សាលាក្ដីខ្មែរក្រហមបើកសវនាការដំបូងនៅថ្ងៃ១៧ កុម្ភៈ ២០០៩
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
កាំង ហ្កិចអ៊ាវ ហៅ ឌុច (ខាងស្ដាំ) អតីតមេគុកទួលស្លែងនៃរបបខ្មែរក្រហម ជជែកជាមួយមេធាវីការពារក្ដី លោក François Roux (ខាងឆ្វេង) នៅក្នុងកិច្ចប្រជុំមួយនៅឯសាលាក្ដីខ្មែរក្រហម នាថ្ងៃទី១៩ មករា ២០០៩
រូបភាពពីRFA
ក្រោយពីមានការទន្ទឹងរង់ចាំជាយូរមក នៅថ្ងៃទី១៩ មករានេះ សាលាក្តីខ្មែរក្រហមបានជូនដំណឹងជាសាធារណៈថា នឹងបើកសវនាការដំបូងនៅថ្ងៃទី១៧ កុម្ភៈ ខាងមុខ ដើម្បីកាត់ទោសអតីតប្រធានគុកទួលស្លែង។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅជាសាមញ្ញថា សាលាក្តីខ្មែរក្រហម បានចេញផ្សាយសេចក្តីសម្រេចអំពីកាលបរិច្ឆេទសវនាការបថមទៅលើឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហមកាន់អំណាចថា នឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៧ កុម្ភៈ និងថ្ងៃបន្តបន្ទាប់ទៀតនៅសាលសវនាការរបស់សាលាក្តីខ្មែរក្រហម។
សេចក្តីសម្រេចដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៩ មករានេះ បានបញ្ជាក់ផងដែរថា ជនដែលដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ត្រូវដាក់ពាក្យទៅអង្គភាពជនរងគ្រោះរបស់សាលាក្តីឲ្យបាន ១០ថ្ងៃ មុនពេលសវនាការដំណើរការ។
ការចេញសេចក្តីសម្រេចបើកសវនាការកាត់ទោស ឌុច នៅថ្ងៃទី១៧ កុម្ភៈនេះ បានកើតមានឡើង ក្រោយពីមានការប្រជុំរបស់ចៅក្រមនិងមន្រ្តីជាតិនិងអន្តរជាតិរបស់ សាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៥ និង ១៦ មករា កន្លងទៅ។
លោក រាជ សម្បត្តិ មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ឲ្យដឹងថា សវនាការនេះនឹងមានអ្នកចូលរួមជាច្រើននាក់ ហើយមិនមានការផ្សាយបន្តផ្ទាល់ទេ ៖ «យើងរំពឹងថា នឹងមានមនុស្សចូលរួមច្រើន ពីព្រោះវាជាសវនាការសាធារណៈជាលើកដំបូង ហើយវាគឺជាសវនាការដែលកើតឡើងក្រោមការរំពឹងទុកនៃមនុស្សរាប់លាន នាក់ដែលធ្លាប់ទទួលរងការធ្វើទុក្ខបុកម្នេញនៅក្រោមរបបកម្ពុជា ប្រជាធិបតេយ្យ។ នៅពេលហ្នុង ខាងតុលាការបានរៀបចំកន្លែងប្រហែលជា ៥០០កន្លែង ប៉ុន្តែមិនមែនសម្រាប់មនុស្សទូទៅទាំងអស់នោះទេ នៅក្នុងហ្នឹង គឺមានចាប់ពីជនរងគ្រោះ អ្នកការទូត មានសម្រាប់សិស្សនិស្សិតនៅតាមសាលារៀននានា មានសម្រាប់បុគ្គលិក ឬសមាជិកអង្គការក្រៅរដ្ឋាភិបាល ឬក៏ភាគីដែលពាក់ព័ន្ធនៅក្នុងផ្នែកច្បាប់»។
លោក សុក សំអឿន ប្រធានសម្របសម្រួលរបស់គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្សកម្ពុជា ដែលមានអង្គការសមាគមចំនួន២១ជាសមាជិក បានមានប្រសាសន៍ឲ្យដឹងថា លោកស្វាគមន៍ចំពោះការកាត់ក្តីដំបូងរបស់សាលាក្តីខ្មែរក្រហមនេះ។
លោក សុក សំអឿន មានប្រសាសន៍ដូច្នេះថា ៖ «យើងថា វាជាជោគជ័យរបស់តុលាការនេះមួយកម្រិតហើយ ដែលធ្វើការរហូតដល់បើកសវនាការអ៊ីចឹង។ យើងចាត់ទុកថាជាជោគជ័យមួយជំហានហើយ»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា នេះជាព័ត៌មានមួយសំខាន់ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំជាយូរមកហើយ ៖ «យើងស្វាគមន៍ដែរ ព្រោះអីយើងរង់ចាំអស់រយៈពេលយូរហើយ...»។
សូមជម្រាបថា ឌុច ជាជនសង្ស័យម្នាក់ក្នុងចំណោមមនុស្ស៥នាក់ ដែលសាលាក្តីខ្មែរក្រហម បានឃុំខ្លួនដើម្បីកាត់ទោស ក្នុងនោះមានតាំងពីប្រធានរដ្ឋនិងរដ្ឋមន្រ្តីការបរទេសឡើងទៅ។
ជនសង្ស័យ ៤នាក់ទៀត មានលោក ខៀវ សំផន លោក នួន ជា លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ៕
ដកស្រង់ពីRFA