នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន កែ គឹមយ៉ាន ត្រូវ​គេ​បញ្ឈប់​ពី​តំណែង

Posted by: SAMBOhengnews / Category:


លោក កែ គឹមយ៉ាន អតីត​អគ្គ​បញ្ជាការ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ
រូបភាពពីRFA
នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក កែ គឹមយ៉ាន ត្រូវ​គេ​បញ្ឈប់​ពី​តំណែង​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ នេះ​ដោយ​ការដាក់​មនុស្ស​ថ្មី​មក​ជំនួស​វិញ។
យោង​តាម​ព្រះរាជ​ក្រឹត្យ​ឡាយព្រះហស្ត​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវ​បាន​គេ​តែតាំង​ឲ្យ​កាន់កាប់​តំណែង​ជំនួស​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន។

ព្រះរាជ​ក្រឹត្យ​មិន​បាន​ជូន​ដំណឹង​ថា តើ​លោក​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹង​ត្រូវ​គេ​ប្រគល់​តំណែង​អ្វី​ថ្មី​ណា​មួយ​នោះ​ទេ ព្រះរាជ​ក្រឹត្យ​គ្រាន់តែ​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​លោក​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ។

ព្រះរាជ​ក្រឹត្យ​នៅ​បាន​តែងតាំង​ឧត្តមសេនីយ៍​យោធា​៧​នាក់​ផ្សេង​ទៀត​ បន្ថែម​លើ​មុខ​នាទី​បច្ចុប្បន្ន​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ ខេមរភូមិន្ទ។

ឧត្តមសេនីយ៍​ទាំង​៧​ដែល​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​រង​ទាំង​នោះ​រួម ​មាន លោក​នាយ​ឧត្តមសេនីយ៍ មាស សុភា លោក​ឧត្តមសេនីយ៍​ឯក មល់ រឿប លោក​ឧត្តមសេនីយ៍​ឯក ជា តារា លោក​ឧត្តមសេនីយ៍​ឯក ហ៊ីង ប៊ុនហៀង លោក​ឧត្តមសេនីយ៍​ឯក សៅ សុខា និង​លោក​ឧត្តមនាវី​ឯក អ៊ុង សំខាន់៕
ដកស្រង់ពីRFA


Read more »

ការ​ប្រារព្ធ​ខួប​ទី​៥​នៃ​ការ​បាញ់​សម្លាប់​អតីត​មេ​សហជីព​កម្មករ ជា វិជ្ជា

Posted by: SAMBOhengnews / Category:


កម្មករ មេដឹកនាំ​សហជីព និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៤​នៃ​មរណភាព​លោក ជា វិជ្ជា នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ មករា ២០០៨
រូបភាពពីRFA
មេដឹកនាំ​សហជីព​សេរី​កម្មករ​បាន​ថ្លែង​ថា ការ​ប្រារព្ធ​ខួប​ទី​៥​នៃ​ការ​បាញ់​សម្លាប់ លោក ជា វិជ្ជា នា​ឆ្នាំ​នេះ នឹង​មាន​ការ​ចូលរួម​ពី​ជន​សង្ស័យ​ជា​ឃាតករ​ពីរ​រូប​គឺ​លោក សុខ សំអឿន និង ប៊ន សំណាង។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា បាន​មាន​ប្រសាសន៍​ថា ពិធីបុណ្យ​ខួប​នេះ​នឹង​ធ្វើ​នៅ​កន្លែង​ដែល​លោក ជា វិជ្ជា ត្រូវ​គេ​បាញ់​សម្លាប់ ជិត​វត្ត​លង្កា ជា​ធម្មតា ប៉ុន្តែ​អាច​នឹង​មាន​ភ្ញៀវ​ច្រើន​ជាង​ពេល​មុនៗ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សម្រាប់​គម្រប់​ខួប ៥​ឆ្នាំ របស់​លោក ជា វិជ្ជា ខាង​សហជីព​យើង​នឹង​ដាក់​កម្រង​ផ្កា​ដូច​រាល់​ឆ្នាំ​អ៊ីចឹង ប៉ុន្តែ​ឆ្នាំ​នេះ យើង​នឹង​មាន​អញ្ជើញ លោក សុខ សំអឿន និង លោក ប៊ន សំណាង ដើម្បី​ចូលរួម​ជាមួយ​នឹង​មន្ត្រី​សហជីព​ដែល​យើង​នឹង​គ្រោង​សម្លៀក​បំពាក់​ជា ​អាវ​លោក ជា វិជ្ជា តែ​ម្ដង»។

លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ត្រូវ​ឃាតករ​បាញ់​សម្លាប់ ខណៈ​កំពុង​អាន​កាសែត​នៅ​មុខ​តូប​លក់​កាសែត​មួយ​ជាប់​នឹង​របង​វត្ត​លង្កា​ ក្នុង​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២២ ខែ​មករា ឆ្នាំ​២០០៤។

ក្រោយ​ពី​ការ​បាញ់​សម្លាប់​នោះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ គឺ​លោក ប៊ន សំណាង និង សុខ សំអឿន ហើយ​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​គុក​ចាប់​ តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៥ កន្លង​មក ហើយ​រឿង​ក្តី​របស់​អ្នក​ទាំង​ពីរ រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ កន្លង​ទៅ​នេះ ទើប​តុលាការ​កំពូល​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

ការ​ចាប់​ខ្លួន ប៊ន សំណាង និង សុខ សំអឿន ក៏​ត្រូវ​បាន​តំណាង​សហជីព អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​នានា រួមទាំង​អ្នក​នយោបាយ​ជា​ច្រើន​ផង​ដែរ បាន​ចោទ​ជា​ការ​ចាប់​ខ្លួន​ឃាតករ​សិប្បនិម្មិត​តែ​ប៉ុណ្ណោះ។

លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា នឹង​មាន​ការ​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ឃាតករ​ពិត​ប្រាកដ ​នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក ជា វិជ្ជា នា​ពេល​ខាង​មុខ​នេះ​ទៀត ៖ «ជា​ ទូទៅ យើង​អត់​ចាំ​អ្វី​ដូច​ការ​លើក​ឡើង​របស់​តុលាការ​កំពូល​ថា ទុក​ឲ្យ​តុលាការ​សាលា​ឧទ្ធរណ៍​ធ្វើការ​ស្រាវជ្រាវ​ទេ យើង​នឹង​លើក​ពី​បញ្ហា​ហ្នឹង​នៅ​ពេល​ថ្ងៃ​ដាក់​កម្រង​ផ្កា​តែ​ម្ដង គឺ​យើង​អំពាវនាវ​ឲ្យ​មាន​ការ​តាម​ស្វែង​រក​ឃាតករ​និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ​យក​មក​ផ្ដន្ទា​ទោស»៕
ដកស្រង់ពីRFA


Read more »

សាលាក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​ដំបូង​នៅ​ថ្ងៃ​១៧ កុម្ភៈ ២០០៩

Posted by: SAMBOhengnews / Category:


កាំង ហ្កិចអ៊ាវ ហៅ ឌុច (ខាង​ស្ដាំ) អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម ជជែក​ជាមួយ​មេធាវី​ការពារ​ក្ដី លោក François Roux (ខាង​ឆ្វេង) នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​១៩ មករា ២០០៩
រូបភាពពីRFA

ក្រោយ​ពី​មាន​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក នៅ​ថ្ងៃ​ទី​១៩ មករា​នេះ សាលាក្តី​ខ្មែរ​ក្រហម​បាន​ជូន​ដំណឹង​ជា​សាធារណៈ​ថា នឹង​បើក​សវនាការ​ដំបូង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ខាង​មុខ ដើម្បី​កាត់​ទោស​អតីត​ប្រធាន​គុក​ទួលស្លែង។
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅ​ជា​សាមញ្ញ​ថា សាលាក្តី​ខ្មែរ​ក្រហម បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេច​អំពី​កាល​បរិច្ឆេទ​សវនាការ​បថម​ទៅ​លើ​ឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​ជា​អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​សម័យ​ខ្មែរ​ក្រហម​កាន់​អំណាច​ថា នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ និង​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​នៅ​សាល​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

សេចក្តី​សម្រេច​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ មករា​នេះ បាន​បញ្ជាក់​ផង​ដែរ​ថា ជន​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ត្រូវ​ដាក់​ពាក្យ​ទៅ​អង្គភាព​ជន​រង​គ្រោះ​របស់​សាលាក្តី​ឲ្យ​បាន ១០​ថ្ងៃ មុន​ពេល​សវនាការ​ដំណើរការ។

ការ​ចេញ​សេចក្តី​សម្រេច​បើក​សវនាការ​កាត់​ទោស ឌុច នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ បាន​កើត​មាន​ឡើង ក្រោយ​ពី​មាន​ការ​ប្រជុំ​របស់​ចៅក្រម​និង​មន្រ្តី​ជាតិ​និង​អន្តរជាតិ​របស់​ សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​១៥ និង ១៦ មករា កន្លង​ទៅ។

លោក រាជ សម្បត្តិ មន្រ្តី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សវនាការ​នេះ​នឹង​មាន​អ្នក​ចូលរួម​ជា​ច្រើន​នាក់ ហើយ​មិន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទេ ៖ «យើង​រំពឹង​ថា នឹង​មាន​មនុស្ស​ចូលរួម​ច្រើន ពីព្រោះ​វា​ជា​សវនាការ​សាធារណៈ​ជា​លើក​ដំបូង ហើយ​វា​គឺ​ជា​សវនាការ​ដែល​កើត​ឡើង​ក្រោម​ការ​រំពឹង​ទុក​នៃ​មនុស្ស​រាប់​លាន​ នាក់​ដែល​ធ្លាប់​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្រោម​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ នៅ​ពេល​ហ្នុង ខាង​តុលាការ​បាន​រៀបចំ​កន្លែង​ប្រហែល​ជា ៥០០​កន្លែង ប៉ុន្តែ​មិន​មែន​សម្រាប់​មនុស្ស​ទូទៅ​ទាំង​អស់​នោះ​ទេ នៅ​ក្នុង​ហ្នឹង គឺ​មាន​ចាប់​ពី​ជន​រង​គ្រោះ អ្នក​ការទូត មាន​សម្រាប់​សិស្ស​និស្សិត​នៅ​តាម​សាលារៀន​នានា មាន​សម្រាប់​បុគ្គលិក ឬ​សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ក៏​ភាគី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ផ្នែក​ច្បាប់»។

លោក សុក សំអឿន ប្រធាន​សម្រប​សម្រួល​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន​អង្គការ​សមាគម​ចំនួន​២១​ជា​សមាជិក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ចំពោះ​ការ​កាត់​ក្តី​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​នេះ។

លោក សុក សំអឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ថា វា​ជា​ជោគជ័យ​របស់​តុលាការ​នេះ​មួយ​កម្រិត​ហើយ ដែល​ធ្វើការ​រហូត​ដល់​បើក​សវនាការ​អ៊ីចឹង។ យើង​ចាត់ទុក​ថា​ជា​ជោគជ័យ​មួយ​ជំហាន​ហើយ»។

លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ព័ត៌មាន​មួយ​សំខាន់​ដែល​ប្រជាពលរដ្ឋ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ ៖ «យើង​ស្វាគមន៍​ដែរ ព្រោះ​អី​យើង​រង់ចាំ​អស់​រយៈពេល​យូរ​ហើយ...»។

សូម​ជម្រាប​ថា ឌុច ជា​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥​នាក់ ដែល​សាលាក្តី​ខ្មែរ​ក្រហម បាន​ឃុំ​ខ្លួន​ដើម្បី​កាត់​ទោស ក្នុង​នោះ​មាន​តាំង​ពី​ប្រធាន​រដ្ឋ​និង​រដ្ឋមន្រ្តី​ការបរទេស​ឡើង​ទៅ។

ជន​សង្ស័យ ៤​នាក់​ទៀត មាន​លោក ខៀវ សំផន លោក នួន ជា លោក អៀង សារី និង​លោកស្រី អៀង ធីរិទ្ធ៕
ដកស្រង់ពីRFA


Read more »

ព្រះមហាវីរក្សត្រស្នើសុំឲ្យកូនចៅឈប់ផ្ញើលិខិតថ្វាយព្រះអង្គ

Posted by: SAMBOhengnews / Category: ,


សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រួបភាពពីRFA

ព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានប្រកាសសុំឲ្យសាធារណជនឈប់សរសេរសំបុត្រចុតហ្មាយថ្វាយទៅកាន់ព្រះអង្គ។
ព្រះមហាវីរក្សត្របានមានព្រះរាជបន្ទូលដូច្នេះនៅក្នុងចុតហ្មាយ របស់ព្រះអង្គជាភាសាបារាំងមួយច្បាប់ចុះថ្ងៃទី១២ ខែមករាកន្លងទៅនេះ ផ្ញើចេញពីទីក្រុងប៉េកាំង ប្រទេសចិន ទីដែលព្រះអង្គកំពុងគង់នៅព្យាបាលព្រះរោគ។
នៅក្នុងលិខិតនោះព្រះអង្គបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះគឺនៅក្នុងឱកាសបុណ្យណូអែលនិងក្នុងឱកាសបុណ្យ ឆ្នាំសកល២០០៩នេះ ព្រះអង្គបានទទួលលិខិតជាច្រើនសន្ធឹកសន្ធាប់រាប់មិនអស់ រួមមានតាមរយៈអ៊ីម៉េលនិងផូស្តខាតផងនោះផ្ញើទៅថ្វាយព្រះពរនិងសួរ ព្រះសុខភាពរបស់ព្រះអង្គ។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា នៅពេលទទួលបានសារផ្ញើទាំងនោះហើយ ព្រះអង្គមានព្រះហឫទ័យត្រូវតែឆ្លើយតបវិញ ប៉ុន្តែដោយសារតែព្រះអង្គមានជំងឺតម្កាត់ប្រចាំព្រះកាយដែលត្រូវ សម្រាកឲ្យបានច្រើននោះ ព្រះអង្គមិនអាចសរសេរឆ្លើយតបទៅកូនចៅដែលសរសេរផ្ញើទៅថ្វាយ ព្រះអង្គវិញនោះបានទេ។
សូមជម្រាបថា កន្លងមកដោយហេតុផលដដែលនេះ ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់បានធ្វើសំណូមពរជាញឹកញាប់ដល់សាធារណជនឲ្យឈប់សរសេរសំបុត្រ ទៅកាន់ព្រះអង្គផងដែរ៕
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដកស្រង់ពីRFA


Read more »

តុលាការចោទប្រកាន់ជនសង្ស័យ៤នាក់ពាក់ព័ន្ធរឿងបង្កៃគ្រាប់បែក

Posted by: SAMBOhengnews / Category:


សមាជិកនៃក្រុមជំនាញផ្នែកគ្រាប់បែកពិនិត្យគ្រាប់បែកច្នៃដែលត្រូវ គេបង្កៃនៅមុខក្រសួងការពារជាតិក្នុងក្រុងភ្នំពេញ នាថ្ងៃទី២ មករា ២០០៩
រូបភាពពីRFA
តុលាការក្រុងភ្នំពេញនៅថៃ្ងច័ន្ទនេះបានចោទប្រកាន់ជាផ្លូវការលើ ជនសង្ស័យចំនួន៤នាក់ក្រោមបទថា បានកេណ្ឌនិងបញ្ចុះបញ្ចូលក្រុមភេរវកម្មនិងបានដាក់គឿងផ្ទុះឬ គ្រឿងប្រល័យនៅទីសាធារណៈ។
ការចោទប្រកាន់ខាងលើនោះគឺក្រោយពីមានការបង្កៃគ្រាប់បែកច្នៃ TNT ចំនួន៣គ្រាប់ នៅក្នុងទីក្រុងភ្នំពេញ កាលពីថៃ្ងទី២ ខែមករាកន្លងទៅថ្មីៗនេះ។
លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានតាមដានសំណុំរឿងនេះបានមានប្រសាសន៍ថា ៖ «លោក ព្រះរាជអាជ្ញារង ហ៊ីង ប៊ុនជា ចោទប្រកាន់ពីបទ ទី១ គឺកេណ្ឌនិងប្រមូលបញ្ចុះបញ្ចូលកម្លាំងភេរវកម្ម ហើយនិងទី២ គឺការដាក់គ្រឿងផ្ទុះនិងគ្រឿងប្រល័យនៅតាមទីសាធារណៈទៅតាមច្បាប់ ភេរវកម្ម»។
ផ្អែកតាមប្រភពបានឲ្យដឹងថា តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជនសង្ស័យទាំង៤នាក់នោះផ្អែក តាមមាត្រា៧៨ និងមាត្រា៧៥ នៃច្បាប់ប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា។ គេនៅមិនទាន់បានឃើញមេធាវីនៅឡើយទេសម្រាប់ការពារក្ដីឲ្យជន សង្ស័យទាំង៤នាក់នោះ។
សូមរំឭកថា ជនសង្ស័យទាំង៤នាក់នោះមានឈ្មោះ សោម ឯក ហៅ ទីតូ ជាអតីតសកម្មជននៃចលនា CFF និងចលនា KP នៅតាមបណ្តោយព្រំដែនខែ្មរថៃ និងជាមេខ្លោងនៃចលនារំដោះជាតិខែ្មរដែលចេះរូបមន្តធ្វើគ្រាប់បែក ច្នៃត្រូវបានចាប់ខ្លួនកាលពីថៃ្ងទី៦ ខែមករាកន្លងទៅថ្មីៗនេះ នៅឯប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយនឹងភរិយាឈ្មោះ ហុល កឹមទ្បាង ប៉ុន្តែសមត្ថកិច្ចបានដោះលែងភរិយាឈ្មោះ ហុល កឹមទ្បាងនោះ ឲ្យមានសេរីភាពវិញដោយសារគ្មានការពាក់ព័ន្ធ។
ជនសង្ស័យទី២ ឈ្មោះ រាជ សំណាង ជាអតីតស្នងការនគរបាលនៅខេត្តមណ្ឌលគិរីភាគឦសាននៃប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែមករាកន្លងទៅថ្មីៗនេះ។ ជនសង្ស័យទី៣ ឈ្មោះ ហួន សាវឿន ហៅ ភី សាវិន ជាមន្រ្តីយោធាផ្នែកស្រាវជ្រាវនៃក្រសួងការពារជាតិត្រូវបានចាប់ ខ្លួនកាលពីថៃ្ងទី៨ ខែមករា នៅស្រុកកៀនស្វាយ ខេត្តកណ្តាល និងជនសង្ស័យទី៤ ឈ្មោះ ឡឹក ប៊ុនញៀន ត្រូវបានចាប់ខ្លួនកាលពីថៃ្ងទី១១ ខែមករានេះ។
លោកស្រី ព្រំ ថាវី ជាភរិយារបស់លោក ហួន សារឿន ហៅ ភី សាវិន ជាមន្រ្តីយោធាផែ្នកស្រាវជ្រាវរបស់ក្រសួងការពារជាតិកម្ពុជាបានមាន ប្រសាសន៍ថា សមត្ថកិច្ចបានចាប់ខ្លួនស្វាមីលោកស្រីនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅខណៈដែលស្វាមីលោកស្រីកំពុងច្រូតស្មៅឲ្យគោ។
លោកស្រី ព្រំ ថាវី បានមានប្រសាសន៍ថា ៖ «ខ្ញុំមានការភ័យព្រួយ បារម្ភណាស់ ចេះតែចាប់ប្ដីខ្ញុំគ្មានរឿងអីទេ ចាប់ប្ដីខ្ញុំហ្នឹងគ្មានសំបុត្រ គ្មានស្នាម គ្មានប្រធានភូមិ គ្មានអីដឹងឮទេ ហៅឡើងឡាន ព្រោះអ្នកទៅចាប់ត្រូវជាប្អូនធម៌គាត់។ ឡើងឡានខ្ញុំមិននឹកស្មានថាចាប់អ៊ីចឹងទេ ស្មានតែគាត់ត្រូវគ្នាធម្មតា ធ្លាប់ផឹកធ្លាប់អីជាមួយគ្នា ខ្ញុំមិនដឹងអ៊ីចឹងទេ។ សូមជួយរកយុត្តិធម៌ឲ្យប្ដីខ្ញុំផង ចោទនេះ ចោទសម្លាប់ប្ដីខ្ញុំ មិនមានកំហុសអីសោះ គ្មានភស្តុតាងអីបន្តិចបន្តួចសោះ»។
លោកស្រីទទូចសុំឲ្យសមត្ថកិច្ចនគរបាលនិងតុលាការក្នុងប្រទេសកម្ពុជាធ្វើការដោះលែងស្វាមីរបស់លោកស្រីឲ្យមានសេរីភាពវិញ។
ទាក់ទងនឹងបញ្ហានេះសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជាក៏មិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញបញ្ហាខាងលើនេះ៕
ដកស្រង់ពីRFA


Read more »

កម្ពុជាគ្រោងនឹងជជែកបញ្ហាជម្លោះព្រំដែនជាមួយថៃនៅឯកិច្ចប្រជុំអាស៊ាន

Posted by: SAMBOhengnews / Category: ,


ទាហានខ្មែរដើរល្បាតនៅតំបន់ប្រឈមមុខប្រដាប់អាវុធជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៣ តុលា ២០០៨
រូបភាពពីRFA
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងលើកយកបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារដើម្បីជជែក ពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។
លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរនោះ មានប្រសាសន៍គូសបញ្ជាក់អំពីលទ្ធភាពរបស់កម្ពុជាក្នុងការជជែកជាមួយ សមភាគីថៃ នាកិច្ចប្រជុំនៅហួហ៊ីន នៃប្រទេសថៃនោះ យ៉ាងដូច្នេះថា ៖ «សូម ជម្រាបថា កិច្ចប្រជុំអាស៊ាន បន្ទាប់មកមានកិច្ចប្រជុំទ្វេភាគី ប៉ុន្តែជាធម្មតា កិច្ចប្រជុំអាស៊ានគេមានរបៀបវារៈ អ៊ីចឹងក៏យើងដឹងអំពីច្បាប់អន្តរជាតិដែរ អ៊ីចឹងរបៀបវារៈនិយាយប៉ុន្មាន យើងនិយាយក្នុងកម្រិតហ្នឹង ប៉ុន្តែកម្ពុជារក្សាសិទ្ធិ ទី១ យើងនឹងជជែកជាមួយនាយករដ្ឋមន្ត្រីថៃនៅក្នុងការជជែកអំពីបញ្ហា ព្រះវិហារ។ ទី២ បើសិនជាការជជែកហ្នឹង លទ្ធផលវាមិនបានវិជ្ជមានទេ កម្ពុជារក្សាសិទ្ធិក្នុងការជម្រាបជូនអ្នកកាសែតអន្តរជាតិទាំងអស់ អំពីសភាពការណ៍នៅព្រះវិហារហ្នឹង»។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ត្រូវថៃដែលទទួលវេនជាអគ្គលេខាធិការអាស៊ាន គ្រោងធ្វើចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា នៅឯហួហ៊ីន ប្រទេសថៃ។
ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ គឺលោក Abhisit Vejjajiva បានថ្លែងប្រាប់អ្នកកាសែតនៅក្រុងបាងកក កាលពីថ្ងៃម្សិលមិញថា លោកជឿជាក់ថា សមភាគីកម្ពុជានឹងមិនលើកឡើងនូវបញ្ហាប្រាសាទព្រះវិហារដែលមិនទាន់ ដោះស្រាយរួចនោះនៅឯជំនួបប្រជុំកំពូលអាស៊ាននោះឡើយ។
នាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva មានប្រសាសន៍បន្តថា ជាគោលការណ៍អំពីបញ្ហាព្រំដែននេះ គឺភាគីថៃបានយល់ព្រមហើយ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០នោះ។
លោកបណ្ឌិត សុក ទូច សាស្ត្រាចារ្យប្រវត្តិសាស្រ្តនយោបាយមានប្រសាសន៍ថា ថៃមិនចង់ឲ្យបរទេសដឹងឮអំពីទំនាស់ជាមួយខ្មែរនៅតំបន់ប្រាសាទ ព្រះវិហារឡើយ ពីព្រោះនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ថៃមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាងជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទំនាស់ជាមួយលាវ ភូមា និងម៉ាឡេស៊ី ជាដើម ៖ «អ៊ីចឹង កាលណាខ្មែរពន្លេចនូវបញ្ហានេះឲ្យពិភពលោក ឬប្រទេសនៅលើពិភពលោកយល់ថា ថៃជាប្រទេសមួយដែលមិនយល់ច្បាប់ ជាប្រទេសមួយដែលបង្កអសន្តិសុខដែលយកបញ្ហាកម្ពុជាជាចំណាប់នៃបញ្ហា ផ្ទៃក្នុងរបស់ប្រទេសថៃ»។
សូមជម្រាបបន្ថែមថា ជម្លោះនៅតាមព្រំដែនកម្ពុជានិងថៃនៅពុំទាន់មានដំណោះស្រាយនៅឡើយ ទេ ហើយការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសថៃជាបន្តបន្ទាប់ បាននាំឲ្យអាក់ខានគម្រោងបោះបង្គោលព្រំដែននៅត្រង់ចំណុចអាទិភាព ជិតប្រាសាទព្រះវិហារ ដែលភាគីទាំងពីរ គឺខ្មែរនិងថៃ បានយល់ព្រមធ្វើតាំងពីពាក់ខែធ្នូនោះផង៕
ដកស្រង់ពីRFA


Read more »

រំលឹកខួបអនុស្សាវរីយ៏លើកទី៣០ ទីវាជយ័ជំនះ ៧មករា២០០៩ នៅនៅវេទិការបុណ្យជាតិខេត្ត ព្រះសីហនុ

Posted by: SAMBOhengnews / Category: ,


ពិធីបង្ហោះបេតបោងក្នុងឱកាសអបអរទិវាជយ័ជំនះ
ថ្ងៃ ៧មករា

ដើម្បីចូលរួមអបអរសាទរនិងរំលឺកខួបលើកទី៣០ នៃទិវាជយ័ជំនះជាប្រវត្តិសាស្ត្រថ្ងៃ ៧មករា ដែលជាថ្ងៃកំនើតទីពីររបស់ប្រជាជនកម្ពុជា នៅវេទិការបុណ្យជាតិខេត្តព្រះសីហនុមានរៀបចំប្រា
រព្ធពិធីអង្គមិទិ្ទញមហាជនមួយយ៉ាងមហោឡារិក។
ក្នុងឱកាសពិធីអង្គមិទិ្ទញនេះត្រូវបានចូលរួមក្រោម
ធិប្បតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស្បោង សារ៉ាត់ សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សខេត្ត និងជាអភិ បាលខេត្តព្រះសីហនុ មន្ត្រីរាជាការ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ គ្រប់មន្ទីក្រសួងទាំងអស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះក៏ មានវត្តមានឯកឧត្តមតំនាងរាស្រ្តខេត្ត ព្រះសីហនុ និងប្រតិភូខេត្តកៀងយ៉ាង សាជារណៈរដ្ឋសង្គម និយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងប្រតិភូខេត្តកៀងយ៉ាង សាធារណៈរដ្ឋវៀតណាមអញ្ចើញ ចូលរួមជាភ្ញៀវ កិត្តិយសនិងជូនបាច់ផ្កាដល់ឯកឧត្តមស្បោង សារ៉ាត់ ទុកជាអនុស្សាវរីផងដែរ។ហើយ អង្គមិទិញនេះ ផងដែរបានប្រារព្ធនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមករាឆ្នាំ២០០៩។
ក្នុងឱកាសដ៏មហោឡារឹកនេះផងដែរឯកឧត្តមស្បោង សារ៉ាត់ បានអានសន្ទរកថារបស់សម្តេច អគ្គមហាកម្មពោវិសាលជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាថា៖ ក្នុងឱកាសមិទិញរំលឹកខួបអនុ ស្សាវរីយ៏លើកទី៣០ ទិវាជយ័ជំនះ៧ មករាឆ្នាំ១៩៧៩ មកដល់ពេលនេះគឺ៧ មករាឆ្នាំ២០០៩ ដោយបានរំលឹកឡើងវិញអំពីការដឹកនាំតស៊ូនៃចលនារំដោះជាតិ របស់គណបក្សប្រជាជនកម្ពុជាឱ្យរួច ផុតពីរបបប្រលយ័ពូជសាសន៏ដ៏សាហាវយង់ឃ្នងនិងព្រៃផ្សៃបំផុត។ គឺផ្អែកលើមូលដ្ឋាននៃជយ័ជំនះ នេះហើយ ដែលទឹកដីខ្មែរបានស្ថិតស្ថេរ គង់វង្ស ហើយប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញ និងរីកចំរើនរហូតមកដល់បច្ចុប្បន្ន ក៏ដូចទៅអនាគតជារៀងរហូត។ ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ជនកម្ពុជា ប្រជាធិបតេយ្យ នឹងការដឹកនាំកសាង អភិវឌ្ឈន៏ប្រទេសជាតិ ពិបាទដៃទទេរហូតមានអ្វីៗគ្រ ប់បែបយ៉ាងមកដល់ពេលសព្វថ្ងៃនេះ។
ក្នុងពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីលើកទី៣០ ទិវាជយ័ជំនះជាប្រវត្តិសាស្រ្ត ថ្ងៃ៧មករា នៅខេត្ត ព្រះសីហនុនេះផងដែរក៏មានធ្វើពិធីដង្ហែរក្បួន ព្យុះហៈយាត្រាមហាជន បង្ហាញនូវការអភិវឌ្ឈន៏ និងរីក ចំរើនលើគ្រប់វិសយ័ដោយសារតែមានថ្ងៃ ៧មករា ឆ្នាំ១៩៧៩នេះឯង។
ដោយៈហេង សំបូរ


Read more »

ព្រឹត្តិការណ៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

Posted by: SAMBOhengnews / Category:


