សង្គមស៊ីវិលប្រតិកម្មនឹងរបាយការណ៍របស់ Freedom Hous

Posted by: SAMBOhengnews / Category:


ព្រះសង្ឃព្រះពុទ្ធសាសនាប៉ះទង្គិចជាមួយនគរបាលប្រឆាំងកុបកម្ម នៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ធ្នូ ២០០៧
រូបភាពពីRFA

មន្រ្តីសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាននានានៅកម្ពុជាបានថ្លែងថា ការចាត់ទុកប្រទេសកម្ពុជាថាមានសេរីភាពសារព័ត៌មានដូចប្រទេសថៃរបស់ អង្គការ Freedom House គឺជារឿងមិនត្រឹមត្រូវ ហើយអាចធ្វើឲ្យពិភពលោកមានការភ័ន្តច្រឡំ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០០៨របស់អង្គការក្រៅរដ្ឋាភិបាលមួយ នៅសហរដ្ឋអាមេរិកឈ្មោះ Freedom House ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានចាត់ទុកថា ប្រទេសកម្ពុជាមានសុវត្ថិភាពល្អប្រសើរជាងប្រទេសនានានៅក្នុងតំបន់ សម្រាប់អ្នកសារព័ត៌មាន ហើយមានចំណាត់ថ្នាក់សេរីភាពស្មើនឹងប្រទេសថៃផង។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍ថា របាយការណ៍នោះគឺខុសពីការពិតហើយអាចធ្វើឲ្យពិភពលោកមានការយល់ខុស។
លោក រ៉ុង ឈុន បានឲ្យដឹងថា ៖ «ការដែលផ្សាយមិនពិតបែបហ្នឹង ធ្វើឲ្យមានផលប៉ះពាល់ មានការភ័ន្តច្រឡំដែលអ្នកអានប្រទេសផ្សេងៗនោះគេមើលឃើញថា កម្ពុជាមានសេរីភាពសារព័ត៌មានពេញលេញ»។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សឈ្មោះអាដហុក បានមានប្រសាសន៍ថា ជារួមការសន្និដ្ឋាននៅក្នុងរបាយការណ៍នោះមិនអាចស្របនឹងការពិត ទាំងស្រុងទេ។
លោក ធន សារាយ បានមានប្រសាសន៍ថា ៖ «ខ្ញុំនៅតែមិនទាន់ឯកភាពទៅ លើទូរទស្សន៍ បើថាវិទ្យុហើយនិងសារព័ត៌មានសរសេរ យើងអាចនិយាយអ៊ីចឹងបាន ប៉ុន្តែទូរទស្សន៍ខ្ញុំឃើញថានៅឆ្ងាយ»។
រីឯលោក ប៉ា ងួនទៀង ប្រធានកម្មវិធីផ្សាយសំឡេងប្រជាធិបតេយ្យដែលមាននិន្នាការមិនគាំទ្រ ខាងរដ្ឋាភិបាល បានមានប្រសាសន៍ថា គ្មានចំណុចណាដែលអាចសន្និដ្ឋានថា កម្ពុជាមានសេរីភាពសារព័ត៌មានឋានៈស្មើនឹងប្រទេសថៃនោះទេ។
លោក ប៉ា ងួនទៀង បានបញ្ជាក់ថា ៖ «ទាក់ទងទៅនឹងប្រព័ន្ធនៃ ការគ្រប់គ្រងហ្នឹង វាអត់ទាន់ឡូស៊ិចនៅឡើយរបាយការណ៍ហ្នឹង ហើយបើសិនជារបាយការណ៍ បើយើងចាត់ទុកថាជារបាយការណ៍... វាឡូស៊ិចហ្នឹង វាអាចជាការលើកទឹកចិត្តឲ្យរដ្ឋាភិបាលរបៀបដឹកនាំនិងគ្រប់គ្រងទៅ ប្រទេសរបៀបបច្ចុប្បន្នហ្នឹង»។
គួរបញ្ជាក់ថា របាយការណ៍របស់ Freedom House នោះ ក៏បានធ្វើឡើងនៅក្រោយពេលមិនយូរប៉ុន្មានដែលអ្នកកាសែតប្រឆាំងមួយ រូបនៅក្នុងប្រទេសកម្ពុជា គឺលោក ឃឹម សម្បូរណ៌ ត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវនាទីក្រុងភ្នំពេញ ដែលនៅពេលនេះអាជ្ញាធរខ្មែរនិងភ្នាក់ងារសហរដ្ឋអាមេរិក FBI កំពុងសហការគ្នាស្វែងរកឃាតករ។
ទោះជាយ៉ាងណាក៏ដោយ លោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតក្នុងស្រុកឈ្មោះរស្មីកម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា តាមពិតនាពេលបច្ចុប្បន្នការសន្និដ្ឋាននោះគឺត្រឹមត្រូវ។
លោក ប៉ែន សមិទ្ធិ បានមានប្រសាសន៍ថា ៖ «បើប្រៀបនឹងស្ថានភាព ស្រុកថៃសព្វថ្ងៃហ្នឹងទៅលើមានការបិទវឹបសាយថ៍ជាច្រើន ឬមួយក៏សេរីភាពទាក់ទងនឹងរឿងបោះពុម្ពផ្សាយផ្សេងៗទៀតហ្នឹង ខ្ញុំឃើញថាចំណាត់ថ្នាក់ហ្នឹងវាមានភាពត្រឹមត្រូវ»។
ថ្វីត្បិតតែបានកំណត់ឋានៈសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាស្មើ នឹងប្រទេសថៃក៏ដោយ ប៉ុន្តែ Freedom House ក៏បានធ្វើការកត់សម្គាល់ដែរថា រដ្ឋាភិបាលនៅមិនទាន់គោរពសិទ្ធិពេញលេញនូវសេរីភាពក្នុងការបញ្ចេញ មតិ ក៏ដូចជាការត្រួតពិនិត្យនូវបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាទូទៅ ផងដែរ៕
ដកស្រង់ពីRFA


0 comments: