កម្ពុជាគ្រោងនឹងជជែកបញ្ហាជម្លោះព្រំដែនជាមួយថៃនៅឯកិច្ចប្រជុំអាស៊ាន
Posted by: SAMBOhengnews / Category: Cambodia, Praeh Vihear
ទាហានខ្មែរដើរល្បាតនៅតំបន់ប្រឈមមុខប្រដាប់អាវុធជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៣ តុលា ២០០៨
រូបភាពពីRFA
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងលើកយកបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារដើម្បីជជែក ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរនោះ មានប្រសាសន៍គូសបញ្ជាក់អំពីលទ្ធភាពរបស់កម្ពុជាក្នុងការជជែកជាមួយ សមភាគីថៃ នាកិច្ចប្រជុំនៅហួហ៊ីន នៃប្រទេសថៃនោះ យ៉ាងដូច្នេះថា ៖ «សូម ជម្រាបថា កិច្ចប្រជុំអាស៊ាន បន្ទាប់មកមានកិច្ចប្រជុំទ្វេភាគី ប៉ុន្តែជាធម្មតា កិច្ចប្រជុំអាស៊ានគេមានរបៀបវារៈ អ៊ីចឹងក៏យើងដឹងអំពីច្បាប់អន្តរជាតិដែរ អ៊ីចឹងរបៀបវារៈនិយាយប៉ុន្មាន យើងនិយាយក្នុងកម្រិតហ្នឹង ប៉ុន្តែកម្ពុជារក្សាសិទ្ធិ ទី១ យើងនឹងជជែកជាមួយនាយករដ្ឋមន្ត្រីថៃនៅក្នុងការជជែកអំពីបញ្ហា ព្រះវិហារ។ ទី២ បើសិនជាការជជែកហ្នឹង លទ្ធផលវាមិនបានវិជ្ជមានទេ កម្ពុជារក្សាសិទ្ធិក្នុងការជម្រាបជូនអ្នកកាសែតអន្តរជាតិទាំងអស់ អំពីសភាពការណ៍នៅព្រះវិហារហ្នឹង»។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ត្រូវថៃដែលទទួលវេនជាអគ្គលេខាធិការអាស៊ាន គ្រោងធ្វើចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា នៅឯហួហ៊ីន ប្រទេសថៃ។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ គឺលោក Abhisit Vejjajiva បានថ្លែងប្រាប់អ្នកកាសែតនៅក្រុងបាងកក កាលពីថ្ងៃម្សិលមិញថា លោកជឿជាក់ថា សមភាគីកម្ពុជានឹងមិនលើកឡើងនូវបញ្ហាប្រាសាទព្រះវិហារដែលមិនទាន់ ដោះស្រាយរួចនោះនៅឯជំនួបប្រជុំកំពូលអាស៊ាននោះឡើយ។
នាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva មានប្រសាសន៍បន្តថា ជាគោលការណ៍អំពីបញ្ហាព្រំដែននេះ គឺភាគីថៃបានយល់ព្រមហើយ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០នោះ។
លោកបណ្ឌិត សុក ទូច សាស្ត្រាចារ្យប្រវត្តិសាស្រ្តនយោបាយមានប្រសាសន៍ថា ថៃមិនចង់ឲ្យបរទេសដឹងឮអំពីទំនាស់ជាមួយខ្មែរនៅតំបន់ប្រាសាទ ព្រះវិហារឡើយ ពីព្រោះនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ថៃមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទំនាស់ជាមួយលាវ ភូមា និងម៉ាឡេស៊ី ជាដើម ៖ «អ៊ីចឹង កាលណាខ្មែរពន្លេចនូវបញ្ហានេះឲ្យពិភពលោក ឬប្រទេសនៅលើពិភពលោកយល់ថា ថៃជាប្រទេសមួយដែលមិនយល់ច្បាប់ ជាប្រទេសមួយដែលបង្កអសន្តិសុខដែលយកបញ្ហាកម្ពុជាជាចំណាប់នៃបញ្ហា ផ្ទៃក្នុងរបស់ប្រទេសថៃ»។
សូមជម្រាបបន្ថែមថា ជម្លោះនៅតាមព្រំដែនកម្ពុជានិងថៃនៅពុំទាន់មានដំណោះស្រាយនៅឡើយ ទេ ហើយការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសថៃជាបន្តបន្ទាប់ បាននាំឲ្យអាក់ខានគម្រោងបោះបង្គោលព្រំដែននៅត្រង់ចំណុចអាទិភាព ជិតប្រាសាទព្រះវិហារ ដែលភាគីទាំងពីរ គឺខ្មែរនិងថៃ បានយល់ព្រមធ្វើតាំងពីពាក់ខែធ្នូនោះផង៕
ដកស្រង់ពីRFA