សកម្មភាពប្រជាពលរដ្ឋចូលរួមអបអរសាទរថ្ងៃ​ ៧មករានៅពហុកីឡាដ្ឋានអូឡាំពិក
រូបភាពពីEveryday
មកទល់នឹងពេលនេះក្នុងចំណោមជនកម្ពុជាពុំទាន់មានការយល់ស្របគ្នាស្តីពីអត្ថន័យនៃថ្ងៃ៧ មករា ១៩៧៩ នៅឡើយទេ។
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចតាំងតែពីដើមរហូតមកតែង បានចាត់ទុកថា ៧មករាជាទិវាបុណ្យជាតិដ៏ធំបំផុតមួយ ហើយនៅថ្ងៃ៧ មករា ២០០៩ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជានេះកំពុងប្រារព្ធខួបគម្រប់៣០ឆ្នាំដ៏ធំ អស្ចារ្យមួយដែលចូលរួមដោយប្រជារាស្រ្ត។
គណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃរំដោះប្រជាជនកម្ពុជាផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងមានជីវិតថ្មីជាលើកទី២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអនុប្រធានគណបក្សមានប្រសាសន៍តិះដៀលក្រុមអ្នកជំទាស់ចំពោះមតិ របស់គណបក្សប្រជាជនកម្ពុជាថាជាសត្វ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «បើអ្នកឯងមិនហ៊ាន ទទួលស្គាល់នូវការពិត អ្នកឯងមិនមែនជាមនុស្សទេ គឺពិតជាសត្វ នេះជារឿងពិត បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ ទេ តើយើងមានថ្ងៃនេះទេ?»។
កាលពី៣០ឆ្នាំមុននៅថ្ងៃ៧ មករា កម្លាំងតស៊ូខ្មែរដែលបែកចេញពីក្រុមខ្មែរក្រហម មានកងទ័ពយៀកណាមកុម្មុយនីស្តគាំទ្របានវាយដណ្តើមកាន់កាប់ប្រទេស កម្ពុជាហើយពួកខ្មែរក្រហម ប៉ុល ពត បានទៅលាក់ខ្លួនក្នុងព្រៃនិងទៅនៅជាយដែនខ្មែរថៃ។
លោក ង្វៀន កូថាច់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមយៀកណាម បានប្រាប់អ្នកកាសែតបញ្ជាក់មូលហេតុថា បើមិនជួយប្រជាជនកម្ពុជាភ្លាមៗទេនោះកម្ពុជានឹងស្លាប់។
លោក ង្វៀន កូថាច់ បានមានប្រសាសន៍ថា ៖ "យើងគិតថា បើមិនឆ្លើយតបទេ គឺគេមិនអាចរស់បានទេ ពីព្រោះនៅឆ្នាំ១៩៧៩ ពួកគេជិតស្លាប់ដោយអត់បាយទៅហើយ ប្រាកដណាស់គឺស្លាប់ដោយអត់បាយ ពីព្រោះរបប ប៉ុល ពត តាំងពីឆ្នាំ១៩៧៥មក ប្រជាជនបានក្លាយជាទាសករ ហើយប្រទេសសង្គមនិយមបានធ្វើឲ្យពួកគេល្អប្រសើរឡើង។ ប្រសិនបើគ្មានជំនួយបែបនោះពីប្រទេសសង្គមនិយមនិងពីបណ្ដាប្រទេស នានាលើសកលលោកទេនោះ ប្រជាជនកម្ពុជានឹងនៅតែរងទុក្ខលំបាក"។
នៅដើមទសវត្សរ៍១៩៨០មានចលនាតស៊ូខ្មែរច្រើនក្រុមបានត្រូវបង្កើត ឡើងនៅព្រំដែនខ្មែរថៃដើម្បីតស៊ូប្រឆាំងនឹងវត្តមាននៃកងទ័ព យៀកណាម។ កាលណោះសម្តេចព្រះនរោត្តម សីហនុ មានបន្ទូលអំពីយៀកណាមថា ៖ "យើងចង់ធ្វើជាមិត្ត ជាមិត្តដ៏ល្អ មិត្តស្មោះត្រង់ជាមួយយៀកណាម ដើម្បីយៀកណាម។ ក៏ប៉ុន្តែអ្វីដែលយៀកណាមបានធ្វើរួចហើយនៅកម្ពុជាគឺមិនអាចទទួលយក បានទេ"។
ទោះបីយ៉ាងណាក្តីនៅក្រោយពេលព្រះអង្គទទួលព្រះបរមងារជាព្រះ មហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានកោតសរសើរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងទទួលស្គាល់ថ្ងៃ៧ មករា ដូចការចាត់ទុករបស់គណបក្សប្រជាជនកម្ពុជាយ៉ាងបេះបិទ។
មកទល់នឹងពេលនេះចំពោះអត្ថន័យនៃថ្ងៃ៧ មករា ប្រជាពលរដ្ឋនិងអ្នកនយោបាយខ្មែរខ្លះទាំងនៅក្នុងស្រុកនិងនៅក្រៅ ស្រុកពុំទាន់មានការយល់ស្របគ្នានៅឡើយទេ។
មតិដែលជំទាស់នោះបានចាត់ទុកថា ថ្ងៃ៧ មករា ១៩៧៩ ថាគឺជាថ្ងៃដែលប្រទេសយៀកណាមដាក់នឹមអាណានិគមនៅកម្ពុជា ហើយកងទ័ពយៀកណាមបានស្ថិតនៅក្នុងស្រុកខ្មែរអស់រយៈពេល១០ឆ្នាំទើប មានការប្រកាសដកទ័ពចេញពីកម្ពុជានៅឆ្នាំ១៩៨៩នៅស្របពេលដែលមាន កិច្ចប្រឹងប្រែងដំបូងបំផុតរកការចរចារវាងមេដឹកនាំក្រុមតស៊ូប្រឆាំង វត្តមានយៀកណាមនិងតំណាងរដ្ឋកម្ពុជាដែលយៀកណាមបានបន្តុបឡើងនោះ។
ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកគឺលោក សួន សេរីរដ្ឋា បានហៅរយៈពេល៣០ឆ្នាំក្រោមរបបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការបម្រើក្រុងហាណូយត្រួតត្រាកម្ពុជាទាំងចំហផងទាំងបិទបាំង ផងដែលនោះគឺជាគ្រោះមហន្តរាយធ្វើឲ្យខ្មែរបាត់បង់អធិបតេយ្យភាព បាត់បង់បូរណភាពទឹកដី បាត់បង់អត្តសញ្ញាណជាតិ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៖ «រដ្ឋបាលក្រុងភ្នំពេញអត់បាន បម្រើប្រយោជន៍ជាតិ ថាតើយួនរំលោភឈ្លានពានយ៉ាងម៉េចពិតប្រាកដ អត់បានទៅអង្កេតឲ្យដិតដល់ទេ បែរជាចោទប្រកាន់សកម្មជនការពារព្រំដែន តាមចាប់ តាមធ្វើទារុណកម្មរហូតដល់សកម្មជនព្រំដែនមួយចំនួនរត់មិនអាចនៅ ក្នុងប្រទេសបាន ហើយអ្នកតវ៉ានៅក្នុងប្រទេសក៏ត្រូវជាប់គុក។ ក្រោយឆ្នាំ៧៩ ក្រោយថ្ងៃ៧មករា យួនបានបង្ខំឲ្យមានសន្ធិសញ្ញា ៨១, ៨២, ៨៥ ដែលជាសន្ធិសញ្ញាមិនស្មើភាព ហើយសន្ធិសញ្ញានេះគួរតែទុកជាមោឃៈនៅក្រោយពេលដែលសន្ធិសញ្ញា ២៣ តុលា ឆ្នាំ៩១ ចូលជាធរមាន ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញបានខិតខំជំរុញឲ្យសន្ធិសញ្ញានេះ កាន់តែមានប្រសិទ្ធភាពថែមទៀតដោយចុះសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ ២០០៥។ ការពង្រីកសមាគមយួននៅទូទាំងប្រទេសកម្ពុជាគឺជាការបម្រើផលប្រយោជន៍ យួនដែលកំពុងតែរស់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជា»។
រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានហៅក្រុមអ្នករិះគន់ថាជាអ្នកមិនបានជួយអ្វីដល់ប្រជាជន ៖ «និយាយ រួមអ្នកដែលរិះគន់ ៧ មករា ចាប់ផ្ដើមពីអ្នកដែលនៅក្រៅប្រទេសទេ ពីព្រោះពេលហ្នឹងគាត់ខ្មាសអៀន... គឺពេលដែលគាត់អៀន ពីព្រោះនៅពេលដែលគាត់ដឹងថាខ្មែរយើងវេទនាណាស់ ហើយគាត់នៅខាងក្រៅអត់បានធ្វើអី។ អ៊ីចឹងអាហ្នឹងដូចជារឿងនិទានបារាំងមួយ គេនិយាយថា កញ្រ្ជោងវាចង់ស៊ីផ្លែទំពាំងបាយជូរ ដល់វាបេះមិនបាន វាមិនថាវាបេះមិនបានទេ វាថាវាខ្ជិលស៊ី អាហ្នឹងខ្ចីពេក។ អាហ្នឹងអ៊ីចឹងដែរទេ ដោយសារវាគ្មានអីរួមចំណែកក្នុងការរំដោះប្រជាជន រួមចំណែកអីក្នុងការជួយរំលែកទុក្ខសោកប្រជាជនខ្មែរ ចោទ៧មករាទៅ»។
ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ គឺលោក សួន សេរីរដ្ឋា ហៅសេចក្តីថ្លែងការណ៍ទាំងឡាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា ថាគឺជាការមើលងាយឯកភាពជាតិខ្មែរដែលបានមកតាមរយៈថ្ងៃ២៣ តុលា ១៩៩១ ដែលជាថ្ងៃនាំមកនូវការរួបរួមជាតិជំរុញបរទេសចេញពីមាតុភូមិ និងមានការកសាងសង្គមខ្មែរតាមរបៀបប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
លោក សួន សេរីរដ្ឋា បានថ្លែងថា ៖ «ការដែលលើកតម្កើង ៧ មករា គឺជាការលើកតម្កើងថ្ងៃយួនឈ្លានពាន ហើយវាយបង្អាប់ស្មារតីខ្មែរទៅវិញទេ ពីព្រោះមិនបានទទួលយកស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ៩១។ គេមិនបានទទួលយកនូវសម្បទានរបស់ខ្មែរគ្រប់ភាគីដែលបានដាក់ចិត្ត ដាក់កាយថា ឈប់ធ្វើសង្រ្គាមហើយរួមគ្នាមកកសាងស្រុក រួមគ្នាកសាងយុត្តិធម៌សង្គម រួមគ្នាកសាងលទ្ធិប្រជាធិបតេយ្យ រួមគ្នាកសាងការគោរពសិទ្ធិមនុស្ស ឲ្យកម្ពុជាមានការអភិវឌ្ឍ»។
យោងតាមសេចក្តីថ្លែងការណ៍នានារបស់រដ្ឋាភិបាលភ្នំពេញក្នុង៣០ ឆ្នាំនេះឲ្យដឹងថា ក្រៅពីរឹតបន្តឹងសាមគ្គីភាពមិត្តភាពជាមួយយៀកណាមកម្ពុជាក៏បានចង សម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយចិន ព្រមទាំងជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់និងក្នុងសកលលោក រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។
តាមរយៈកិច្ចសហការនោះមេដឹកនាំកម្ពុជាបច្ចុប្បន្នតែងតែលើកឡើងពី ការលូតលាស់ច្រើនវិស័យរបស់ខ្មែរដែលរស់រានមានជីវិតជាថ្មីឡើងវិញ ដោយសារតែថ្ងៃ៧ មករានេះ៕
ដកស្រង់ពីRFA


Read more »

មនុស្សជាង៥ម៉ឺននាក់ប្រារព្ធខួបលើកទី៣០នៃទិវា៧ មករា

Posted by: SAMBOhengnews / Category:


ប្រជាពលរដ្ឋ​កាន់​ទង់ជាតិ​គ្រវី​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ ទី​៣០​នៃ​ទិវា​ជ័យ​ជំនះ​លើ​របប​ខ្មែរ​ក្រហម នា​ថ្ងៃ​ទី​៧ មករា ២០០៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូរឡាំពិក

រុបភាពពីRFA
មនុស្សប្រមាណ ៥ម៉ឺននាក់ បានមកជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងក្រុងភ្នំពេញនៅ ព្រឹកថ្ងៃ៧ មករា ដើម្បីរំឭកខួបលើកទី៣០ នៃទិវាជ័យជំនះលើរបបខ្មែរក្រហមប៉ុលពត។
មានប្រសាសន៍ក្នុងពិធីដ៏អធិកនេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម បានអះអាងអំពីការរីកចម្រើនគ្រប់វិស័យក្នុងទូទាំងប្រទេស ជាពិសេសគឺវិស័យសេដ្ឋកិច្ចក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជា ស្នូល។
លោក ជា ស៊ីម ថ្លែងយ៉ាងដូច្នេះថា ៖ «សេដ្ឋកិច្ចជាតិនិងការ លូតលាស់ក្នុងល្បឿនយ៉ាងលឿន ជាពិសេសតាមរយៈនៃការរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម ទុនបម្រុង ជារូបិយប័ណ្ណបរទេសកើនឡើងជិត ៣ដង ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ចំណូលថវិកាជាតិមានកំណើនខ្ពស់ ដែលបានពង្រីកលទ្ធភាពក្នុងការបង្កើនចំណាយទៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ... កសិកម្ម អប់រំ សុខាភិបាល ការបង្កើនបៀវត្សរ៍ជូនមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម ៣០% នៅឆ្នាំ២០០៧»។
ទោះបីជាយ៉ាងនេះក្តី លោក ជា ស៊ីម ក៏បានទទួលស្គាល់ដែរថា ការរីកចម្រើននេះនៅមិនទាន់គ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ ៖ «ការលើកកម្ពស់កម្រិតជីវភាពប្រជាជន ជាពិសេសប្រជាជនកម្ពុជា ៣០% ស្ថិតនៅក្រោយខ្សែបន្ទាត់នៃភាពក្រីក្រ និងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ នៅតែជាគោលដៅអាទិភាពដែលត្រូវស្វះស្វែងនៅពេលខាងមុខ»។
គួរបញ្ជាក់ថា ពិធីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំនេះ រៀបចំឡើងយ៉ាងអធិកដែលពុំធ្លាប់មានក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយមានការដើរដង្ហែក្បួនព្យុហយាត្រាដើម្បីបង្ហាញពីស្នាដៃនិង សមិទ្ធផលនៃខេត្តក្រុងនីមួយៗទាំង២៤ ក្នុងទូទាំងប្រទេសផងដែរ។
ថ្ងៃ ៧ មករា ដែលត្រូវបានកំណត់ជាពិធីបុណ្យផ្លូវការសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន
នៅមានភាពចម្រូងចម្រាសខាងនយោបាយនៅឡើយ។
អ្នកនយោបាយខ្លះចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងបានចាត់ទុកថ្ងៃនេះជាការឈ្លានពានរបស់កងទ័ព វៀតណាម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព៌តមានលោក ខៀវ កាញារីទ្ធ ចាត់ទុកក្រុមអ្នកនិយាយប្រឆាំងថ្ងៃ៧ មករា ថា ជាក្រុមនិយាយដើម្បីបិទបាំងនូវភាពអាម៉ាស់ដែលមិនបានចូលរួមក្នុង ការជួយរំដោះជាតិនិងប្រជាជនខ្លួនឯងប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យម្នាក់ គឺអ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា ក្រុមអ្នកប្រឆាំងនិងក្រុមអ្នកគាំទ្របានយកថ្ងៃ៧ មករា ដើម្បីទាក់ទាញការគាំទ្រពីមហាជនសម្រាប់ក្រុមខ្លួន៕
ដកស្រង់ពីRFA


