប្រទេសក៏ត្រូវជាប់គុក។ ក្រោយឆ្នាំ៧៩ ក្រោយថ្ងៃ៧មករា យួនបានបង្ខំឲ្យមានសន្ធិសញ្ញា ៨១, ៨២, ៨៥ ដែលជាសន្ធិសញ្ញាមិនស្មើភាព ហើយសន្ធិសញ្ញានេះគួរតែទុកជាមោឃៈនៅក្រោយពេលដែលសន្ធិសញ្ញា ២៣ តុលា ឆ្នាំ៩១ ចូលជាធរមាន ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញបានខិតខំជំរុញឲ្យសន្ធិសញ្ញានេះ កាន់តែមានប្រសិទ្ធភាពថែមទៀតដោយចុះសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ ២០០៥។ ការពង្រីកសមាគមយួននៅទូទាំងប្រទេសកម្ពុជាគឺជាការបម្រើផលប្រយោជន៍ យួនដែលកំពុងតែរស់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជា»។
រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហៅក្រុមអ្នករិះគន់ថាជាអ្នកមិនបានជួយអ្វីដល់ប្រជាជន ៖ «និយាយ រួមអ្នកដែលរិះគន់ ៧ មករា ចាប់ផ្ដើមពីអ្នកដែលនៅក្រៅប្រទេសទេ ពីព្រោះពេលហ្នឹងគាត់ខ្មាសអៀន... គឺពេលដែលគាត់អៀន ពីព្រោះនៅពេលដែលគាត់ដឹងថាខ្មែរយើងវេទនាណាស់ ហើយគាត់នៅខាងក្រៅអត់បានធ្វើអី។ អ៊ីចឹងអាហ្នឹងដូចជារឿងនិទានបារាំងមួយ គេនិយាយថា កញ្រ្ជោងវាចង់ស៊ីផ្លែទំពាំងបាយជូរ ដល់វាបេះមិនបាន វាមិនថាវាបេះមិនបានទេ វាថាវាខ្ជិលស៊ី អាហ្នឹងខ្ចីពេក។ អាហ្នឹងអ៊ីចឹងដែរទេ ដោយសារវាគ្មានអីរួមចំណែកក្នុងការរំដោះប្រជាជន រួមចំណែកអីក្នុងការជួយរំលែកទុក្ខសោកប្រជាជនខ្មែរ ចោទ៧មករាទៅ»។
ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ គឺលោក សួន សេរីរដ្ឋា ហៅសេចក្តីថ្លែងការណ៍ទាំងឡាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា ថាគឺជាការមើលងាយឯកភាពជាតិខ្មែរដែលបានមកតាមរយៈថ្ងៃ២៣ តុលា ១៩៩១ ដែលជាថ្ងៃនាំមកនូវការរួបរួមជាតិជំរុញបរទេសចេញពីមាតុភូមិ និងមានការកសាងសង្គមខ្មែរតាមរបៀបប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
លោក សួន សេរីរដ្ឋា បានថ្លែងថា ៖ «ការដែលលើកតម្កើង ៧ មករា គឺជាការលើកតម្កើងថ្ងៃយួនឈ្លានពាន ហើយវាយបង្អាប់ស្មារតីខ្មែរទៅវិញទេ ពីព្រោះមិនបានទទួលយកស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ៩១។ គេមិនបានទទួលយកនូវសម្បទានរបស់ខ្មែរគ្រប់ភាគីដែលបានដាក់ចិត្ត ដាក់កាយថា ឈប់ធ្វើសង្រ្គាមហើយរួមគ្នាមកកសាងស្រុក រួមគ្នាកសាងយុត្តិធម៌សង្គម រួមគ្នាកសាងលទ្ធិប្រជាធិបតេយ្យ រួមគ្នាកសាងការគោរពសិទ្ធិមនុស្ស ឲ្យកម្ពុជាមានការអភិវឌ្ឍ»។
យោងតាមសេចក្តីថ្លែងការណ៍នានារបស់រដ្ឋាភិបាលភ្នំពេញក្នុង៣០ ឆ្នាំនេះឲ្យដឹងថា ក្រៅពីរឹតបន្តឹងសាមគ្គីភាពមិត្តភាពជាមួយយៀកណាមកម្ពុជាក៏បានចង សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយចិន ព្រមទាំងជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់និងក្នុងសកលលោក រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។
តាមរយៈកិច្ចសហការនោះមេដឹកនាំកម្ពុជាបច្ចុប្បន្នតែងតែលើកឡើងពី ការលូតលាស់ច្រើនវិស័យរបស់ខ្មែរដែលរស់រានមានជីវិតជាថ្មីឡើងវិញ ដោយសារតែថ្ងៃ៧ មករានេះ៕
ដកស្រង់ពីRFA


0 comments: