មន្ត្រីឧទ្យានជាតិបូកគោនឹងចាត់វិធានការជម្លៀសពលរដ្ឋជាង៣០០គ្រួសារ
Posted by: SAMBOhengnews / Category: Cambodia.Kampot
ផែនទីខេត្តកំពត
មន្ត្រីអនុរក្សរមណីយដ្ឋានឧទ្យានជាតិមុន្នីវង្ស ភ្នំបូកគោ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២ ធ្នូនេះ ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងការជម្លៀសប្រជាពលរដ្ឋជាង៣០០ គ្រួសារដែលរស់នៅក្នុងចំណុចអន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ប្រសិនណាបើប្រជាពលរដ្ឋនៅតែរឹងទទឹងមិនព្រមចាកចេញពីដីរដ្ឋទេ នោះ។
ប្រធានអនុរក្សឧទ្យានជាតិបូកគោ លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងថា លោកបានដាក់ឱសានវាទឲ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ឧទ្យានជាតិនោះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ប៉ុន្តែរហូតមកទល់នឹងពេលនេះប្រជាពលរដ្ឋនៅមិនទាន់បានចាកចេញនៅ ឡើយនោះទេ។
លោក ជ័យ យុទ្ធារឹទ្ធ បានមានប្រសាសន៍ថា ៖ «បញ្ហាយើងនៅមានវិធីដោះ ។ ទី១ យើងនឹងរាយការណ៍ទៅសុំគោលការណ៍ពីអាជ្ញាធរដែនដី ព្រោះការដោះស្រាយចល័តប្រជាជនចេញហ្នឹង និងការដោះស្រាយទីកន្លែងស្នាក់នៅ វាជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដី។ ហើយទី២ បើសិនជាជម្រើសរបស់យើងវាទ័លច្រក អាហ្នឹងយើងមានតែប្ដឹងទៅតុលាការដើម្បីដកហូតដីសាធារណៈរបស់រដ្ឋ មកដាក់ឲ្យរដ្ឋវិញ»។
ប្រជាពលរដ្ឋរស់នៅចំណុចអន្លង់ក្រោម ភូមិជ័យសេនា លោក ហាក់ វុទ្ធី បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនដោយមានការភ័យខ្លាចក្រែងមានអំពើហិង្សាកើតឡើង ទៀតបានប្រមូលអីវ៉ាន់ចាកចេញពីលំនៅឋានខ្លះហើយ។ លោកបានបន្តថា ទាហានមកពីកងពលតូចលេខ៣១ បានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋានក្នុងអំឡុងពេលមួយថ្ងៃឬ ពីរថ្ងៃទៀត។
លោក ហាក់ វុទ្ធី បានមានប្រសាសន៍ថា ៖ «ឥឡូវកំពុងតែភ្ញាក់ផ្អើល ផ្អើលយកអីវ៉ាន់អស់ហើយ អត់សូវហ៊ាននៅប៉ុន្មានទេ ខ្លាចគេចូលមកប៉ះអីយកហ្នឹងៗ យកទាំងអស់ឲ្យតែមាននៅក្នុងផ្ទះ ក្នុងដីភូមិហ្នឹង»។
ទោះជាយ៉ាងណា មេបញ្ជាការកងពលតូចលេខ៣១ លោក ស៊ុន សារឿន បានជំទាស់ថា ទាហានរបស់លោកមិនបានបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាននោះឡើយ ៖ «ចេះតែឆ្លើយថា ទាហានៗ មានទាហានឯណាមានសិទ្ធិទៅធ្វើអ៊ីចឹងៗ សួរទៅបរិស្ថាន»។
ប្រធានអនុរក្សឧទ្យានជាតិបូកគោ លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋភាគច្រើនជាអ្នកចូលមកតាំងលំនៅថ្មីលើដីរបស់រដ្ឋ ហើយថាប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលខ្វះដីធ្លីតាំងលំនៅពិត ប្រាកដ។
លោកបានឲ្យដឹងផងដែរថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានយល់ព្រមទទួលយកប្រជាពលរដ្ឋទាំងនោះឲ្យទៅរស់នៅលើដីអភិវឌ្ឍន៍ របស់លោកនៅឯខេត្តស្ទឹងត្រែង តែពួកគេមិនព្រមផ្លាស់ទីលំនៅទៅទីនោះឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានការណ្ដេញប្រជាពលរដ្ឋជាង៣០០គ្រួសារចេញពីលំនៅឋានក្នុងចំណុច អន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ដែលបានបណ្ដាលឲ្យអ្នកភូមិ៣នាក់បានរងរបួស ហើយផ្ទះជាង១០០ខ្នងត្រូវបានរុះរើនិងដុតបំផ្លាញ។
លោក ជ័យ យុទ្ធារឹទ្ធ បានឲ្យដឹងថា ក្នុងអំពើហិង្សាកន្លងមករវាងក្រុមអាជ្ញាធរនិងប្រជាពលរដ្ឋ គឺដោយសារតែប្រជាពលរដ្ឋបាននាំគ្នារឹងទទឹងមិនព្រមចាកចេញ ហើយនាំគ្នាកាន់ដំបង កាំបិត ពូថៅ ជំទាស់នឹងការបណ្ដេញចេញនោះដែលនាំឲ្យមានអំពើហិង្សាផ្ទុះឡើង។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានចូលមករស់នៅលើដីនោះប្រមាណបួនឬប្រាំឆ្នាំមកហើយ ហើយអាជ្ញាធរបានឲ្យដឹងថា គេបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យមកតាំងទីលំនៅលើដីរបស់រដ្ឋនោះ ដែរ តែប្រជាពលរដ្ឋមិនព្រមស្ដាប់៕
ដកស្រង់ពីRFA