Read more »

ស្ថានភាពរបស់ ប៊ន សំណាង និង សុខ សំអឿន ក្រោយពេលដោះលែងឲ្យនៅក្រៅឃុំ

Posted by: SAMBOhengnews / Category:


ប៊ន សំណាង (រូបទី២ពីឆ្វេង) និង សុខ សំអឿន (រូបទី២ពីស្ដាំ) ខណៈពេលដែលសមត្ថកិច្ចប៉ូលិសនាំចូលទៅកាន់សាលាឧទ្ធរណ៍នៅក្នុង ទីក្រុងភ្នំពេញ កាលពីថ្ងៃ១២ មេសា ២០០៧
រូបភាពពីRFA
ប៊ន សំណាង និង សុខ សំអឿន កំពុងតែចាប់ផ្តើមជីវិតថ្មីដោយមានសេរីភាពនៅក្រៅពន្ធនាគារជាមួយ នឹងការសាទរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា។
លោក ប៊ន សំណាង និង សុខ សំអឿន ដែលទើបត្រូវបានដោះលែងពីពន្ធនាគារប៉េហ្ស៊ីឲ្យមានសេរីភាពនៅក្រៅ ឃុំជាបណ្តោះអាសន្នដោយតុលាការកំពូលកាលពីថៃ្ងទី៣១ ខែធ្នូកន្លងទៅថ្មីៗនេះ ពួកគេកំពុងតែរស់នៅសម្របសម្រួលខ្លួនជាប្រជាពលរដ្ឋធម្មតានៅក្រៅ ឃុំជាបណ្ដោះអាសន្ននោះ ប៉ុន្តែបានត្អូញតែ្អរថា កំពុងតែខ្វល់ខ្វាយអំពីការផ្តើមមុខរបរឬការងារសម្រាប់ចិញ្ចឹមជីវិត នៅពេលដែលខ្លួនកំពុងតែមានសេរីភាពនៅក្រៅឃុំជាបណ្ដោះអាសន្នពេល បច្ចុប្បន្ននេះ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មានប្រជាពលរដ្ឋឬអ្នកជិតខាងជាច្រើនតែងតែមកសួរសុខទុក្ខអ្នកទាំង ពីរហើយបានសម្ដែងការត្រេកអរចំពោះពួកគេដែលកំពុងមានសេរីភាពជា បណ្តោះអាសន្ន។
ក្រុមគ្រួសារបានឲ្យដឹងទៀតថា លោក ប៊ន សំណាង និង សុខ សំអឿន បានស្រោចទឹកជាមួយគ្នាដើម្បីរំដោះគ្រោះចង្រៃក្រោយពីត្រូវបាន ដោះលែងចេញពីពន្ធនាគារប៉េហ្ស៊ីដែលពួកគេបានជាប់ឃុំរយៈពេលជិត៥ ឆ្នាំមកហើយនោះ។
លោក សុខ សំអឿន ដែលកំពុងមានសេរីភាពរស់នៅក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីពីភូមិកំណើតតាមទូរស័ព្ទអំពីជីវិត នៅក្រៅឃុំរបស់លោកថា ៖ «ពេលដែលខ្ញុំបានរួចផុតពីពន្ធនាគារមក ដល់ស្រុកកំណើតភូមិរបស់ខ្ញុំនេះ ញាតិមិត្ត មិត្តភក្ដិ ក្រុមគ្រួសារចាស់ទុំ ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិទាំងអស់អបអរសាទរសប្បាយរីករាយ ក្អាកក្អាយ។ ដូចបន្តអាយុជីវិតខ្ញុំឲ្យបានឡើងកាន់តែខ្ពស់ឡើងៗអ៊ីចឹង មិនគួរឲ្យជឿទាល់តែសោះ សប្បាយណាស់»។
សុខ សេរី ៖ តើលោកមានគម្រោងការប្រកបមុខរបរអ្វីនៅពេលនៅក្រៅឃុំនេះ?
សុខ សំអឿន ៖ ឥឡូវនេះខ្ញុំមិនទាន់ឆ្លើយប្រាប់លោកបានទេ។ សប្បាយហើយ ប៉ុន្តែយើងនៅវិលវល់ៗក្នុងអារម្មណ៍ ចិត្តដូចមិនទាន់គ្រប់ ខ្វះអ្វីមួយ។
សុខ សេរី ៖ តើលោកវិលវល់ដោយសារជំងឺឬដោយការសប្បាយពេក?
សុខ សំអឿន ៖ ខ្ញុំមិនប្រាកដទេ មិនប្រាកដសោះ។ ជំងឺក៏ថាបាន សប្បាយពេកក៏ថាបានដែរ។
សុខ សេរី ៖ តើលោកមានគម្រោងការជួយធ្វើស្រែឪពុកម្ដាយឬក៏ប្រកបរបរជាគ្រូបង្រៀនទៀតទេ?
សុខ សំអឿន ៖ ចំណង់ចំណូលចិត្តរបស់ខ្ញុំប្រហែលជាចង់ធ្វើជាគ្រូ។ ខ្ញុំអត់ភ្លេចទេ ភាសាអង់គ្លេសមិនទាន់ភ្លេចទេ។ មិនទាន់ធ្វើការសម្រេចបានសោះ ខ្ញុំកំពុងតែមានការរវល់មិត្តភក្ដិ បងប្អូន ញាតិមិត្តចាស់ទុំអីមកជួបជុំច្រើន ខ្ញុំមិនទាន់ច្បាស់ក្នុងចិត្តខ្ញុំថា ប្រាប់លោកឲ្យបានពិតប្រាកដទេ។
លោក វ៉ន ផុន ជាឪពុករបស់ សុខ សំអឿន បានមានប្រសាសន៍ថា ៖ «ត្រេកអរ ជាមួយលោកតុលាការខ្លាំងណាស់ រកអ្វីប្រៀបពុំបានទេ ដូចកើតមកម្ដងទៀត។ មិនដឹងយ៉ាងម៉េចទេ ចាំមើលទៅជួបសហគមន៍អឺរ៉ុបសិន ព្រោះខ្ញុំសន្យាជាមួយស្ថានទូត៣០ទូតឯណោះ»។
ជាមួយគ្នានេះដែរ លោក ប៊ន សំណាង ដែលកំពុងមានសេរីភាពនៅក្រៅឃុំផងដែរនោះបានថែ្លងថា ៖ «សុខសប្បាយទេ។ អត់មានបានទៅណាផង ម្ដាយគាត់បារម្ភ អត់ចង់ឲ្យដើរទៅណា»។
សុខ សេរី ៖ បានជួបជុំមិត្តភក្ដិច្រើនទេ នៅពេលនៅក្រៅឃុំនេះ សួរសុខទុក្ខយ៉ាងម៉េចខ្លះ?
ប៊ន សំណាង ៖ គេសួរសុខទុក្ខថា នៅក្នុងគុកនោះយ៉ាងម៉េចដែរ? ចេញមកខុសគ្នាយ៉ាងម៉េចដែរ?
សុខ សេរី ៖ មានគម្រោងការប្រកបមុខរបរអ្វីនៅក្រៅឃុំនេះ ធ្វើការងារអីដើម្បីចិញ្ចឹមជីវិត?
ប៊ន សំណាង ៖ ចំណុចហ្នឹងហើយដែលខ្ញុំគិតស្មុគជាងគេ ព្រោះខ្ញុំចាប់ផ្ដើមពីឥឡូវទៅ ពីសូន្យទៅហើយ ខាតពេលនៅក្នុងនោះអស់៥ឆ្នាំហើយ។
លោកស្រី នួន កឹមស្រ៊ី ម្តាយរបស់ ប៊ន សំណាង ដែលមានលំនៅរស់នៅក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ថា ៖ «ឲ្យ រកការងារអីធ្វើ ឥឡូវសុញគ្នាមិនដឹងគិតគូរអីទៅកន្លែងណាកន្លែងណី។ ថ្ងៃដែលចេញភ្លាមមកពីពន្ធនាគារខ្ញុំយកចូលវត្តស្រោចទឹកទាំងពីរ នាក់ ទាំង សុខ សំអឿន ទាំងកូនខ្ញុំអីហើយបាននាំគ្នាមកផ្ទះ។ ខ្ញុំមិនទាន់ដឹងពិតប្រាកដទេ ព្រោះខ្ញុំខ្វះខាតណាស់មួយរយៈមកដែលកូនខ្ញុំជាប់ឃុំឃាំង៥ឆ្នាំ គឺខាតបង់អស់ច្រើនណាស់កិត្តិយស។ ខ្មាសគេរឿងឈ្មោះនៅក្នុងគុកមិនល្អទេ ខ្ញុំបាត់បង់កិត្តិយសច្រើនណាស់។ មិនហ៊ាននេះផង វានៅអត់ហ៊ានចេញផង នៅតែក្នុង។ មិនដឹងយ៉ាងម៉េចទេជាប់៥ឆ្នាំដូចរាងរអើលខ្លាចៗ មិនហ៊ាន គ្រាន់តែអើតនៅមាត់ទ្វារមួយភ្លែតៗ វាចូលមកវិញហើយ»។
លោក ជុំ សុវណ្ណលី មេធាវីរបស់ ប៊ន សំណាង បានមានប្រសាសន៍ថា តុលាការមិនបានរកឃើញទោសកំហុសឬបានចេញសាលដីការបស់តុលាការកំពូល ចំពោះកូនក្តីរបស់លោកជាស្ថាពរនៅទ្បើយទេ ដូច្នេះលោកមិនអាចថ្វាយសំណើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្ដម សីហមុនី ដើម្បីសុំការប្រទានការលើកលែងទោសចំពោះកូនក្ដីរបស់លោកបាននៅឡើយ ទេ។
លោកបានបន្តថា ៖ «រឿងក្ដីនេះអត់ទាន់ចប់នៅឡើយទេ រឿងក្ដីនេះតុលាការកំពូលសម្រេចបង្វិលទៅសាលាឧទ្ធរណ៍ដើម្បីធ្វើការ ស៊ើបអង្កេតឡើងវិញ អ៊ីចឹងរឿងក្ដីអត់ទាន់ចប់ជាស្ថាពរទេ។ ករណីដែលយើងសុំទៅព្រះមហាក្សត្រ លុះត្រាតែសាលដីកាហ្នឹងចូលជាស្ថាពរ។ អ្នកទាំងពីរក្រោមការត្រួតត្រាតាមផ្លូវតុលាការ»។
សូមរំឭកថា លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការកំពូលបានសម្រេចដោះលែងកាលពីថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០០៨កន្លងទៅថ្មីៗនេះ ឲ្យមានសេរីភាពជាបណ្ដោះអាសន្ននៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់ អាជ្ញាធរនិងតុលាការក្រោយពីអ្នកទាំងពីរបានជាប់ក្នុងមន្ទីរ ឃុំឃាំងរយៈពេលជិត៥ឆ្នាំបន្ទាប់ពីតុលាការក្រុងភ្នំពេញបានកាត់ទោស ឲ្យអ្នកទាំងពីរជាប់គុកម្នាក់ៗ២០ឆ្នាំក្រោមបទចោទថាបានបាញ់ សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ។
តុលាការកំពូលបានប្រកាសបញ្ជាឲ្យសមត្ថកិច្ចសើរើឬបើក ការស៊ើបអង្កេតទ្បើងវិញនៅគ្រាដែលសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ព្រមទាំងអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្ដម សីហនុ កន្លងមកបានទទូចសុំឲ្យដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពវិញជាមួយ នឹងការអះអាងថាអ្នកទាំងពីរមិនមែនជាឃាតករពិតទ្បើយ៕
ដកស្រង់ពីRFA


Read more »

ប៊ន សំណាង និង សុខ សំអឿន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន

Posted by: SAMBOhengnews / Category:


សុខ សំអឿន (រូបកណ្ដាល) ត្រូវបាននគរបាលនាំខ្លួនឡើងតុលាការកំពូលនាថ្ងៃទី៣១ ធ្នូ ២០០៨

រូបភាពពីRFA
តុលាការកំពូលនៃប្រទេសកម្ពុជានៅថៃ្ងពុធនេះ បានប្រកាសសាលដីកាដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយសារតែតុលាការសាលាឧទ្ធរណ៍កន្លងមក មិនបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មីចំពោះសំណុំរឿងនេះ។
ប៉ុន្តែតុលាការកំពូលបានតម្រូវឲ្យអ្នកទាំងពីរបង្ហាញខ្លួននៅ ពេលណាដែលតុលាការកោះហៅមកសាកសួរនៅក្នុងអំទ្បុងពេលនៃការនៅក្រៅ ឃុំនោះ។
ការសម្រេចខាងលើនេះត្រូវបានទទួលការទះដៃស្វាគមន៍ភ្លាមៗពី សំណាក់ក្រុមតំណាងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលជាតិនិង អន្តរជាតិនៅឯតុលាការកំពូលនោះ។
លោក ឌិត មន្ទីរ ជាប្រធាននៃក្រុមប្រឹក្សាចៅក្រមជម្រះក្តីចំនួន៥រូបនិងជាប្រធាន នៃតុលាការកំពូលបានប្រកាសសាលដីកាដូច្នេះថា ៖ «រឿងក្ដីនេះ ជាបទឧក្រិដ្ឋដែលតម្រូវឲ្យមានការស៊ើបអង្កេតបន្តទៀត គប្បីតុលាការកំពូលសម្រេចឲ្យជនជាប់ចោទទាំងពីរបាននៅក្រៅឃុំ បណ្ដោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ និងបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះឡើងវិញ។ ឲ្យឈ្មោះ ប៊ន សំណាង និង ឈ្មោះ សុខ សំអឿន ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតម្រូវឲ្យជនជាប់ចោទទាំងពីរបង្ហាញខ្លួនតាមការកំណត់របស់ អាជ្ញាធរតុលាការ»។
លោកស្រី នួន គឹមស្រ៊ី ម្តាយរបស់ ប៊ន សំណាង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅក្រោយការប្រកាសសាលដីកានោះថា ៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានតុលាការកំពូលឲ្យកូនខ្ញុំនៅក្រៅឃុំ ខ្ញុំសូមអរគុណដល់តុលាការកំពូលយ៉ាងខ្លាំង»។
លោក វ៉ន ផុន ជាឪពុករបស់ សុខ សំអឿន បានមានប្រសាសន៍ថា ៖ «នេះជាយុត្តិធម៌របស់តុលាការពិតប្រាកដ»។
រីឯលោក ហុង គឹមសួន ជាមេធាវីរបស់ សុខ សំអឿន បានមានប្រសាសន៍ថា ក្រទ្បាបញ្ជីរបស់តុលាការកំពូលកំពុងតែរៀបចំឯកសារដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យមានសេរីភាពជាបណ្ដោះអាសន្ន ហើយឯកសារនោះគេគ្រោងបញ្ជូនទៅនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផៃ្ទ ដើម្បីដោះលែងអ្នកទាំងពីរនោះនាពេលឆាប់ៗនេះ។
លោកមេធាវី ហុង គឹមសួន ថ្លែងបន្តយ៉ាងដូច្នេះ ៖ «នេះជាជោគជ័យ របស់យើងមួយ ដែលយើងបានខំប្រឹងអំពីការកាត់ក្ដីរបស់តុលាការកំពូល។ យើងអរគុណដែរដែលតុលាការកំពូលទទួលយកសំណូមពររបស់មេធាវីដែលទាក់ទង នឹងអង្គច្បាប់»។
ក្រោយពីការប្រកាសសាលដីការបស់តុលាការកំពូលនោះភ្លាម ប៊ន សំណាង និង សុខ សំអឿន ត្រូវបានឆ្មាំគុកនាំខ្លួនបញ្ចូលក្នុងរថយន្តដឹកទៅមន្ទីរឃុំឃាំង វិញ ដើម្បីរង់ចាំការដោះលែងជាក្រោយ។
សូមរំឭកថា ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់គុកម្នាក់ៗ ២០ឆ្នាំ កាលពីខែសីហា ឆ្នាំ២០០៥ ក្រោមបទចោទថា បានបាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤។
ក្រោយមកតុលាការសាលាឧទ្ធរណ៍ កាលពីខែមេសា ឆ្នាំ២០០៧ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះ ចាត់ទុកជាបានការ។ រឿងនេះបានញ៉ាំងឲ្យក្រុមសកម្មជនការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ បានទទូចសុំឲ្យដោះលែងអ្នកទាំងពីរឲ្យមានសេរីភាពវិញ ដោយសំអាងថា អ្នកទាំងពីរជាឃាតករសិប្បនិម្មិត៕
ដកស្រង់ពីRFA


Read more »

ព្រះ​រោគា​ពាធ​របស់​ព្រះ​មហា​វីរក្សត្រ​មាន​សភាព​ធ្ងន់ធ្ងរ

Posted by: SAMBOhengnews / Category: ,


សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រូបភាពពីRFA
អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម​៨៦ ព្រះ​វស្សា ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ផ្សាយ​ក្នុង​ទំព័រ​វឹបសាយថ៍​របស់​ព្រះអង្គ​ថា ព្រះ​រោគា​ពាធ​របស់​ព្រះអង្គ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះអង្គ​មិន​អាច​មាន​ព្រះជន្ម​រស់នៅ​បាន​យូរ​ត​ទៅ​ ទៀត​ឡើយ។
យោង​តាម​ព្រះរាជ​លិខិត​ជា​ភាសា​បារាំង​ចារ​ដោយ​ព្រះហស្ត​ព្រះអង្គ​ផ្ទាល់ កាលពី​ថ្ងៃ​ទី​១ ធ្នូ​កន្លង​មក​នេះ ប៉ុន្តែ​ទើប​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វឹបសាយថ៍​ព្រះអង្គ​កាលពី​ថ្ងៃ​ច័ន្ទ ​ម្សិលមិញ​នេះ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​មាន​បន្ទូល​ថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន អត់​ហ៊ាន​និយាយ​អំពី​មរណភាព​របស់​ព្រះអង្គ​ដែល​មាន​វ័យ​ចំណាស់​នោះ​ទេ ប៉ុន្តែ​បាន​ទូល​ប្រាប់​ព្រះ​រាជ​អគ្គមហេសី សម្តេច​ព្រះ​នរោត្តម មុន្នីនាថ ថា​ប្រសិន​បើ​ក្នុង​ករណី​ជា​បន្ទាន់​ណា​មួយ​នោះ សម្តេច​ព្រះ​នរោត្តម សីហនុ ទ្រង់​គួរ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។

សម្តេច​ព្រះ​នរោត្តម សីហនុ មាន​បន្ទូល​បន្ត​ថា ព្រះអង្គ​ទ្រង់​ចង់​សុគត​ក្នុង​ព្រះរាជ​ដំណាក់​ជា​ជាង​នៅ​ក្នុង​មន្ទីរពេទ្យ។

ព្រះអង្គ​ទ្រង់​បាន​ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន​បង្កើន​ការត្រួត​ ពិនិត្យ​ព្រះរោគ​ព្រះអង្គ​ដែល​មាន​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម ពី​ម្តង​ក្នុង​មួយ​សប្តាហ៍​មក​ជា​ច្រើន​ដង​វិញ ហើយ​ពេល​ខ្លះ​ពិនិត្យ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន៕
ដកស្រង់ពីRFA


Read more »

គ្រាប់​បែក​២​គ្រាប់​ត្រូវ​គេ​រក​ឃីញ​ដាក់​បង្កៃ​ក្បែរ​អគារ​រដ្ឋាភិបាល​ក្នុង​ក្រុង​ភ្នំពេញ

Posted by: SAMBOhengnews / Category:


សមាជិក​នៃ​ក្រុម​ជំនាញ​ផ្នែក​គ្រាប់​បែក​ពិនិត្យ​គ្រាប់​បែក​ច្នៃ​ដែល​ត្រូវ ​គេ​បង្កៃ​នៅ​មុខ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២ មករា ២០០៩
រុបភាពពីRFA
គា្រប់​បែក​ច្នៃពីរ​គ្រាប់​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្បែរ​អគារ​ រដ្ឋាភិបាល​សំខាន់​ៗ ២​កន្លែង​ផ្សេង​គ្នា គឺ​នៅ​ក្បែរ​ក្រសួង​ការពារ​ជាតិ និង​ខាង​កើត​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​មករា​នេះ។
ប្រភព​ពី​មន្រ្តី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គ្រាប់​បែក​ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​បង្កៃ​នោះ​ជា​ប្រភេទ​គ្រាប់​បែក​ ច្នៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ នៅ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​ថា តើ​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បង្កៃ​គ្រាប់​បែក​ច្នៃ​នោះ។

ការ​រក​ឃើញ​គ្រាប់​បែក​ច្នៃ​ចំនួន​ពីរ​កន្លែង​នោះ គឺ​នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​លើក​ទី​៣០ ដ៏​ធំ​មួយ​គឺ​ថ្ងៃ ៧​មករា ដែល​ថ្ងៃ​បុណ្យ​នេះ​នៅ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​នៅ​ឡើយ ដោយ​មតិ​ខ្លះ​លើក​ឡើង​ថា ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ នៃ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មតិ​ខ្លះ​ទៀត​និយាយ​ថា ជា​ថ្ងៃ​ដែល​កងទ័ព​ប្រទេស​វៀតណាម​ចូល​មក​កាន់​កាប់​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ដែរ​ថា កន្លែង​ដែល​សមត្ថកិច្ច​ខ្មែរ​បាន​រក​ឃើញ​គ្រាប់​បែក​ដាក់​បង្កៃ​ពីរ​គ្រាប់​ នោះ ក៏​ជា​ទី​ដែល​មាន​ការ​ផ្ទុះ​អាវុធ​មួយ​ចំអិន​កំពឹស​រវាង​ចលនា​កងទ័ព​សេរី​ ជាតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CFF និង​កងទ័ព​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០០៕
ដកស្រង់ពីRFA


Read more »

អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ កេង វ៉ាន់សាក់ ទទួល​មរណភាព

Posted by: SAMBOhengnews / Category: ,


លោកកេង​ វ៉ាន់សាក់​ កាលនៅរស់
រូបភាពពីFRA

អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ទៅ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នា​ក្រុង​ម៉ុងមរ៉ង់ស៊ី (Montmorency) ចម្ងាយ​ប្រមាណ​ជា​១៣​គីឡូម៉ែត្រ​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក កេង វ៉ាន់សាក់ អតីត​សាស្រ្ដាចារ្យ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​ជា​អ្នក​ប្រឌិត​ពុម្ព​ អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ និង​ធ្លាប់​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌​អក្សរសាស្រ្ដ​ខ្មែរ​រឿង​ល្ខោន កំណាព្យ និង​រឿង​ខ្លីៗ​ជា​ច្រើន តាំង​ពី​ទសវត្សរ៍ ឆ្នាំ​១៩៤០​មក​នោះ បាន​ទទួល​មរណភាព​ក្នុង​អាយុ​៨៤​ឆ្នាំ នា​មន្ទីរពេទ្យ​ក្រុង​ម៉ុងមរ៉ង់ស៊ី កាលពី​ម៉ោង​១២:១៥​នាទី​រសៀល។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទទួល​អនិច្ចកម្ម​ដោយសារ​ជំងឺ​ទឹក​ចូល​សួត ៖ «ព្រោះ ​ពី​ម្សិលមិញ​ហ្នឹង គាត់​ទៅ​ពេទ្យ ពេល​ព្រឹក​ហ្នឹង ដូច​ថា​ចេះ​តែ​ក្ដៅ​ខ្លួន​ស្រៀវស្រាញៗ ដូច​ថា ឈឺ​៤​ថ្ងៃ​ទៅ​ហើយ។ ពេទ្យ​គេ​ឲ្យ​សម្រាក​នៅ​កន្លែង​សង្រ្គោះ​បន្ទាន់ រួច​ទៅ​គេ​មើល​ខ្លួន​គាត់​អ៊ីចឹង​ទៅ ហើយ​បាន​ព្រឹក​មិញ​ខ្ញុំ​ហៅ​គាត់ គេ​ថា​គាត់​នៅ​ក្នុង Coma (សភាព​ភ្លឹក) ហើយ​សួរ​ថា ត្រូវ​ជា​បង​ប្អូន​អី​ត្រូវ​ទៅ​ជួប​គាត់ បើ​ថា​ចង់​ជួប​គាត់​ទៅ​មើល​គាត់​ហ្នឹង មុន​គាត់​ខូច។ ដល់​ហើយ​ទៅ ម៉ោង​១២:២០ គេ​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា​គាត់​ខូច​ទៅ​ហើយ»។

លោក កេង វ៉ាន់សាក់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្ដល់​កិច្ចសម្ភាសន៍​ពិសេស​ជូន​វិទ្យុ ​អាស៊ីសេរី​ជា​ប្រចាំ ដែល​ក្នុង​នោះ​លោក​តែងតែ​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​ឃើញ​ របស់​លោក​ស្ដីពី​ប្រវត្តិសាស្រ្ដ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​និង​ ការស្រាវជ្រាវ​អំពី​កម្រង​ពាក្យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ អក្សរសាស្រ្ដ​ខ្មែរ។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ មាន​បណ្ដាំ​ចុង​ក្រោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​យក​ធាតុ​របស់​លោក​ទៅ​បញ្ចុះ​ ក្នុង​ចេតិយ​ម្ដាយ​របស់​លោក​នៅ​ប្រទេស​កម្ពុជា។

ក្រុម​គ្រួសារ​របស់​លោក កេង វ៉ាន់សាក់ នៅ​មិន​ទាន់​ជូន​ដំណឹង​ថា តើ​គេ​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​នៅ​វេលា​ណា​ថ្ងៃ​ណា​នៅ​ឡើយ​ទេ៕
ដកស្រង់ពីRFA


Read more »