Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen
ម្ដាយរបស់ ប៊ន សំណាង កាន់រូបថត ប៊ន សំណាង រូបភាពពីRFA អង្គការសិទ្ធិមនុស្សចំនួនបីនិងក្រុមសហជីពដ៏ធំមួយរបស់ពិភពលោក បានទាមទារឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការចោទប្រកាន់និងដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់២០ឆ្នាំតាំងពី ឆ្នាំ២០០៥ ពីបទថាបានធ្វើឃាតមេដឹកនាំសហជីពគឺលោក ជា វិជ្ជា។ ការប្រកាសទាមទារឲ្យមានការដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន នេះ បានធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាចុះថ្ងៃទី ២៨ ធ្នូ ពីទីក្រុងញូវញ៉ក សហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch សហព័ន្ធសហជីពអន្តរជាតិ (International Trade Union Confederation) និងអង្គការឃ្លាំមើលការការពារសិទ្ធិជនត្រូវចោទ ដែលបានតាមដានមើលចាប់តាំងពីមានព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤មកម៉្លេះ។ គួរជម្រាបថា តុលាការកំពូលនៃប្រទេសកម្ពុជានឹងបើកសវនាការករណីបណ្ដឹងឧទ្ធរណ៍របស់ លោក ប៊ន សំណាង និង សុខ សំអឿន នៅថ្ងៃទី៣១ ធ្នូនេះ។ មន្ត្រីស្រាវជ្រាវជាន់ខ្ពស់របស់អង្គការ Human Rights Watch លោកស្រី សារ៉ា ខម បានឲ្យដឹងថា តុលាការកំពូលនៃប្រទេសកម្ពុជាគួរតែធ្វើសេចក្ដីសម្រេចផ្អែកលើ ភស្តុតាង ហើយមិនត្រូវទទួលរងសំពាធពីរដ្ឋាភិបាលនោះឡើយ។ លោកស្រី សារ៉ា ខម បានឲ្យដឹងថា លោក ប៊ន សំណាង និង សុខ សំអឿន បានជាប់ពន្ធនាគារអស់រយៈពេល៥ឆ្នាំហើយពីបទឧក្រិដ្ឋដែលខ្លួនមិន មែនជាអ្នកប្រព្រឹត្តទាល់តែសោះ ហើយទាមទារឲ្យតុលាការរកយុត្តិធម៌ឲ្យអ្នកទាំងពីរ។ មន្ត្រីរដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មយ៉ាងណាជុំវិញសេចក្ដីថ្លែងការណ៍ពីស្ថាប័នអន្តរជាតិទាំងអស់នេះទេ។ គួរជម្រាបថា លោក ជា វិជ្ជា ដែលកាលណោះមានវ័យ៣៦ឆ្នាំ គឺជាស្ថាបនិកនិងជាប្រធានសហភាពសហជីពសេរីកម្មករកម្ពុជា។ លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅមុខតូបលក់កាសែតជិតវត្តលង្កា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ គួរជម្រាបថា អង្គការអន្តរជាតិមួយឈ្មោះ Amnesty International សហភាពសហជីពកម្ពុជា ក៏បានអំពាវនាវឲ្យមានការដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ហើយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធ មនុស្សក៏បានអំពាវនាវឲ្យមានការកាត់ទោសដោយយុត្តិធម៌សម្រាប់លោក ប៊ន សំណាង និង សុខ សំអឿន ផងដែរ។ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ និងក្រុមគ្រួសារញាតិមិត្ត សុទ្ធតែមិនជឿថា លោក ប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតប្រាកដដែលបានសម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា កាលពី៥ឆ្នាំមុននោះឡើយ៕ ម្ដាយរបស់ ប៊ន សំណាង កាន់រូបថត ប៊ន សំណាងដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia ,
Rathanakiri
២៨ ធ្នូ ២០០៨: ព្រៃឈើដែលត្រូវគេអាររំលំនៅក្នុងឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី រូបភាពពីRFA ព្រៃឈើប្រមាណ២០០ហិកតារថ្មីទៀតនៅឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានអាររំលំរួចជាស្រេច ហើយប្រមាណ៧០០ហិកតារទៀតកំពុងប្រឈមមុខនឹងក្រុមកម្មករស៊ីឈ្មួល ច្រើនសិបនាក់ប្រដាប់ដោយម៉ាស៊ីនកាត់អាររំលំរាល់ថ្ងៃចាប់ពីខែ តុលាឆ្នាំ២០០៨មក។ អ្នកភូមិនៃសហគមន៍ជនជាតិដើមភូមិផ្អរដែលរស់នៅជិតតំបន់ព្រៃ កាប់រានរាយការណ៍ថា សកម្មភាពកាប់រានបាននិងកំពុងប្រព្រឹត្តនៅចំណុចព្រៃក្រងសុទេសមាន ជាប់ពាក់ព័ន្ធទៅនឹងវរសេនីយ៍ទោ ហ៊ុន សុខា ជំនួយការមេបញ្ជាការអង្គភាពកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនៅចំណុចអូរព្រៃឆៅមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលចូលមក ទិញដីនៅតំបន់នោះ។ កាលពីថ្ងៃសៅរ៍ ទី២៧ ធ្នូ ឆ្នាំ២០០៨ វិទ្យុអាស៊ីសេរី មន្ត្រីសមាគមអាដហុក អ្នកសារព័ត៌មានក្នុងស្រុក អ្នកភូមិប្រមាណ២០នាក់ និងមន្ត្រីក្រុមប្រឹក្សាឃុំ បានចូលទៅកាន់តំបន់កាប់រានព្រៃនោះ ហើយប្រទះឃើញជាក់ស្តែងនូវព្រៃឈើធំតូចរាប់ម៉ឺនដើមដែលត្រូវបាន អាររំលំនិងកំពុងប្រឈមនឹងការអាររំលំបន្តទៀតដើម្បីរានយកដី ៖ «ព្រៃ ឈើនេះវាជិតអស់ហើយរាប់ពាន់ហិកតារ។ សូមអង្វរសម្ដេច... ហ៊ុន សែន ជួយជាបន្ទាន់។ មានតែភូមិក្រៀងហ្នឹងលក់ ៨០០ហិកតារហ្នឹងសុទ្ធតែតំបន់ព្រៃស្រោងតែម្ដង»។ វរសេនីយ៍ទោ ហ៊ុន សុខា បដិសេធសេចក្តីចោទនោះថា ៖ «ទិញមួយគ្រួសារៗ អានេះលក្ខណៈឯកជនសុទ្ធ ការចាប់ចម្ការស្វាយចន្ទីទាំងអស់»។ ចំណែកមេការទទួលខុសត្រូវនៅការដា្ឋនមានទីតាំងជាប់ព្រៃកំពុង កាប់រាន លោក ហួត តារា ទទួលស្គាល់ថា ក្រុមហ៊ុនលោកគឺជាអ្នកកាប់រាននៅតំបន់អូរព្រៃឆៅក្រោមហេតុផលថា ដីនោះក្រុមហ៊ុនវីនាហុងកុងហ្រ្គូបបានទិញដើម្បីធ្វើការដ្ឋានដាំ កៅស៊ូ ក៏ប៉ុន្តែលោកមិនព្រមបញ្ជាក់ពីទំហំដី អត្តសញ្ញាណ និងអាសយដ្ឋានក្រុមហ៊ុននោះនៅទីណាឡើយ។ មេឃុំកិចុង លោក រចំ ឡៃ ទទួលស្គាល់ថា ដីនៅតំបន់នោះអ្នកភូមិគឺជាអ្នកលក់ទៅឲ្យអតីតមេបញ្ជាការវរ ការពារព្រំដែនខេត្តរតនគិរី គឺលោក អួន សុវណ្ណា តាំងពីឆ្នាំ២០០៤ បន្ទាប់អ្នកទិញដីបានលក់បន្តដែលអាជ្ញាធរមិនបានដឹង។ លោក រចំ ឡៃ បានមានប្រសាសន៍ថា ៖ «ភូមិហ្នឹងផ្ទេរឲ្យគេមែន ក៏ប៉ុន្តែព្រៃឈើយើងអត់ដឹងគេកាប់។ អ៊ីចឹងគេផ្ទេរសិទ្ធិ គិតថាដីហ្នឹងគេឲ្យកាន់កាប់ធ្វើស្រែ ធ្វើចម្ការអ៊ីចឹងទៅ»។ នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ លោក សៅ វ៉ាននី មានប្រសាសន៍ថា ពុំមានក្រុមហ៊ុនណាមួយត្រូវបានផ្តល់សម្បទាននៅតំបន់នោះទេ ៖ «ចាំមើលខ្ញុំចុះទៅ អ្វីដែលមិនទាន់ដួល តែដួលហើយពិបាកនិយាយគ្នា...»។ កាលពីសប្តាហ៍មុននេះអាជ្ញាធរខេត្តរតនគិរីបានរកឃើញគំនរឈើមូល នៅក្នុងការដ្ឋានដាំកៅស៊ូរបស់ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ ទីប្រឹក្សានិងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី។ តាមសាក្សីដែលបានឃើញគំនរឈើអះអាងថា មានប្រមាណ៣០០ទៅ៤០០ម៉ែត្រគូប ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះអាជ្ញាធរខេត្តនិងមន្ត្រីជំនាញ មិនព្រមធ្វើអត្ថាធិប្បាយពីបរិមាណនិងប្រភពឈើផ្លូវការដែលរកឃើញ នោះទេ ក្រៅពីអះអាងថាកំពុងចាត់ការរឿងនេះតែប៉ុណ្ណោះ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia
កាសែតមនសិការខែ្មរ រូបភាពពីRFA ការិយាល័យរបស់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានចោទកាសែតមនសិការ ខ្មែរពីបទសរសេរមួលបង្កាច់និងគំរាមរកការប្តឹងទៅតុលាការ។ ការចោទរបស់ការិយាល័យអ្នកនាំពាក្យនៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រទៅកាន់ កាសែតមនសិការខ្មែរបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែកាសែតបានសរសេរថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកដំណាក់មុខវាលព្រះមេរុ និងចោទទៀតថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានស្នើតែងតាំងមន្ត្រីឡេមឡឺមប្រមាណជាង២០០នាក់ឲ្យមកធ្វើការនៅ ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ។ ការិយាល័យអ្នកនាំពាក្យរបស់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របាន សរសេរប្រាប់កាសែតមនសិការឲ្យបង្ហាញភស្តុតាងនិងសរសេរកែតម្រូវ បើពុំដូច្នោះទេនឹងប្រើប្រាស់វិធីតាមផ្លូវច្បាប់ដើម្បីប្តឹង កាសែតទៅតុលាការ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen
រូបភាពីRFA សាច់ជ្រូកដែលគេដាក់លក់នៅក្នុងផ្សារមួយក្នុងទីក្រុងភ្នំពេញ ក្រុមអាជីវករនិងអ្នកជំនួញខ្មែរមួយចំនួនបានត្អូញត្អែរថា ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក រួមទាំងការប៉ះទង្គិចគ្នាដោយអាវុធរឿងព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃរួចមក មុខរបរទទួលទានរបស់ពួកគាត់បានធ្លាក់ចុះជាបន្តបន្ទាប់ មានអាជីវករខ្លះទៀតបានបញ្ជាក់ថា ដោយសារតែការលក់មិនដាច់ផង ក៏សម្រេចចិត្តបិទមុខជំនួញខ្លះចោលតែម្តង។ អាជីវករផ្សារអូឡាំពិក លោក ឡោ យី ជាអ្នកលក់គ្រឿងសំអាង បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ការលក់ដូររបស់លោកបានធ្លាក់ចុះខ្លះ។ លោកបញ្ជាក់ថា ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកមក អតិថិជនមិនសូវមករកទិញសម្ភារៈប្រើប្រាស់ឡើយ។ លោក ឡោ យី ថ្លែងដូច្នេះថា ៖ «ស្ងាត់ណាស់ ចេះតែដាច់តិចៗ។ ដោយមុខទំនិញដែរ ដូចថា មុខណារបស់មកថ្មី មិនសូវដាច់ដែរ នៅស្រុកខ្មែរយើងគេច្រើនមើលតែរបស់ណាដែលធ្លាប់ប្រើ។ តាំងពីគេមានវិបត្តិសេដ្ឋកិច្ចយើងហ្នឹងទៅ ដូចធ្លាក់ថយដែរ»។ ចំណែកឯលោក ស៊ន សុផាត អាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនាក្នុងទីក្រុងភ្នំពេញ ដែលមានតូបលក់សម្លៀកបំពាក់ផងនោះ បាននិយាយឲ្យដឹងថា ចាប់ពីខែកញ្ញា ក្នុងឆ្នាំ២០០៨នេះមក មានករណីពីរយ៉ាងដែលធ្វើឲ្យមិនសូវមានអតិថិជនមករកទិញទំនិញនោះ គឺមានវិបត្តិសេដ្ឋកិច្ចពិភពលោកផង ម្យ៉ាងទៀតអតិថិជន ដែលធ្លាប់ប្រើប្រាស់ផលិតផលពីប្រទេសថៃនោះបានផ្អាកការប្រើប្រាស់ ខ្លះផង។ លោកបានបន្ថែមទៀតថា ម្យ៉ាងទៀត ការបញ្ជាទិញទំនិញពីប្រទេសថៃហាក់មានភាពរកាំរកូសច្រើន ដូចជាទំនិញនាំមកមិនទាន់ពេលវេលាជាដើម។ លោក ស៊ន សុផាត មានប្រសាសន៍ថា ៖ «កាលពីមុនដែលខ្ញុំធ្លាប់ធ្វើ ជំនួញជួញដូរទាក់ទងនឹងថៃហ្នឹង បច្ចុប្បន្នខ្ញុំផ្អាកមួយរយៈ។ មានពីរមុខនៅជាមួយថៃហ្នឹង មួយខោអាវ ហើយខោអាវខ្ញុំបានផ្អាកហើយ តូបដែលខ្ញុំធ្លាប់លក់ខោអាវហ្នឹង ខ្ញុំលក់ឲ្យគេហើយ។ ហើយមួយទៀត ទាក់ទងទៅនឹងក្រដាស ខ្ញុំដូចយកក្រដាសសម្រាប់មកប្រើសម្រាប់ខ្លួនឯងដែរ ហើយនិងលក់ខ្លះៗដែរ តែឥឡូវហ្នឹងដោយសារតែមានបញ្ហាទាក់ទងជាមួយនឹងថៃ អ៊ីចឹងទៅ ខ្ញុំក៏អត់បានឡើងទៅថៃ ចង់ឡើងទៅប៉ុន្តែទាក់ទងនឹងវីសាអីហ្នឹង ខ្ញុំបានធ្វើចោល ២ដងហើយ អត់បានទៅ»។ លោក ស៊ន សុផាត បានថ្លែងទៀតថា ៖ «ទាក់ទងទៅនឹងវិបត្តិពិភពលោក ហើយនិងជម្លោះរវាងខ្មែរ និងថៃហ្នឹង វាប៉ះពាល់ដល់ការរកស៊ីរបស់យើងដែរ ដូចរៀងរាល់ឆ្នាំនៅរដូវឈប់សម្រាកឆ្នាំថ្មី ឆ្លងឆ្នាំ ឬក៏ Christmas ហ្នឹង យើងមានភ្ញៀវជាច្រើនមកដល់ស្រុកខ្មែរយើង អ៊ីចឹងទៅការរកស៊ីរបស់យើងវាមានចំណូលកើនឡើងទៅតាមហ្នឹង ប៉ុន្តែដល់ដាច់ឆ្នាំនេះ ដោយសារយើងមានជម្លោះជាមួយថៃ ហើយដោយសារសេដ្ឋកិច្ចពិភពលោកផង គឺធ្វើឲ្យភ្ញៀវដែលធ្លាប់មកទិញយើង នៅដាច់ឆ្នាំ ឬនៅហូលីដេហ្នឹង វាថយចុះ អ៊ីចឹងធ្វើឲ្យការរកស៊ីរបស់យើង មានលក្ខណៈថយចុះមួយកម្រិតដែរ»។ រីឯអ្នកស្រី អាចិន បានមានប្រសាសន៍ឲ្យដឹងថា គ្រួសាររបស់អ្នកស្រីបានកាត់បន្ថយការចំណាយប្រចាំថ្ងៃដោយសារតែ ប្រាក់ចំណូលនៅក្នុងគ្រួសារចាប់ផ្តើមធ្លាក់ចុះដែរនោះ៖ «និយាយ ទៅមិនមែនថា យើងមិនប្រើសោះទេ មានរបស់ខ្លះ យើងចៀសប្រើមិនបានដែរ តែបើឲ្យដូចមុន ឥឡូវគិតថា មានរបស់ស្អីខ្លះអាចជំនួសបាន ជំនួសដែរ។ ជំនួសបានដូចជាសាប៊ូយើងប្រើអី យើងអាចជៀសប្រើពីរបស់ថៃ ដូចជាប្រើរបស់សិង្ហបុរី ឬក៏របស់អីផ្សេងអ៊ីចឹង។ បើសម្លៀកបំពាក់ទិញតែរបស់ហុងកុងទេ ឥឡូវ។ សម្លៀកបំពាក់ បើតាមខ្ញុំសម្គាល់មើល បើនៅផ្សារផ្សេងមិនដឹងទេ តែភាគច្រើននៅតាមទីផ្សារពោធិ៍ចិនតុង ភាគច្រើន ច្រើនតែរបស់វៀតណាម ហុងកុង និងកូរ៉េ អត់សូវមានឃើញគេប្រើរបស់ថៃដែរ»។ ចំណែកឯអាជីវករម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា តូបរបស់គាត់ចាប់ផ្តើមលក់មិនសូវដាច់ ក្រោយពេលដែលខ្មែរហើយនិងថៃមានសភាពតានតឹងខាងផ្នែកព្រំដែន ហើយមានផ្ទុះអាវុធដាក់គ្នារួចមកនោះ ហើយចំណែកឯការទំនាក់ទំនងខាងផ្នែកទិញដូរជាមួយនឹងប្រទេសថៃនោះ គឺមិនសូវល្អទេ។ អាជីវកររូបនោះបានបញ្ជាក់ទៀតថា ដោយសារតែករណីនេះ គាត់បានផ្អាកការធ្វើដំណើរទៅ ទិញទំនិញនៅឯប្រទេសថៃ ពីរលើកមកហើយ ៖ «ខ្ញុំអត់មានទៅទំនាក់ទំនង ព្រោះអីខ្ញុំចេះតែខ្លាច ខ្ញុំក៏មិនទូរស័ព្ទអីទាក់ទងដែរ ថាខ្ញុំប្រកាន់ក៏ថាបាន ប៉ុន្តែខ្ញុំក៏អត់រវល់ដែរ ខ្ញុំគិតថាអត់គេមួយក៏យើងមិនអត់ដែរ អ៊ីចឹងបានខ្ញុំសុខចិត្តពន្យារទៅ បើសិនយើងល្អនឹងគ្នាវិញ យើងក៏ទៅទិញរកស៊ីទៀតទៅ។ បើសិនជាកន្លែងណាដែលយើងមានខុសពីប្រទេសហ្នឹង យើងទៅប្រទេសផ្សេងទៅ ខ្ញុំគិតអ៊ីចឹងសម្រាប់ខ្ញុំ»។ ដោយឡែកអាជីវករលក់ក្រណាត់នៅផ្សារអូឡាំពិក ក្នុងទីក្រុងភ្នំពេញ លោក ទុយ សុខចេង បានថ្លែងឲ្យដឹងថា បើទោះបីជាបច្ចុប្បន្ននេះ ដំណើរការនៃការទាក់ទងគ្នាមួយចំនួនបានចាប់ផ្តើមឡើងវិញខ្លះក៏ដោយ ប៉ុន្តែការលក់ដូរទំនិញនោះមិនដាច់ដូចពីមុននោះទេ ដែលជាហេតុនាំឲ្យការនាំចូលផលិតផលផ្សេងៗសម្រាប់លក់ដូរផ្ទាល់ ខ្លួននោះ បានថយចុះ ពី៥០ ទៅ ៦០ភាគរយ។ លោក ទុយ សុខចេង មានប្រសាសន៍ដូច្នេះថា ៖ «បាញ់គ្នាហើយដូចជាមាន បញ្ហាបិទអត់ឲ្យចេញទេ អីវ៉ាន់យើងក៏អត់ហ៊ានចេញមកដែរ ខ្លាចមានបញ្ហាតាមផ្លូវ ដល់ពេលឥឡូវនេះ វាដំណើរការធម្មតាវិញ តម្លៃទំនិញដូចជាធម្មតាអត់ឡើងចុះអីផង សេវាដឹកជញ្ជូនវានៅតែដដែល ប៉ុន្តែគ្រាន់តែថា ការលក់ដូរយើងនៅក្នុងស្រុកនេះវាធាក់ថយ ដូច្នេះការនាំចូលក៏វាធាក់ថយតាមហ្នឹងដែរ។ ដូចជាបាត់ ៥០ ទៅ ៦០% ក្នុងការនាំចូល»។ ប៉ុន្តែបើតាមមន្ត្រីព័ត៌មាននៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាប់ព្រំដែនខ្មែរ-ថៃ លោក បួង វិបុល ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការនាំសម្ភារៈទំនិញពីប្រទេសថៃចូលមកប្រទេសកម្ពុជា បានធ្វើឡើងជាបន្តបន្ទាប់នៅឡើយ។ បើទោះបីជាមិនមានតួលេខណាមួយពីប្រពភរដ្ឋាភិបាលពីការធ្លាក់ ចុះនៃការនាំចូលនិងនាំចេញមុខទំនិញផ្សេងៗក៏ដោយ ប៉ុន្តែក្រុមអាជីវករដែលរកស៊ីលក់ដូរសម្ភារៈនានា បាននិយាយថា ចាប់តាំងពីផ្តើមមានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកមក និងប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃមកផងនោះ ការប្រកបរបរទទួលទានផ្សេងៗមិនរីកចម្រើនឡើយ។ ហើយកាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអាជីវករផ្សារទំនើបមួយឈ្មោះ ផ្សារសុវណ្ណា បាននាំគ្នាធ្វើបាតុកម្មដោយសុំបញ្ចុះតម្លៃឈ្នួលតូប ៣០% ដោយសារតែការលក់សម្ភារៈមិនដាច់នោះ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Prey Veng
កសិករនៅខេត្តព្រៃវែងកំពុងប្រមូលផលស្រូវ រូបភាព RFA រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០០៨ ថា កសិករមិនត្រូវប្រញាប់លក់ស្រូវក្នុងតម្លៃថោក នៅពេលដែលការទស្សន៍ទាយឆ្នាំ២០០៩ថា មនុស្សច្រើនលាននាក់នៅលើពិភពលោក ជួបនូវវិបត្តិស្បៀងអាហារ។ លោកបណ្ឌិត ច័ន្ទ សារុន បន្តថា កសិករត្រូវរៀបចំធ្វើជង្រុកទុកដាក់ស្រូវឲ្យបានល្អ ក្នុងពេលកំពុងច្រូតកាត់នេះ។ លោកថា ឈ្មួញកំពុងទិញស្រូវឲ្យតម្លៃថោកជាងច្រើនខែមុន។ ប៉ុន្តែ អង្ករនឹងឡើងថ្លៃ នៅពេលខាងមុខ ដោយសារវិបត្តិស្បៀងនៅលើពិភពលោក។ លោក ច័ន្ទ សារុន មានប្រសាសន៍ថា ៖ «ធ្វើក្រងដាក់ស្រូវឲ្យស្រួល បួល អត់ផ្អូមទេ អត់ទាន់យំអីទេ ហើយកុំអាលនិយាយពីរឿងលក់ និយាយពីទុកឲ្យស្រួលបួលសិន អង្ករនឹងត្រូវតែឡើងថ្លៃ ព្រោះ ២០០៩នេះ តាមការព្យាករណ៍របស់អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO) ប្រជាពលរដ្ឋ ១ពាន់លាននាក់ខ្វះស្បៀង អ៊ីចឹងយើងសង្ឃឹមថា អត់មានអីទេ។ អ៊ីចឹងធ្វើក្រងដាក់ស្រូវឲ្យបានស្រួលបួល ជង្រុកដាក់ឲ្យបានស្រួលបួល ហើយផលិតបន្លែ ព្រោះបន្លែថ្លៃជាងស្រូវច្រើនណាស់»។ លោកបានណែនាំកសិករថា ប្រសិនបើកសិករខ្វះថវិកាសងទៅឈ្មួញនូវថ្លៃជី ឬអ្វីផ្សេងទៀត ក្រោយការច្រូតកាត់រួច កសិករត្រូវប្រញាប់ភ្ជួររាស់ដីស្រែរបស់ខ្លួន ដាំប៉េងប៉ោះ ត្រសក់ ជាដើម វាជាបន្លែដែលឆាប់ហុចផល ត្រូវការទឹកតិចនិងទឹកសន្សើមប៉ុណ្ណោះក្នុងការលូតលាស់។ លោករដ្ឋមន្រ្តីបន្តទៀតថា ការប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាលបាន៤០%ហើយ ទូទាំងប្រទេសកម្ពុជា ហើយទិន្នផលស្រូវវស្សា បានកើនជាងឆ្នាំមុន ៖ «វស្សាបានកើនលើស ហើយទិន្នផលបានធ្វើ ៤០% ដែលច្រូតកាត់ហើយហ្នឹង ស្ទង់ទៅឃើញថា លើសឆ្នាំទៅហើយ»។ លោកបណ្ឌិត ច័ន្ទ សារុន បន្តថា បន្លែកំពុងតែឡើងថ្លៃខ្លាំងជាងស្រូវ និងថា កសិករគួរចេះបែងចែកដីស្រែរបស់ខ្លួនមួយចំណែកដាំស្រូវ និងមួយចំណែកដាំបន្លែ ទើបកសិករអាចទប់ទល់ជីវភាពរស់នៅបានប្រសើរ។ ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា ជាទូទៅប្រទេសកម្ពុជា ផលិតស្រូវលើសសេចក្តីត្រូវការនៅក្នុងស្រុក។ លោកថា ក្នុង១ឆ្នាំៗ ស្រូវនាំចេញជាង២លានតោន។ លោកថា តម្លៃស្រូវឆ្នាំនេះ ឡើងថ្លៃជាងឆ្នាំមុន បើប្រៀបធៀបទៅខែធ្នូដូចគ្នា។ កាលពីឆ្នាំ២០០៧ ស្រូវប្រភេទលេខ១ លក់ក្នុងតម្លៃ ១០០០រៀល ក្នុង១គីឡូក្រាម។ ប៉ុន្តែតម្លៃស្រូវលក់ចេញ នៅខែធ្នូ ឆ្នាំ២០០៨ វិញ បានឡើងថ្លៃ ១១០០រៀល ក្នុង១គីឡូក្រាម។ លោក ចាន់ សុផល មានប្រសាសន៍ថា ៖ «បើសិនជាមានកម្មវិធីឥណទាន រដ្ឋាភិបាល ក៏ដូចជាផ្នែកណាមួយដែលអាចជួយប្រមូលទិញស្រូវ ឲ្យបានច្រើន ធ្វើយ៉ាងណាកុំឲ្យថ្លៃថោកពេកសម្រាប់ពលរដ្ឋ ឬក៏គាត់អាចទុកស្រូវបានយូរបន្តិច ហ្នឹងជាការល្អ»។ មន្រ្តីជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ទិន្នផលស្រូវឆ្នាំ២០០៧-២០០៨ ប្រទេសកម្ពុជាផលិតស្រូវបាន ៦,៤លានតោន។ នៅឆ្នាំនោះ ស្រូវបាននាំចេញ ២,៦លានតោន។ លោកថា បើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មថា នៅឆ្នាំ២០០៨នេះ ទិន្នផលស្រូវកើនជាងឆ្នាំមុន គេរំពឹងថា ផលិតផលស្រូវគ្រោងលក់ទៅក្រៅប្រទេសអាចកើនទាំងតម្លៃស្រូវ កើនទាំងទិន្នផលនាំចេញដោយសារវិបត្តិស្បៀងនៅលើពិភពលោកនោះ៕ ដកស្រង់ពី RFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia ,
Siem Reap.
ប្រាសាទអង្គវត្តកាលពីឆ្នាំ២០០២ រូបភាពពីRFA មន្រ្តីរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីមានគម្រោងនឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ១ លានដុល្លារសហរដ្ឋអាមេរិកទុកឲ្យអាជ្ញាធរអប្សរាដើម្បីអនុវត្តគម្រោង គ្រប់គ្រងដីនិងអភិវឌ្ឍន៍នៅតំបន់អង្គរខេត្តសៀមរាបទៅតាមគោលការណ៍ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់អង្គរបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ។ អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ថា ប្រទេសអូស្រ្តាលីបានព្រមព្រៀងនូវការផ្ដល់មូលនិធិជាង១លានដុល្លារ សហរដ្ឋអាមេរិកនៅក្នុងគម្រោងដែលត្រូវការទឹកប្រាក់សរុបប្រមាណ១លាន ៦សែនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំការគ្រប់គ្រងដីធ្លី ការរៀបចំប្រជាពលរដ្ឋឲ្យតាំងទីលំនៅត្រឹមត្រូវដើម្បីកុំឲ្យប៉ះពាល់ ដល់តំបន់អង្គរ។ លោក ប៊ុន ណារិទ្ធ បានឲ្យដឹងថា ៖ «១លាន៦សែនមានកន្ទុយទៀត ខ្ញុំអត់ចាំទេ ក្នុងហ្នឹងអូស្រ្ដាលីគេចេញ១លាន១សែន ហើយក្រៅពីហ្នឹងអាជ្ញាធរអប្សរាអ្នកចេញ គឺគម្រោងគ្រប់គ្រងតំបន់អង្គរទាំងមូលហ្នឹង គ្រប់គ្រងដី គ្រប់គ្រងប្រជាពលរដ្ឋ ហើយយើងប្រើប្រាស់ដីយ៉ាងម៉េច សង់ផ្ទះយ៉ាងម៉េចអីអ៊ីចឹង។ ជាគម្រោងមួយដើម្បីឆ្លើយតបនឹងសំណូមពរចង់បានរបស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក»។ ទោះយ៉ាងណាកាលពីថ្ងៃច័ន្ទពុំអាចទាក់ទងសុំការអធិប្បាយរឿងនេះពីស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជាបានទេ។ ក្រៅពីជំនួយទឹកប្រាក់សម្រាប់គម្រោងការពារតំបន់អង្គរខេត្ត សៀមរាប ប្រទេសមួយចំនួនទៀតក៏កំពុងផ្ដល់មូលនិធិសម្រាប់ជួសជុលនិងអភិរក្ស ប្រាសាទបុរាណកសាងអំពីថ្មដែលកំពុងតែមានចំណាស់ទ្រុឌទ្រោមទៅហើយ ផងដែរ។ ប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយប្រជាជនចិន លោក ជា ឈីងលីន បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែធ្នូ នៅក្នុងពិធីបញ្ចប់ការជួសជុលការដ្ឋានប្រាសាទចៅសាយទេព្ដា ថា រដ្ឋាភិបាលចិននឹងផ្ដល់ប្រាក់រួមទាំងអ្នកជំនាញចិនដើម្បីចាប់ផ្ដើម គម្រោងជួសជុលភាពទ្រុឌទ្រោមរបស់ប្រាសាទតាកែវនាបរិវេណអង្គរធំ ខេត្តសៀមរាប។ លោក ជា ឈីងលីន បានមានប្រសាសន៍ថា ៖ «...ចិននឹងប្រគល់បន្ត កម្មវិធីជួសជុលឡើងវិញប្រាសាទតាកែវ ហើយអ្នកជំនាញការចិនក៏កំពុងស្រាវជ្រាវធ្វើគម្រោងផែនការដើម្បី អនុវត្តការពារប្រាសាទតាកែវ»។ តាមអគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់ បានមានប្រសាសន៍ឲ្យដឹងថា កាលពីដើមខែធ្នូនេះ ប្រទេសហុងគ្រីបានចុះហត្ថលេខាជាផ្លូវការផ្ដល់ទឹកប្រាក់ប្រមាណ៩០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅលើគម្រោងសិក្សាផ្នែកបុរាណវិទ្យា ដើម្បីឈានទៅរកការជួសជុលនិងអភិរក្សប្រាសាទបុរាណកោះកេរដែលបាន ទ្រុឌទ្រោមជាច្រើនសតវត្សរ៍មកហើយ។ លោក សឺន គង់ បានឲ្យដឹងថា ៖ «ចំពោះកោះកេរ យើងបានចុះហត្ថលេខាជាផ្លូវការដែលមានគម្រោងនិងថវិកាច្បាស់លាស់នោះជាមួយហុងគ្រី កាលពីថ្ងៃទី១ ខែ១២»។ សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនមានប្រទេសជាច្រើនបានផ្ដល់ជំនួយសម្រាប់ ជួសជុលប្រាសាទបុរាណនៅតំបន់អង្គរខេត្តសៀមរាប ដូចជាសាលាចុងបូព៌ារបស់បារាំងបានជួសជុលប្រាសាទបាពួនដែលមិនទាន់ ឈានទៅដល់ការបញ្ចប់គម្រោងនៅឡើយ។ សហរដ្ឋអាមេរិកបានជួសជុលប្រាសាទភ្នំបាខែង និងប្រទេសជប៉ុនបានជួសជុលប្រាសាទបាយ័នជាដើម៕ដកស្រងពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen
ព្រះសង្ឃព្រះពុទ្ធសាសនាប៉ះទង្គិចជាមួយនគរបាលប្រឆាំងកុបកម្ម នៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ធ្នូ ២០០៧ រូបភាពពីRFA មន្រ្តីសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាននានានៅកម្ពុជាបានថ្លែងថា ការចាត់ទុកប្រទេសកម្ពុជាថាមានសេរីភាពសារព័ត៌មានដូចប្រទេសថៃរបស់ អង្គការ Freedom House គឺជារឿងមិនត្រឹមត្រូវ ហើយអាចធ្វើឲ្យពិភពលោកមានការភ័ន្តច្រឡំ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០០៨របស់អង្គការក្រៅរដ្ឋាភិបាលមួយ នៅសហរដ្ឋអាមេរិកឈ្មោះ Freedom House ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានចាត់ទុកថា ប្រទេសកម្ពុជាមានសុវត្ថិភាពល្អប្រសើរជាងប្រទេសនានានៅក្នុងតំបន់ សម្រាប់អ្នកសារព័ត៌មាន ហើយមានចំណាត់ថ្នាក់សេរីភាពស្មើនឹងប្រទេសថៃផង។ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍ថា របាយការណ៍នោះគឺខុសពីការពិតហើយអាចធ្វើឲ្យពិភពលោកមានការយល់ខុស។ លោក រ៉ុង ឈុន បានឲ្យដឹងថា ៖ «ការដែលផ្សាយមិនពិតបែបហ្នឹង ធ្វើឲ្យមានផលប៉ះពាល់ មានការភ័ន្តច្រឡំដែលអ្នកអានប្រទេសផ្សេងៗនោះគេមើលឃើញថា កម្ពុជាមានសេរីភាពសារព័ត៌មានពេញលេញ»។ លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សឈ្មោះអាដហុក បានមានប្រសាសន៍ថា ជារួមការសន្និដ្ឋាននៅក្នុងរបាយការណ៍នោះមិនអាចស្របនឹងការពិត ទាំងស្រុងទេ។ លោក ធន សារាយ បានមានប្រសាសន៍ថា ៖ «ខ្ញុំនៅតែមិនទាន់ឯកភាពទៅ លើទូរទស្សន៍ បើថាវិទ្យុហើយនិងសារព័ត៌មានសរសេរ យើងអាចនិយាយអ៊ីចឹងបាន ប៉ុន្តែទូរទស្សន៍ខ្ញុំឃើញថានៅឆ្ងាយ»។ រីឯលោក ប៉ា ងួនទៀង ប្រធានកម្មវិធីផ្សាយសំឡេងប្រជាធិបតេយ្យដែលមាននិន្នាការមិនគាំទ្រ ខាងរដ្ឋាភិបាល បានមានប្រសាសន៍ថា គ្មានចំណុចណាដែលអាចសន្និដ្ឋានថា កម្ពុជាមានសេរីភាពសារព័ត៌មានឋានៈស្មើនឹងប្រទេសថៃនោះទេ។ លោក ប៉ា ងួនទៀង បានបញ្ជាក់ថា ៖ «ទាក់ទងទៅនឹងប្រព័ន្ធនៃ ការគ្រប់គ្រងហ្នឹង វាអត់ទាន់ឡូស៊ិចនៅឡើយរបាយការណ៍ហ្នឹង ហើយបើសិនជារបាយការណ៍ បើយើងចាត់ទុកថាជារបាយការណ៍... វាឡូស៊ិចហ្នឹង វាអាចជាការលើកទឹកចិត្តឲ្យរដ្ឋាភិបាលរបៀបដឹកនាំនិងគ្រប់គ្រងទៅ ប្រទេសរបៀបបច្ចុប្បន្នហ្នឹង»។ គួរបញ្ជាក់ថា របាយការណ៍របស់ Freedom House នោះ ក៏បានធ្វើឡើងនៅក្រោយពេលមិនយូរប៉ុន្មានដែលអ្នកកាសែតប្រឆាំងមួយ រូបនៅក្នុងប្រទេសកម្ពុជា គឺលោក ឃឹម សម្បូរណ៌ ត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវនាទីក្រុងភ្នំពេញ ដែលនៅពេលនេះអាជ្ញាធរខ្មែរនិងភ្នាក់ងារសហរដ្ឋអាមេរិក FBI កំពុងសហការគ្នាស្វែងរកឃាតករ។ ទោះជាយ៉ាងណាក៏ដោយ លោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតក្នុងស្រុកឈ្មោះរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា តាមពិតនាពេលបច្ចុប្បន្នការសន្និដ្ឋាននោះគឺត្រឹមត្រូវ។ លោក ប៉ែន សមិទ្ធិ បានមានប្រសាសន៍ថា ៖ «បើប្រៀបនឹងស្ថានភាព ស្រុកថៃសព្វថ្ងៃហ្នឹងទៅលើមានការបិទវឹបសាយថ៍ជាច្រើន ឬមួយក៏សេរីភាពទាក់ទងនឹងរឿងបោះពុម្ពផ្សាយផ្សេងៗទៀតហ្នឹង ខ្ញុំឃើញថាចំណាត់ថ្នាក់ហ្នឹងវាមានភាពត្រឹមត្រូវ»។ ថ្វីត្បិតតែបានកំណត់ឋានៈសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាស្មើ នឹងប្រទេសថៃក៏ដោយ ប៉ុន្តែ Freedom House ក៏បានធ្វើការកត់សម្គាល់ដែរថា រដ្ឋាភិបាលនៅមិនទាន់គោរពសិទ្ធិពេញលេញនូវសេរីភាពក្នុងការបញ្ចេញ មតិ ក៏ដូចជាការត្រួតពិនិត្យនូវបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាទូទៅ ផងដែរ៕ ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia. Phnom Phen
