សិទ្ធិមនុស្សនិងក្រុមសហជីពទាមទារឲ្យដោះលែង សំណាង និង សំអឿន
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
ម្ដាយរបស់ ប៊ន សំណាង កាន់រូបថត ប៊ន សំណាង
រូបភាពពីRFA
អង្គការសិទ្ធិមនុស្សចំនួនបីនិងក្រុមសហជីពដ៏ធំមួយរបស់ពិភពលោក បានទាមទារឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចោទប្រកាន់និងដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំតាំងពី ឆ្នាំ២០០៥ ពីបទថាបានធ្វើឃាតមេដឹកនាំសហជីពគឺលោក ជា វិជ្ជា។
ការប្រកាសទាមទារឲ្យមានការដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន នេះ បានធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាចុះថ្ងៃទី ២៨ ធ្នូ ពីទីក្រុងញូវញ៉ក សហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch សហព័ន្ធសហជីពអន្តរជាតិ (International Trade Union Confederation) និងអង្គការឃ្លាំមើលការការពារសិទ្ធិជនត្រូវចោទ ដែលបានតាមដានមើលចាប់តាំងពីមានព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤មកម៉្លេះ។
គួរជម្រាបថា តុលាការកំពូលនៃប្រទេសកម្ពុជានឹងបើកសវនាការករណីបណ្ដឹងឧទ្ធរណ៍របស់ លោក ប៊ន សំណាង និង សុខ សំអឿន នៅថ្ងៃទី៣១ ធ្នូនេះ។
មន្ត្រីស្រាវជ្រាវជាន់ខ្ពស់របស់អង្គការ Human Rights Watch លោកស្រី សារ៉ា ខម បានឲ្យដឹងថា តុលាការកំពូលនៃប្រទេសកម្ពុជាគួរតែធ្វើសេចក្ដីសម្រេចផ្អែកលើ ភស្តុតាង ហើយមិនត្រូវទទួលរងសំពាធពីរដ្ឋាភិបាលនោះឡើយ។
លោកស្រី សារ៉ា ខម បានឲ្យដឹងថា លោក ប៊ន សំណាង និង សុខ សំអឿន បានជាប់ពន្ធនាគារអស់រយៈពេល៥ឆ្នាំហើយពីបទឧក្រិដ្ឋដែលខ្លួនមិន មែនជាអ្នកប្រព្រឹត្តទាល់តែសោះ ហើយទាមទារឲ្យតុលាការរកយុត្តិធម៌ឲ្យអ្នកទាំងពីរ។
មន្ត្រីរដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មយ៉ាងណាជុំវិញសេចក្ដីថ្លែងការណ៍ពីស្ថាប័នអន្តរជាតិទាំងអស់នេះទេ។
គួរជម្រាបថា លោក ជា វិជ្ជា ដែលកាលណោះមានវ័យ៣៦ឆ្នាំ គឺជាស្ថាបនិកនិងជាប្រធានសហភាពសហជីពសេរីកម្មករកម្ពុជា។ លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅមុខតូបលក់កាសែតជិតវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
គួរជម្រាបថា អង្គការអន្តរជាតិមួយឈ្មោះ Amnesty International សហភាពសហជីពកម្ពុជា ក៏បានអំពាវនាវឲ្យមានការដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ហើយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធ មនុស្សក៏បានអំពាវនាវឲ្យមានការកាត់ទោសដោយយុត្តិធម៌សម្រាប់លោក ប៊ន សំណាង និង សុខ សំអឿន ផងដែរ។
អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងក្រុមគ្រួសារញាតិមិត្ត សុទ្ធតែមិនជឿថា លោក ប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតប្រាកដដែលបានសម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពី៥ឆ្នាំមុននោះឡើយ៕
ម្ដាយរបស់ ប៊ន សំណាង កាន់រូបថត ប៊ន សំណាង
ដកស្រង់ពីRFA