មនុស្សជាង៥ម៉ឺននាក់ប្រារព្ធខួបលើកទី៣០នៃទិវា៧ មករា
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
ប្រជាពលរដ្ឋកាន់ទង់ជាតិគ្រវីក្នុងអំឡុងពេលនៃការប្រារព្ធខួបលើក ទី៣០នៃទិវាជ័យជំនះលើរបបខ្មែរក្រហម នាថ្ងៃទី៧ មករា ២០០៩ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក
រុបភាពពីRFA
មនុស្សប្រមាណ ៥ម៉ឺននាក់ បានមកជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងក្រុងភ្នំពេញនៅ ព្រឹកថ្ងៃ៧ មករា ដើម្បីរំឭកខួបលើកទី៣០ នៃទិវាជ័យជំនះលើរបបខ្មែរក្រហមប៉ុលពត។
មានប្រសាសន៍ក្នុងពិធីដ៏អធិកនេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានអះអាងអំពីការរីកចម្រើនគ្រប់វិស័យក្នុងទូទាំងប្រទេស ជាពិសេសគឺវិស័យសេដ្ឋកិច្ចក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជា ស្នូល។
លោក ជា ស៊ីម ថ្លែងយ៉ាងដូច្នេះថា ៖ «សេដ្ឋកិច្ចជាតិនិងការ លូតលាស់ក្នុងល្បឿនយ៉ាងលឿន ជាពិសេសតាមរយៈនៃការរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម ទុនបម្រុង ជារូបិយប័ណ្ណបរទេសកើនឡើងជិត ៣ដង ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចំណូលថវិកាជាតិមានកំណើនខ្ពស់ ដែលបានពង្រីកលទ្ធភាពក្នុងការបង្កើនចំណាយទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ... កសិកម្ម អប់រំ សុខាភិបាល ការបង្កើនបៀវត្សរ៍ជូនមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម ៣០% នៅឆ្នាំ២០០៧»។
ទោះបីជាយ៉ាងនេះក្តី លោក ជា ស៊ីម ក៏បានទទួលស្គាល់ដែរថា ការរីកចម្រើននេះនៅមិនទាន់គ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ ៖ «ការលើកកម្ពស់កម្រិតជីវភាពប្រជាជន ជាពិសេសប្រជាជនកម្ពុជា ៣០% ស្ថិតនៅក្រោយខ្សែបន្ទាត់នៃភាពក្រីក្រ និងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ នៅតែជាគោលដៅអាទិភាពដែលត្រូវស្វះស្វែងនៅពេលខាងមុខ»។
គួរបញ្ជាក់ថា ពិធីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំនេះ រៀបចំឡើងយ៉ាងអធិកដែលពុំធ្លាប់មានក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយមានការដើរដង្ហែក្បួនព្យុហយាត្រាដើម្បីបង្ហាញពីស្នាដៃនិង សមិទ្ធផលនៃខេត្តក្រុងនីមួយៗទាំង២៤ ក្នុងទូទាំងប្រទេសផងដែរ។
ថ្ងៃ ៧ មករា ដែលត្រូវបានកំណត់ជាពិធីបុណ្យផ្លូវការសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន
នៅមានភាពចម្រូងចម្រាសខាងនយោបាយនៅឡើយ។
អ្នកនយោបាយខ្លះចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងបានចាត់ទុកថ្ងៃនេះជាការឈ្លានពានរបស់កងទ័ព វៀតណាម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព៌តមានលោក ខៀវ កាញារីទ្ធ ចាត់ទុកក្រុមអ្នកនិយាយប្រឆាំងថ្ងៃ៧ មករា ថា ជាក្រុមនិយាយដើម្បីបិទបាំងនូវភាពអាម៉ាស់ដែលមិនបានចូលរួមក្នុង ការជួយរំដោះជាតិនិងប្រជាជនខ្លួនឯងប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យម្នាក់ គឺអ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា ក្រុមអ្នកប្រឆាំងនិងក្រុមអ្នកគាំទ្របានយកថ្ងៃ៧ មករា ដើម្បីទាក់ទាញការគាំទ្រពីមហាជនសម្រាប់ក្រុមខ្លួន៕
ដកស្រង់ពីRFA