អាជីវករត្អូញត្អែរពីការរកស៊ីធ្លាក់ចុះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកនិងរឿងព្រំដែន
Posted by: SAMBOhengnews / Category: Cambodia. Phnom Phen
រូបភាពីRFA
សាច់ជ្រូកដែលគេដាក់លក់នៅក្នុងផ្សារមួយក្នុងទីក្រុងភ្នំពេញ
ក្រុមអាជីវករនិងអ្នកជំនួញខ្មែរមួយចំនួនបានត្អូញត្អែរថា ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោក រួមទាំងការប៉ះទង្គិចគ្នាដោយអាវុធរឿងព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃរួចមក មុខរបរទទួលទានរបស់ពួកគាត់បានធ្លាក់ចុះជាបន្តបន្ទាប់ មានអាជីវករខ្លះទៀតបានបញ្ជាក់ថា ដោយសារតែការលក់មិនដាច់ផង ក៏សម្រេចចិត្តបិទមុខជំនួញខ្លះចោលតែម្តង។
អាជីវករផ្សារអូឡាំពិក លោក ឡោ យី ជាអ្នកលក់គ្រឿងសំអាង បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ការលក់ដូររបស់លោកបានធ្លាក់ចុះខ្លះ។ លោកបញ្ជាក់ថា ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកមក អតិថិជនមិនសូវមករកទិញសម្ភារៈប្រើប្រាស់ឡើយ។
លោក ឡោ យី ថ្លែងដូច្នេះថា ៖ «ស្ងាត់ណាស់ ចេះតែដាច់តិចៗ។ ដោយមុខទំនិញដែរ ដូចថា មុខណារបស់មកថ្មី មិនសូវដាច់ដែរ នៅស្រុកខ្មែរយើងគេច្រើនមើលតែរបស់ណាដែលធ្លាប់ប្រើ។ តាំងពីគេមានវិបត្តិសេដ្ឋកិច្ចយើងហ្នឹងទៅ ដូចធ្លាក់ថយដែរ»។
ចំណែកឯលោក ស៊ន សុផាត អាជីវករលក់ដូរនៅក្នុងផ្សារទំនើបមួយនាក្នុងទីក្រុងភ្នំពេញ ដែលមានតូបលក់សម្លៀកបំពាក់ផងនោះ បាននិយាយឲ្យដឹងថា ចាប់ពីខែកញ្ញា ក្នុងឆ្នាំ២០០៨នេះមក មានករណីពីរយ៉ាងដែលធ្វើឲ្យមិនសូវមានអតិថិជនមករកទិញទំនិញនោះ គឺមានវិបត្តិសេដ្ឋកិច្ចពិភពលោកផង ម្យ៉ាងទៀតអតិថិជន ដែលធ្លាប់ប្រើប្រាស់ផលិតផលពីប្រទេសថៃនោះបានផ្អាកការប្រើប្រាស់ ខ្លះផង។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀត ការបញ្ជាទិញទំនិញពីប្រទេសថៃហាក់មានភាពរកាំរកូសច្រើន ដូចជាទំនិញនាំមកមិនទាន់ពេលវេលាជាដើម។
លោក ស៊ន សុផាត មានប្រសាសន៍ថា ៖ «កាលពីមុនដែលខ្ញុំធ្លាប់ធ្វើ ជំនួញជួញដូរទាក់ទងនឹងថៃហ្នឹង បច្ចុប្បន្នខ្ញុំផ្អាកមួយរយៈ។ មានពីរមុខនៅជាមួយថៃហ្នឹង មួយខោអាវ ហើយខោអាវខ្ញុំបានផ្អាកហើយ តូបដែលខ្ញុំធ្លាប់លក់ខោអាវហ្នឹង ខ្ញុំលក់ឲ្យគេហើយ។ ហើយមួយទៀត ទាក់ទងទៅនឹងក្រដាស ខ្ញុំដូចយកក្រដាសសម្រាប់មកប្រើសម្រាប់ខ្លួនឯងដែរ ហើយនិងលក់ខ្លះៗដែរ តែឥឡូវហ្នឹងដោយសារតែមានបញ្ហាទាក់ទងជាមួយនឹងថៃ អ៊ីចឹងទៅ ខ្ញុំក៏អត់បានឡើងទៅថៃ ចង់ឡើងទៅប៉ុន្តែទាក់ទងនឹងវីសាអីហ្នឹង ខ្ញុំបានធ្វើចោល ២ដងហើយ អត់បានទៅ»។
លោក ស៊ន សុផាត បានថ្លែងទៀតថា ៖ «ទាក់ទងទៅនឹងវិបត្តិពិភពលោក ហើយនិងជម្លោះរវាងខ្មែរ និងថៃហ្នឹង វាប៉ះពាល់ដល់ការរកស៊ីរបស់យើងដែរ ដូចរៀងរាល់ឆ្នាំនៅរដូវឈប់សម្រាកឆ្នាំថ្មី ឆ្លងឆ្នាំ ឬក៏ Christmas ហ្នឹង យើងមានភ្ញៀវជាច្រើនមកដល់ស្រុកខ្មែរយើង អ៊ីចឹងទៅការរកស៊ីរបស់យើងវាមានចំណូលកើនឡើងទៅតាមហ្នឹង ប៉ុន្តែដល់ដាច់ឆ្នាំនេះ ដោយសារយើងមានជម្លោះជាមួយថៃ ហើយដោយសារសេដ្ឋកិច្ចពិភពលោកផង គឺធ្វើឲ្យភ្ញៀវដែលធ្លាប់មកទិញយើង នៅដាច់ឆ្នាំ ឬនៅហូលីដេហ្នឹង វាថយចុះ អ៊ីចឹងធ្វើឲ្យការរកស៊ីរបស់យើង មានលក្ខណៈថយចុះមួយកម្រិតដែរ»។
រីឯអ្នកស្រី អាចិន បានមានប្រសាសន៍ឲ្យដឹងថា គ្រួសាររបស់អ្នកស្រីបានកាត់បន្ថយការចំណាយប្រចាំថ្ងៃដោយសារតែ ប្រាក់ចំណូលនៅក្នុងគ្រួសារចាប់ផ្តើមធ្លាក់ចុះដែរនោះ៖ «និយាយ ទៅមិនមែនថា យើងមិនប្រើសោះទេ មានរបស់ខ្លះ យើងចៀសប្រើមិនបានដែរ តែបើឲ្យដូចមុន ឥឡូវគិតថា មានរបស់ស្អីខ្លះអាចជំនួសបាន ជំនួសដែរ។ ជំនួសបានដូចជាសាប៊ូយើងប្រើអី យើងអាចជៀសប្រើពីរបស់ថៃ ដូចជាប្រើរបស់សិង្ហបុរី ឬក៏របស់អីផ្សេងអ៊ីចឹង។ បើសម្លៀកបំពាក់ទិញតែរបស់ហុងកុងទេ ឥឡូវ។ សម្លៀកបំពាក់ បើតាមខ្ញុំសម្គាល់មើល បើនៅផ្សារផ្សេងមិនដឹងទេ តែភាគច្រើននៅតាមទីផ្សារពោធិ៍ចិនតុង ភាគច្រើន ច្រើនតែរបស់វៀតណាម ហុងកុង និងកូរ៉េ អត់សូវមានឃើញគេប្រើរបស់ថៃដែរ»។
ចំណែកឯអាជីវករម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា តូបរបស់គាត់ចាប់ផ្តើមលក់មិនសូវដាច់ ក្រោយពេលដែលខ្មែរហើយនិងថៃមានសភាពតានតឹងខាងផ្នែកព្រំដែន ហើយមានផ្ទុះអាវុធដាក់គ្នារួចមកនោះ ហើយចំណែកឯការទំនាក់ទំនងខាងផ្នែកទិញដូរជាមួយនឹងប្រទេសថៃនោះ គឺមិនសូវល្អទេ។
អាជីវកររូបនោះបានបញ្ជាក់ទៀតថា ដោយសារតែករណីនេះ គាត់បានផ្អាកការធ្វើដំណើរទៅ ទិញទំនិញនៅឯប្រទេសថៃ ពីរលើកមកហើយ ៖ «ខ្ញុំអត់មានទៅទំនាក់ទំនង ព្រោះអីខ្ញុំចេះតែខ្លាច ខ្ញុំក៏មិនទូរស័ព្ទអីទាក់ទងដែរ ថាខ្ញុំប្រកាន់ក៏ថាបាន ប៉ុន្តែខ្ញុំក៏អត់រវល់ដែរ ខ្ញុំគិតថាអត់គេមួយក៏យើងមិនអត់ដែរ អ៊ីចឹងបានខ្ញុំសុខចិត្តពន្យារទៅ បើសិនយើងល្អនឹងគ្នាវិញ យើងក៏ទៅទិញរកស៊ីទៀតទៅ។ បើសិនជាកន្លែងណាដែលយើងមានខុសពីប្រទេសហ្នឹង យើងទៅប្រទេសផ្សេងទៅ ខ្ញុំគិតអ៊ីចឹងសម្រាប់ខ្ញុំ»។
ដោយឡែកអាជីវករលក់ក្រណាត់នៅផ្សារអូឡាំពិក ក្នុងទីក្រុងភ្នំពេញ លោក ទុយ សុខចេង បានថ្លែងឲ្យដឹងថា បើទោះបីជាបច្ចុប្បន្ននេះ ដំណើរការនៃការទាក់ទងគ្នាមួយចំនួនបានចាប់ផ្តើមឡើងវិញខ្លះក៏ដោយ ប៉ុន្តែការលក់ដូរទំនិញនោះមិនដាច់ដូចពីមុននោះទេ ដែលជាហេតុនាំឲ្យការនាំចូលផលិតផលផ្សេងៗសម្រាប់លក់ដូរផ្ទាល់ ខ្លួននោះ បានថយចុះ ពី៥០ ទៅ ៦០ភាគរយ។
លោក ទុយ សុខចេង មានប្រសាសន៍ដូច្នេះថា ៖ «បាញ់គ្នាហើយដូចជាមាន បញ្ហាបិទអត់ឲ្យចេញទេ អីវ៉ាន់យើងក៏អត់ហ៊ានចេញមកដែរ ខ្លាចមានបញ្ហាតាមផ្លូវ ដល់ពេលឥឡូវនេះ វាដំណើរការធម្មតាវិញ តម្លៃទំនិញដូចជាធម្មតាអត់ឡើងចុះអីផង សេវាដឹកជញ្ជូនវានៅតែដដែល ប៉ុន្តែគ្រាន់តែថា ការលក់ដូរយើងនៅក្នុងស្រុកនេះវាធាក់ថយ ដូច្នេះការនាំចូលក៏វាធាក់ថយតាមហ្នឹងដែរ។ ដូចជាបាត់ ៥០ ទៅ ៦០% ក្នុងការនាំចូល»។
ប៉ុន្តែបើតាមមន្ត្រីព័ត៌មាននៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលជាប់ព្រំដែនខ្មែរ-ថៃ លោក បួង វិបុល ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការនាំសម្ភារៈទំនិញពីប្រទេសថៃចូលមកប្រទេសកម្ពុជា បានធ្វើឡើងជាបន្តបន្ទាប់នៅឡើយ។
បើទោះបីជាមិនមានតួលេខណាមួយពីប្រពភរដ្ឋាភិបាលពីការធ្លាក់ ចុះនៃការនាំចូលនិងនាំចេញមុខទំនិញផ្សេងៗក៏ដោយ ប៉ុន្តែក្រុមអាជីវករដែលរកស៊ីលក់ដូរសម្ភារៈនានា បាននិយាយថា ចាប់តាំងពីផ្តើមមានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកមក និងប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃមកផងនោះ ការប្រកបរបរទទួលទានផ្សេងៗមិនរីកចម្រើនឡើយ។
ហើយកាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអាជីវករផ្សារទំនើបមួយឈ្មោះ ផ្សារសុវណ្ណា បាននាំគ្នាធ្វើបាតុកម្មដោយសុំបញ្ចុះតម្លៃឈ្នួលតូប ៣០% ដោយសារតែការលក់សម្ភារៈមិនដាច់នោះ៕
ដកស្រង់ពីRFA