ព្រលានយន្តហោះដែលយើងចង់បាន
យើងបានដឹងរួចមកហើយថាព្រលានយន្តហោះអន្តរជាតិ បាងកក បានផ្អាកដំនើរការអស់រយៈ ពេលជាងមួយសប្តាហ៏ទៅហើយដែលកើតឡើងដោយសារបញ្ហានយោបាយក្នុងប្រទេសថៃ បញ្ហានយោបាយនេះផងដែរគឺបណា្តលមកពីពួកបាតុករជាច្រើននាក់បានកាន់កាប់ព្រលាន យន្តហោះ និងកាន់កាប់កន្លែង សំខាន់ៗជាច្រើនក្នុងប្រទេសថៃ។ ហើយបញ្ហានេះវាបានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនដែលជាប្រទេសជិត ខាងនៃប្រទេសថៃផងដែរ។ព្រលានយន្តហោះអន្តរជាតិ បាងកក នេះជាព្រលានយន្តហោះមួយក្នុងចំណោមប្រលានយន្តដែលមានការមមារញឹកនៃអាស៊ីបែកខាងត្បូង ហើយអ្នកដំនើររាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយសារ ជើងហោះហើរត្រូវបានផ្អាកដំនើរការ។ហើយប្រទេសថៃនេះផងដែរគឺជាចំនុចទេសចរណ៏ដ៏ក្តៅគគុកនៃទ្វីបអាស៊ីទាំងមូល ហើយចំពោះព្រលានយន្តហោះគឺជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ ដ៏សំខាន់ផងដែរ ឧស្សាហ៏កម្មទេសចរណ៏ ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បញ្ហានេះបានបង្ហាញអោយយើងឃើញច្បាស់ថា៖ ប្រទេសកម្ពុជាពឹងផ្អែកទៅលើប្រទេសថៃជាច្រើនក្នុងសេវាដឹកជញ្ជូន។ បានជាទេសចរណ៏បរ ទេសជាច្រើនពាន់នាក់បានមកទស្សនាប្រទេសកម្ពុជាដោយសារអាកាសយាន្តដាន្ឋអន្តរជាតិ បានកក ប្រទេសថៃ។វាជាការពិតណាស់ដែលប្រទេសកម្ពុជាមានជើងហោះហើរជាច្រើនដូច ជា កូឡាឡាំពួរ ហូរជីមិញ ហាណូយ ហុងកុង តៃបិ សេអ៊ូល ហើយនឹង ស៊ីងហ្គាពួរ ប៉ុន្តែការ ហោះហើរភាគច្រើនដែលចេញពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ រឺ សៀមរាបគឺឆ្ពោះទៅ ព្រលានយន្តហោះអន្តរជាតិ បាងកក។ ហើយផលវិបាកជាច្រើនសំរាប់ភ្ញៀវដែលចង់មកប្រទេ សកម្ពុជាដើម្បីធ្វើដំនើរកំសាន្ត ហើយបានទិញសំបុត្រមកព្រលានយន្តហោះអន្តរជាតិភ្នំពេញរឺ ក៏សៀមរាបដោយជើងហោះហើរបាងកក ត្រូវបានប៉ះពា់ផងដែរ។
ឧស្សាហ៏កម្មទេសចរណ៏នៅប្រទេសកម្ពុជាបានរីកលូតលាស់គួរអោយកត់សំគាល់ចាប់ តាំងពីឆ្នាំទៅមិញ។ទាំងនោះគឺជាពត៌មានដ៏ល្អសំរាប់ប្រទេសកម្ពុជាដែលជាប្រទេសមួយជួបតែបញ្ហាសង្រ្គាមរ៉ាំរៃអស់ជាច្រើនឆ្នាំ។នៅពេលនេះវិសយ័ទេសចរណ៏បានងើបឡើងវិញគឺបាន នយ័ថាសង្រ្គាមគឺបានរលត់ទៅហើយ ប្រទេសមានសន្តិភាព ធ្វើអោយវិសយ័ទេសចរណ៏កាន់ តែមានទ្រង់ទ្រាយធំ ហើយពួកយើងអាចស្វាគមន៏រាល់ភ្ញៀវទេសចរណ៏បរទេសទាំងអស់។ ភ្ញៀវទេសចរណ៏បរទេសជាច្រើនដែលមកទេសចរណ៏នៅប្រទេសកម្ពុជាពួកគេនិយាយថាពួក
គេចូលចិត្តប្រទសកម្ពុជាជាងប្រទេសថៃ។ពីព្រោះប្រជាជនកម្ពុជានិយាយភាសាអង់គ្លេសច្រើន ហើយប្រទេសកម្ពុជាមានទេសភាពស្អាតៗ ប្រជាជនចិត្តល្អ ហើយអ្វីគួអោយកត់សំគាល់ នោះគឺពួកបរទេសចូលចិត្តវប្បធម៌របស់កម្ពុជាយើង។ ជាការពិតណាស់ពួកយើងកំពុងចាប់ តែផ្តើមខាងវិសយ័ទេសចរណ៏ ហើយពួកយើងបានរៀនសូត្រច្រើនពីប្រទេសដ៏ទៃទៀត ហើយ ក៏បានរៀនសូតពីប្រទេសថៃផងដែរ។
ទេសចរណ៏បរទេសភាគច្រើនបាននិយាយថា៖ ប្រទេសថៃបានក្លាយជាប្រទេសអភិ វឌ្ឈន៏ខាងវិសយ័ឧស្សាហ៏កម្មហើយចំពោះសំរស់ធម្មជាតិដើមគឺមានតិចតួចបំផុត ។ ដូចច្នេះ ហើយពួកយើងត្រូវជួយគិតនិងជួយថែរក្សាសំរស់ធម្មជាតិដើមរបស់ប្រទេសកម្ពុជាយើងអោយ ស្ថិតក្នុងបរិយាកាសស្រស់បំព្រង ជាមួយនិងសុបិន្តថាវានិងរីកចំរើនទៅមុខ។
នៅពេលមួយពួកយើងនិងគិតថាពួកយើងគួតែមានក្រុមហ៊ុនអាកាសចរណ៏ផ្ទាល់ខ្លួន ដែលអាចហោះហើរទៅកាន់ទីឆ្ងាយៗហើយពួកយើងគួតែដាក់ឈ្មោះដូចជា Cambodia Airways, Air Khmer, Angkor Airline រឺក៏ស្រដៀងនិងឈ្មោះទាំងនោះ។ បើយើងមានព្រលាន យន្តហោះអន្តរជាតិផ្ទាល់ខ្លួនហើយពួកយើងអាចហោះហើរពីព្រលានយន្តហោះភ្នំពេញទៅកាន់ទីឆ្ងាយៗដូចជា Madrid, Paris, London, Rom, Frank Fourth, New York ដ៏រាបទៅដល់ Bogota ហើយនិង Buenos ដែលជាអាកាសចរណ៏ក្នុង Latin America ។
ប្រសិនបើប្រទេសកម្ពុជាយើងមានអាកាសយានដ្ឋានផ្ទាល់ខ្នួនសំរាប់ហោះហើរទៅកាន់ទីឆ្ងាយក្នុងពីភពលោកនោះវានិងធ្វើអោយប្រទេសកម្ពុជាយើងមានអ្នកមកទស្សនកិច្ចច្រើន ហើយប្រទេសកម្ពុជាយើងក៏អភិវឌ្ឈន៏វិសយ័ទេសចរណ៏អោយរីកចំរើនដែរ។
អត្ថបទដោយៈ Albeiro Rodas
បកប្រែដោយៈ ហេង សំបូរ
Read more »
ភ្ញៀវទេសចរណ៏ចូលទស្សនាប្រាសាទអង្គវត្តនាពេលថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលខ្មែរបានថ្លែងឲ្យដឹងថា ទេសចរជនជាតិថៃចំនួន ៥០០នាក់ បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅទស្សនាប្រាសាទ អង្គរវត្តឡើងវិញ បន្ទាប់ពីមានការផ្អាកមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិបត្តិនយោបាយថៃនិងជម្លោះព្រំដែន។ លោក ពេជ្រ សារ៉ន ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ នេះថា កាលពីថ្ងៃទី៤ និងទី៥ ខែធ្នូនេះ ទេសចរជនជាតិថៃចំនួន ៥១០នាក់ បានធ្វើដំណើរឆ្លងកាត់ចូលទៅទស្សនាប្រាសាទអង្គរវត្តនៅខេត្ត សៀមរាប។ លោក ពេជ្រ សារ៉ន មានប្រសាសន៍ដូច្នេះថា ៖ «បើមានការស្ងាត់ស្ងៀម នៅក្នុងប្រទេសថៃ រឿងបាតុកម្មអី អាហ្នឹងអាចមានបន្តទៀត ហើយនិងស្ងប់ស្ងាត់សភាពការណ៍ព្រំដែនអី គឺមានបន្តទៀតហើយ»។ ប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានផ្អាកការធ្វើដំណើរចូលមក ប្រទេសកម្ពុជា ចាប់តាំងពីប្រទេសថៃមានស្ថានការណ៍ជ្រួលច្របល់និងការប្រឈមមុខ ដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ នៅតាមតំបន់ព្រំដែន។ ជាមួយនឹងស្ថានការណ៍នេះ លោក សំភុង អៈម៉នវីវ៉ាត់ រដ្ឋមន្រ្តីការបរទេសថៃ កាលពីថ្ងៃទី១៤ ខែតុលា ក៏បានប្រកាសមិនឲ្យជនជាតិថៃ ធ្វើដំណើរមកប្រទេសកម្ពុជា ហើយស្នើឲ្យជនជាតិថៃទាំងអស់ គិតឲ្យបានពីរដង មុននឹងសម្រេចចិត្តមកប្រទេសកម្ពុជា។ លោក ជុង លឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានថ្លែងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទេសចរជនជាតិថៃមានចំណាត់ថ្នាក់លេខមួយក្នុងចំណោមទេសចរជាតិសាសន៍ ដទៃផ្សេងទៀត ប៉ុន្តែជម្លោះព្រំដែននិងវិបត្តិនយោបាយថៃ កន្លងមក បានធ្វើឲ្យផ្អាកលំហូរទេសចរថៃមកកម្ពុជា។ លោកបានបញ្ជាក់ថា ការបាត់បង់ទេសចរថៃ គឺជាការប៉ះពាល់ដល់ប្រាក់ចំណូល។ លោក ឃួន សុវត្ថិ លេខាអគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានថ្លែងថា លំហូរទេសចរថៃមកកម្ពុជា អាចមានភាពប្រសើរឡើងវិញបាន ប្រសិនបើវិបត្តិនយោបាយថៃនិងជម្លោះព្រំដែន មានស្ថានភាពល្អប្រសើរឡើងវិញ។ លោ ឃួន សុវត្ថិ មានប្រសាសន៍ថា ៖ «ពិតមែនហើយ បើសិនជាស្ថានការណ៍នៅក្នុងប្រទេសថៃមិនល្អ គ្មានទេសចរមកប្រទេសថៃ ដូច្នេះប្រទេសកម្ពុជា ក៏មិនមានភ្ញៀវទេសចរដែរ»។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ក្រៅពីជនជាតិថៃ ភ្ញៀវទេសចរអន្តរជាតិផ្សេងដទៃទៀតនៅតែបន្តដំណើរមកស្រុកខ្មែរ ពីព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព ហើយថា កម្ពុជាមានសង្ឃឹមថា ចំនួនទេសចរអន្តរជាតិនឹងមានការកើនឡើងរហូតដល់ ២លាន ២៥ម៉ឺននាក់ នៅឆ្នាំ២០០៨នេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ ចំនួនទេសចរអន្តរជាតិបាននាំគ្នាចាកចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងមួយថ្ងៃៗ កើនឡើងរហូតដល់ជាង ១.២០០នាក់ បន្ទាប់ពីមានការបិទព្រលានយន្តហោះនៅក្នុងប្រទេសថៃ។ មន្រ្តីទេសចរណ៍បានបញ្ជាក់ថា វិបត្តិនយោបាយថៃនិងជម្លោះព្រំដែនខ្មែរ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា បានធ្វើឲ្យប៉ះពាល់លំហូរទេសចរថៃ ប៉ុន្តែពួកគេសង្ឃឹមថា ស្ថានភាពនេះនឹងមានភាពប្រសើរឡើងវិញ ប្រសិនបើវិបត្តិនយោបាយនិងជម្លោះព្រំដែនត្រូវបានដោះស្រាយ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia.Kampot
ផែនទីខេត្តកំពត មន្ត្រីអនុរក្សរមណីយដ្ឋានឧទ្យានជាតិមុន្នីវង្ស ភ្នំបូកគោ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២ ធ្នូនេះ ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងការជម្លៀសប្រជាពលរដ្ឋជាង៣០០ គ្រួសារដែលរស់នៅក្នុងចំណុចអន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ប្រសិនណាបើប្រជាពលរដ្ឋនៅតែរឹងទទឹងមិនព្រមចាកចេញពីដីរដ្ឋទេ នោះ។ ប្រធានអនុរក្សឧទ្យានជាតិបូកគោ លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងថា លោកបានដាក់ឱសានវាទឲ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ឧទ្យានជាតិនោះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ប៉ុន្តែរហូតមកទល់នឹងពេលនេះប្រជាពលរដ្ឋនៅមិនទាន់បានចាកចេញនៅ ឡើយនោះទេ។ លោក ជ័យ យុទ្ធារឹទ្ធ បានមានប្រសាសន៍ថា ៖ «បញ្ហាយើងនៅមានវិធីដោះ ។ ទី១ យើងនឹងរាយការណ៍ទៅសុំគោលការណ៍ពីអាជ្ញាធរដែនដី ព្រោះការដោះស្រាយចល័តប្រជាជនចេញហ្នឹង និងការដោះស្រាយទីកន្លែងស្នាក់នៅ វាជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី។ ហើយទី២ បើសិនជាជម្រើសរបស់យើងវាទ័លច្រក អាហ្នឹងយើងមានតែប្ដឹងទៅតុលាការដើម្បីដកហូតដីសាធារណៈរបស់រដ្ឋ មកដាក់ឲ្យរដ្ឋវិញ»។ ប្រជាពលរដ្ឋរស់នៅចំណុចអន្លង់ក្រោម ភូមិជ័យសេនា លោក ហាក់ វុទ្ធី បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនដោយមានការភ័យខ្លាចក្រែងមានអំពើហិង្សាកើតឡើង ទៀតបានប្រមូលអីវ៉ាន់ចាកចេញពីលំនៅឋានខ្លះហើយ។ លោកបានបន្តថា ទាហានមកពីកងពលតូចលេខ៣១ បានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋានក្នុងអំឡុងពេលមួយថ្ងៃឬ ពីរថ្ងៃទៀត។ លោក ហាក់ វុទ្ធី បានមានប្រសាសន៍ថា ៖ «ឥឡូវកំពុងតែភ្ញាក់ផ្អើល ផ្អើលយកអីវ៉ាន់អស់ហើយ អត់សូវហ៊ាននៅប៉ុន្មានទេ ខ្លាចគេចូលមកប៉ះអីយកហ្នឹងៗ យកទាំងអស់ឲ្យតែមាននៅក្នុងផ្ទះ ក្នុងដីភូមិហ្នឹង»។ ទោះជាយ៉ាងណា មេបញ្ជាការកងពលតូចលេខ៣១ លោក ស៊ុន សារឿន បានជំទាស់ថា ទាហានរបស់លោកមិនបានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាននោះឡើយ ៖ «ចេះតែឆ្លើយថា ទាហានៗ មានទាហានឯណាមានសិទ្ធិទៅធ្វើអ៊ីចឹងៗ សួរទៅបរិស្ថាន»។ ប្រធានអនុរក្សឧទ្យានជាតិបូកគោ លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋភាគច្រើនជាអ្នកចូលមកតាំងលំនៅថ្មីលើដីរបស់រដ្ឋ ហើយថាប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលខ្វះដីធ្លីតាំងលំនៅពិត ប្រាកដ។ លោកបានឲ្យដឹងផងដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានយល់ព្រមទទួលយកប្រជាពលរដ្ឋទាំងនោះឲ្យទៅរស់នៅលើដីអភិវឌ្ឍន៍ របស់លោកនៅឯខេត្តស្ទឹងត្រែង តែពួកគេមិនព្រមផ្លាស់ទីលំនៅទៅទីនោះឡើយ។ គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានការណ្ដេញប្រជាពលរដ្ឋជាង៣០០គ្រួសារចេញពីលំនៅឋានក្នុងចំណុច អន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ដែលបានបណ្ដាលឲ្យអ្នកភូមិ៣នាក់បានរងរបួស ហើយផ្ទះជាង១០០ខ្នងត្រូវបានរុះរើនិងដុតបំផ្លាញ។ លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងថា ក្នុងអំពើហិង្សាកន្លងមករវាងក្រុមអាជ្ញាធរនិងប្រជាពលរដ្ឋ គឺដោយសារតែប្រជាពលរដ្ឋបាននាំគ្នារឹងទទឹងមិនព្រមចាកចេញ ហើយនាំគ្នាកាន់ដំបង កាំបិត ពូថៅ ជំទាស់នឹងការបណ្ដេញចេញនោះដែលនាំឲ្យមានអំពើហិង្សាផ្ទុះឡើង។ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានចូលមករស់នៅលើដីនោះប្រមាណបួនឬប្រាំឆ្នាំមកហើយ ហើយអាជ្ញាធរបានឲ្យដឹងថា គេបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យមកតាំងទីលំនៅលើដីរបស់រដ្ឋនោះ ដែរ តែប្រជាពលរដ្ឋមិនព្រមស្ដាប់៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia ,
Kampot
