អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ កេង វ៉ាន់សាក់ ទទួល​មរណភាព

Posted by: SAMBOhengnews / Category: ,


លោកកេង​ វ៉ាន់សាក់​ កាលនៅរស់
រូបភាពពីFRA

អតីត​សាស្រ្ដាចារ្យ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បីល្បាញ លោក កេង វ៉ាន់សាក់ បាន​ទទួល​មរណភាព​ទៅ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នា​ក្រុង​ម៉ុងមរ៉ង់ស៊ី (Montmorency) ចម្ងាយ​ប្រមាណ​ជា​១៣​គីឡូម៉ែត្រ​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក កេង វ៉ាន់សាក់ អតីត​សាស្រ្ដាចារ្យ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​ជា​អ្នក​ប្រឌិត​ពុម្ព​ អក្សរ​ខ្មែរ​សម្រាប់​ប្រើ​ក្នុង​ម៉ាស៊ីន​អង្គុលីលេខ និង​ធ្លាប់​និពន្ធ​សៀវភៅ​ស្រាវជ្រាវ​វប្បធម៌​អក្សរសាស្រ្ដ​ខ្មែរ​រឿង​ល្ខោន កំណាព្យ និង​រឿង​ខ្លីៗ​ជា​ច្រើន តាំង​ពី​ទសវត្សរ៍ ឆ្នាំ​១៩៤០​មក​នោះ បាន​ទទួល​មរណភាព​ក្នុង​អាយុ​៨៤​ឆ្នាំ នា​មន្ទីរពេទ្យ​ក្រុង​ម៉ុងមរ៉ង់ស៊ី កាលពី​ម៉ោង​១២:១៥​នាទី​រសៀល។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទទួល​អនិច្ចកម្ម​ដោយសារ​ជំងឺ​ទឹក​ចូល​សួត ៖ «ព្រោះ ​ពី​ម្សិលមិញ​ហ្នឹង គាត់​ទៅ​ពេទ្យ ពេល​ព្រឹក​ហ្នឹង ដូច​ថា​ចេះ​តែ​ក្ដៅ​ខ្លួន​ស្រៀវស្រាញៗ ដូច​ថា ឈឺ​៤​ថ្ងៃ​ទៅ​ហើយ។ ពេទ្យ​គេ​ឲ្យ​សម្រាក​នៅ​កន្លែង​សង្រ្គោះ​បន្ទាន់ រួច​ទៅ​គេ​មើល​ខ្លួន​គាត់​អ៊ីចឹង​ទៅ ហើយ​បាន​ព្រឹក​មិញ​ខ្ញុំ​ហៅ​គាត់ គេ​ថា​គាត់​នៅ​ក្នុង Coma (សភាព​ភ្លឹក) ហើយ​សួរ​ថា ត្រូវ​ជា​បង​ប្អូន​អី​ត្រូវ​ទៅ​ជួប​គាត់ បើ​ថា​ចង់​ជួប​គាត់​ទៅ​មើល​គាត់​ហ្នឹង មុន​គាត់​ខូច។ ដល់​ហើយ​ទៅ ម៉ោង​១២:២០ គេ​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា​គាត់​ខូច​ទៅ​ហើយ»។

លោក កេង វ៉ាន់សាក់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្ដល់​កិច្ចសម្ភាសន៍​ពិសេស​ជូន​វិទ្យុ ​អាស៊ីសេរី​ជា​ប្រចាំ ដែល​ក្នុង​នោះ​លោក​តែងតែ​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​ឃើញ​ របស់​លោក​ស្ដីពី​ប្រវត្តិសាស្រ្ដ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​និង​ ការស្រាវជ្រាវ​អំពី​កម្រង​ពាក្យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ អក្សរសាស្រ្ដ​ខ្មែរ។

អ្នក​ជិតស្និទ្ធ​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក កេង វ៉ាន់សាក់ មាន​បណ្ដាំ​ចុង​ក្រោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​យក​ធាតុ​របស់​លោក​ទៅ​បញ្ចុះ​ ក្នុង​ចេតិយ​ម្ដាយ​របស់​លោក​នៅ​ប្រទេស​កម្ពុជា។

ក្រុម​គ្រួសារ​របស់​លោក កេង វ៉ាន់សាក់ នៅ​មិន​ទាន់​ជូន​ដំណឹង​ថា តើ​គេ​នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​នៅ​វេលា​ណា​ថ្ងៃ​ណា​នៅ​ឡើយ​ទេ៕
ដកស្រង់ពីRFA


1 comments:

  1. Unknown Says:

    To everybody who see this message. I heard that before the scholar Ken Van Sak died, He composed some books for the next generations for Cambodian people.

    Where all those books are available? Please kindly let me know.