ទីតាំងខេត្តដែលត្រូវប្រឈមុខនិងការដកហូតដី មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានឲ្យដឹងថា ក្រុមមន្ត្រីអាជ្ញាធរនៅថ្ងៃ១ ធ្នូនេះ បានចុះប្រាប់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងចំណុចអន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ឲ្យរុះរើចេញពីលំនៅក្នុងរយៈពេលពីរបីថ្ងៃទៀត។ មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា មន្ត្រីបរិស្ថានចម្រុះនិងឧទ្យានុរក្សបានប្រាប់ប្រជាពលរដ្ឋឲ្យ ចាកចេញពីគេហដ្ឋានរបស់ពួកគាត់ក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ បើមិនដូច្នោះទេ នឹងប្រើកម្លាំងឲ្យរុះរើ។ លោក អំ សំអាត មានប្រសាសន៍ដូច្នេះថា ៖ «ថ្ងៃទី១នេះ ប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថា ខាងបរិស្ថាននិងខាងមេព្រៃហ្នឹង បានប្រាប់ពួកគាត់ថា ឲ្យចាកចេញនៅក្នុងអំឡុង ២-៣ថ្ងៃខាងមុខនេះទៀត បើសិនជាមិនព្រមទេ គេនឹងចាត់វិធានការក្ដៅ ដើម្បីធ្វើម៉េចឲ្យពួកគាត់ចាកចេញ ដោយគេដឹក ឬក៏រើចេញ»។ លោក អំ សំអាត បានឲ្យដឹងផងដែរថា មន្ត្រីឧទ្យានជាតិបូកគោ កាលពីថ្ងៃទី២៤ វិច្ឆិកា បានចេញសេចក្ដីជូនដំណឹងម្ដងរួចមកហើយ ដល់ប្រជាពលរដ្ឋឲ្យរុះរើលំនៅចេញពីដីដែលពួកគាត់កំពុងរស់នៅនោះ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី១ ធ្នូនេះ នៅមិនទាន់មានសកម្មភាពរុះរើអ្វីនោះទេ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានការបណ្ដេញប្រជាពលរដ្ឋជាង ៣០០គ្រួសារចេញពីលំនៅក្នុងចំណុចអន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ដែលបានបណ្ដាលឲ្យអ្នកភូមិ៣នាក់ បានរងរបួស ហើយផ្ទះជាង ១០០ខ្នង ត្រូវបានរុះរើនិងដុតបំផ្លាញចោល។ លោក អំ សំអាត បានឲ្យដឹងផងដែរថា បន្ទាប់ពីមានព្រឹត្តិការណ៍បណ្ដេញប្រជាពលរដ្ឋនោះ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្នើសុំឲ្យអាជ្ញាធរធ្វើការដោះស្រាយដោយសន្តិវិធីនិងពន្យារពេល ក្នុងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅផងដែរ។ លោក អំ សំអាត បានឲ្យដឹងថា អជ្ញាធរឧទ្យានជាតិបូកគោ បានឲ្យដឹងថា គេមិនអាចឲ្យប្រជាពលរដ្ឋរស់នៅលើដីនោះបានទេ ព្រោះវាជាដីរបស់ឧទ្យានជាតិ។ លោក អំ សំអាត បានឲ្យដឹងថា អាជ្ញាធរបានសន្យាថា នឹងធ្វើការសិក្សាទៅលើប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ ហើយនឹងពិចារណាពីការផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋទាំង នោះ។ លោកក៏បានបន្តថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានយល់ព្រមឲ្យប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ ទៅរស់នៅលើដីអភិវឌ្ឍន៍របស់លោក នៅឯខេត្តស្ទឹងត្រែង។ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីប្រធានឧទ្យានជាតិបូកគោបានទេនៅថ្ងៃច័ន្ទនេះ។ មន្រ្តីសិទ្ធិមនុស្សបានឲ្យដឹងថា ប្រជាពលរដ្ឋខ្លះដែលរស់នៅចំណុចអន្លង់ក្រោម ភូមិជ័យសេនានោះ កំពុងជួបប្រទះនឹងបញ្ហាអត់ជម្រក ខ្វះស្បៀងអាហារ ខ្លះត្រូវរស់នៅក្រោមដើមឈើជាដើម។ មន្រ្តីសិទ្ធិមនុស្សក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋនៅចំណុចអន្លង់ក្រោមនោះ បានដាក់ពាក្យស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា ព្រឹទ្ធសភា និងក្រសួងការពារជាតិ ឲ្យជួយរកដំណោះស្រាយផ្ដល់ទីលំនៅដល់ពួកគាត់៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia
AFP/Tang Chhin Sothyលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសចូលរួមក្នុងសម័យប្រជុំលើក ដំបូងនៃរដ្ឋសភាអាណត្តិទី៤ នាថ្ងៃទី២៤ កញ្ញា ២០០៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការបោះឆ្នោតនៅក្នុងអាណត្តិក្រោយៗគឺឆ្នាំ២០១៣និង២០១៨ គណបក្សប្រជាជនកម្ពុជាអាចនឹងបាត់សន្លឹកឆ្នោតខ្លះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីទៀត ព្រោះលោកជឿថា នៅពេលនោះគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោតដដែល។ ថ្លែងទៅកាន់មនុស្សប្រមាណ៣០០នាក់នៅក្នុងឱកាសប្រកាសឲ្យអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ឲ្យធ្លាក់អស់១០កៅអីទៀតក៏នៅតែឈ្នះ ៨០។ អ្នកចាំធ្វើនាយករដ្ឋមន្ត្រីឧទាហរណ៍រហូត ឥឡូវខ្ញុំមិននិយាយមិនកើតទេ និយាយធ្លាក់ ឲ្យធ្លាក់ក្រោម១០កៅអី ២០១៣ នៅសល់៨០ជាង នៅតែឈ្នះ ដល់បោះ២០១៨ ធ្លាក់បន្តទៀតទៅចុះ សល់៧០ក៏នៅតែឈ្នះ។ អ៊ីចឹងអ្នកចាំធ្វើនាយករដ្ឋមន្ត្រីមិនដឹងចាំដល់ថ្ងៃណា»។ សូមជម្រាបថា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈក្នុងរដ្ឋសភាចំនួន៩០អាសនៈ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia
អ្នកធ្វើដំណើរជាខ្មែរអ៊ិស្លាម ដែលរង់ចាំការហោះហើរទៅទីក្រុងបាងកក អង្គុយក្បែរអីវ៉ាន់របស់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅ ថ្ងៃទី២៦ វិច្ឆិកា ២០០៨។ RFA អ្នកសេដ្ឋកិច្ចកម្ពុជាបានអះអាងស្របគ្នាថា វិបត្តិនៅប្រទេសថៃបានធ្វើឲ្យប៉ះពាល់សង្វាក់សេដ្ឋកិច្ចនៅកម្ពុជា និងថា រដ្ឋាភិបាលគួរតែបង្វែរទិសដៅពាណិជ្ជកម្មអន្តរជាតិទៅប្រទេសដទៃ ក្នុងតំបន់។ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានស្រាវជ្រាវ សហប្រតិបត្តិការនិងសន្តិភាព បានមានប្រសាសន៍ថា កម្ពុជាគួរតែបង្វែរទិសដៅពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ខ្លួនទៅរកប្រទេសសិង្ហបុរី ឬទៅប្រទេសម៉ាឡេស៊ី ឬប្រទេសផ្សេងទៀត ក្រៅពីប្រទេសថៃដែលកំពុងមានបញ្ហាផ្ទៃក្នុងនោះ។ សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅកម្ពុជា លោក ហួត ពុំ បានឲ្យដឹងថា កម្ពុជាគួរតែរកដៃគូផ្សេង ក្រៅពីប្រទេសថៃក្នុងការធ្វើអាជីវកម្ម ព្រោះប្រទេសថៃមិនត្រឹមតែមានវិបត្តិផ្ទៃក្នុងខ្លូនឯងដែលបណ្តា ឲ្យសេដ្ឋកិច្ចកម្ពុជាថយចុះប៉ុណ្ណោះទេ ថែមទាំងយើងក៏មានភាពប្រេះស្រាំជាមួយគ្នាច្រើនដែរ ពាក់ព័ន្ធនឹងកេរដំណែលរបស់ដូនតាយើង។ លោកសាស្ត្រាចារ្យ ហួត ពុំ មានប្រសាសន៍ដូច្នេះថា ៖ «យើងគួរតែ បង្វែរទៅប្រទេសផ្សេង។ ជាក់ស្ដែងដូចជាយើងប្រើទាក់ទងនឹងវិស័យទូរគមនាគមន៍ គឺយើងពឹងលើគេ ដល់ពេលគេមានបញ្ហា គេផ្ដាច់ យើងផ្ដាច់ដែរ»។ បើតាមអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា គឺលោក សម រង្ស៊ី មានប្រសាសន៍ថា ៖ «ច្បាស់ជាត្រូវរកដៃគូផ្សេងមកជំនួសដៃគូណា ដែលមានបញ្ហាហើយ ប៉ុន្តែរឿងនេះមិនមែនជាដំណោះស្រាយដែលអាចអនុវត្តបានឆាប់រហ័សនោះ ទេ ពីព្រោះយើងមិនអាចបង្វែរក្នុងមួយថ្ងៃឲ្យទៅដល់គោលដៅ រកដៃគូថ្មីបានភ្លាមៗនោះទេ។ អ៊ីចឹង បានយើងត្រូវចាត់វិធានការផ្សេងទៀត»។ មន្ត្រីរដ្ឋាភិបាលមកពីគណបក្សកាន់អំណាច លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជាអាចធ្វើពហុពាណិជ្ជកម្មជាមួយប្រទេសដទៃបាន នៅពេលកិច្ចសន្យាច្បាប់ពាណិជ្ជកម្មអស់សុពលភាព។ លោកបន្តថា បច្ចុប្បន្ន ថៃនៅតែបំពេញអ្វីដែលមានក្នុងកិច្ចសន្យាបាន គឺកម្ពុជានៅតែបន្តសហប្រតិបត្តិការ។ លោក ជាម យៀប ថ្លែងដូច្នេះថា ៖ «ការធ្វើសេដ្ឋកិច្ចគឺវាមាន ច្បាប់ស្ដីពីកិច្ចសន្យា គឺមាត្រាទី២២ បានចែងថា កិច្ចសន្យាគឺជាច្បាប់នៃគូភាគី អ៊ីចឹងយើងឃើញថា យើងមិនអាចធ្វើអ្វី ក្រៅតែពីអនុវត្តច្បាប់បានទេ។ ឥឡូវនេះ មានតែវិបត្តិផ្ទៃក្នុងរបស់សៀមទេ ប៉ុន្តែអ្នកជំនួញសៀមគ្មានបញ្ហាអ្វីទេ គេអាចមកបណ្ដាក់ទុន ហើយចំពោះយើង គេមកបណ្ដាក់ទុនច្រើនកាលណា គឺល្អកាលហ្នឹង»។ បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក សូ ឃុន បានឲ្យដឹងថា ដោយសារតែភាពវឹកវរនៅប្រទេសថៃ និងដោយសារតែគ្មានការហោះហើរ ធ្វើឲ្យមានការកកស្ទះសំបុត្រជាច្រើនពាន់ច្បាប់និងទំនិញផ្សេងៗ ប្រមាណ១០០លានដុល្លារ និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានបិទជើងហោះហើរពីភ្នំពេញនិងសៀមរាប ទៅក្រុងបាងកក ប្រទេសថៃ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
Cambodia
សកម្មភាពភ្ញៀវទេសចរណ៏ប្រាសាទអង្គរវត្ត វិបត្តិនយោបាយនៅប្រទេសថៃ បានធ្វើឲ្យកម្ពុជាត្រូវខាតបង់ចំណូលពីវិស័យទេសចរណ៍មួយថ្ងៃៗ មិនតិចជាង១លានដុល្លារឡើយ។ ប្រធានសមាគមទេសចរណ៍កម្ពុជា លោក ហូ វ៉ាន់ឌី មានប្រសាសន៍កាលពីចុងសប្តាហ៍ថា ពីព្រោះតែការកាន់កាប់ព្រលានយន្តហោះសុវណ្ណភូមិនិងដនមឿងដោយក្រុម បាតុករប្រឆាំងរដ្ឋាភិបាលថៃនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវេយ៍ បាងកក អ៊ែរវេយ៍ និងអ៊ែរ អេស៊ា បានលុបចោលជើងហោះហើររវាងកម្ពុជានិងថៃ ចំនួន១០ជើង ក្នុងមួយថ្ងៃៗដែលការនេះបានបណ្តាលឲ្យចំនួនទេសចរចូលមកកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង។ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ក៏បានស្រង់ប្រសាសន៍ លោក Sathol Miura ប្រធានក្រុមហ៊ុនទេសចរណ៍ APEX នៅកម្ពុជាថា ការលុបចោលជើងហោះហើរអន្តរជាតិពីថៃនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើចំណូលរបស់សណ្ឋាគារ ផ្ទះសំណាក់ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរតាក់ស៊ី និងភោជនីយដ្ឋាននានានៅកម្ពុជា។ តែលោកបានកត់សម្គាល់ថា អ្នកទេសចរជប៉ុនដែលធ្វើដំណើរមកកម្ពុជាតាមរយៈក្រុមហ៊ុន APEX របស់លោក ពុំមានប៉ះពាល់ដោយសារវិបត្តិនយោបាយនៅថៃនេះឡើយ ព្រោះពួកគេហោះមកកម្ពុជាកាត់តាមប្រទេសយៀកណាម។ លោក Miura មានប្រសាសន៍ថា ទេសចរជប៉ុនជាង២ពាន់នាក់ បានមកទស្សនាកម្ពុជាតាមរយៈក្រុមហ៊ុន APEX នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ដែលជាចំនួនប្រហាក់ប្រហែលគ្នានឹងខែវិច្ឆិកា ឆ្នាំទៅមិញ៕ដកស្រង់ពីRFA
Read more »
Posted by: SAMBOhengnews / Category:
ក្រុមបាតុកររបស់ក្នុងប្រទេសថៃ សហរដ្ឋអាមេរិកនិងអតីតនាយករដ្ឋមន្រ្តីថៃនិរទេស លោក ថាក់ស៊ីន បានអំពាវនាវស្របគ្នាឲ្យបញ្ចប់ការបិទចំណតអាកាសយានដ្ឋានធំៗពីរ ក្នុងក្រុងបាងកកដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ។ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Gordon Duguid បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ថ្វីបើយើងគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិក្តី ការដណ្តើមកាន់កាប់ព្រលានយន្តហោះមិនមែនជាមធ្យោបាយសមរម្យនៃការតវ៉ា នោះទេ។ នៅស្របពេលជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តីថៃដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានថ្លែងស្នើឲ្យក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលចាកចេញពីព្រលាន យន្តហោះ សុវណ្ណភូមិ និងព្រលានយន្តហោះ ដនមឿង ឲ្យបានឆាប់ បើមិនដូច្នោះទេវិធានការផ្លូវច្បាប់គប្បីត្រូវចាត់ធ្វើឡើងជា បន្ទាន់។ លោក ថាក់ស៊ីន បានមានប្រសាសន៍ថា ៖ "អាកាសយានដ្ឋានត្រូវតែត្រូវបានគេបើកឡើងវិញ ហើយបាតុករត្រូវតែគោរពមិនត្រឹមតែច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែគោរពប្រជាពលរដ្ឋថៃផងដែរ។ ប្រសិនបើគ្មាននរណាគោរពច្បាប់ទេ ពេលនោះការអនុវត្តច្បាប់ត្រូវតែធ្វើឡើង"។ ទោះជាយ៉ាងនេះក្តីមេដឹកនាំនៃក្រុមសម្ព័ន្ធភាពប្រជាជនដើម្បី លទ្ធិប្រជាធិបតេយ្យ លោកឧត្តមសេនីយ៍ឯក ចំលងស្រ៊ីមួង កាលពីព្រឹកថ្ងៃសៅរ៍នេះបានថ្លែងថា ក្រុមអ្នកតវ៉ានឹងមិនដកថយពីព្រលានយន្តហោះទាំងពីរដែលបាតុកររបស់ លោកកំពុងកាន់កាប់នោះទេ។ ផ្ទុយទៅវិញលោកបានអំពាវនាវឲ្យក្រុមបាតុករដែលកំពុងប្រមូលផ្តុំ គ្នានៅបរិវេណអគាររដ្ឋាភិបាលថៃ ធ្វើដំណើរទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិដើម្បីបង្កើនការគាបសង្កត់ ឲ្យរដ្ឋាភិបាលរបស់លោក ស៊ុមឆៃ វង់សាវ៉ាត់ និងរដ្ឋសភាថៃបច្ចុប្បន្នរំលាយខ្លួនចោល។ គួរជម្រាបផងដែរថា ក្រោយពីរដ្ឋាភិបាលថៃប្រកាសដាក់ព្រលានយន្តហោះ ដនមឿង និង សុវណ្ណភូមិ ឲ្យស្ថិតក្នុងភាពអាសន្នកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាមក ប៉ូលិសរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយឲ្យឃ្លាំមើលក្រុមបាតុករ និងរកវិធីចរចាជាមួយក្រុមមេដឹកនាំអ្នកតវ៉ាដើម្បីបញ្ជៀស ការបង្ក្រាបដោយហិង្សា។ ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍នេះដែរ មេដឹកនាំទី១នៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សុន្ធិលីមថងគុល បានប្រកាសថា ក្រុមបាតុកររបស់លោកនឹងមិនអនុញ្ញាតឲ្យមានការចរចាណាមួយក្រៅតែពី ទាមទារឲ្យ លោក ស៊ុមឆៃ វង់សាវ៉ាត់ ចុះចេញពីមុខតំណែងនិងការរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតសាជាថ្មីនោះទេ។ នាយករដ្ឋមន្រ្តីថៃ លោក ស៊ុមឆៃ វង់សាវ៉ាត់ ត្រូវបានគេរាយការណ៍មកថា លោកមិនទាន់បានវិលត្រឡប់ចូលមកក្រុងបាងកកពីក្រុងឈៀងម៉ៃទីដែល លោកជួបប្រជុំគណៈរដ្ឋមន្រ្តីថៃនោះនៅឡើយទេ។ ការបិទព្រលានយន្តហោះក្រុងបាងកកទាំងពីរនេះត្រូវបាននាយក រដ្ឋមន្រ្តីថៃអះអាងថា បានធ្វើឲ្យប្រទេសថៃខាតបង់ប្រាក់ចំណូលមិនតិចជាង១សែនលានបាតទេ ក្នុងមួយថ្ងៃ និងបានធ្វើឲ្យភ្ញៀវទេសចរណ៍ប្រហែល១សែននាក់ខកខានការធ្វើដំណើរ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ៕ដកស្រង់ពីRFA
Read more »