វិបត្តិនៅថៃធ្វើឲ្យកម្ពុជាខាតបង់ចំណូលទេសចរណ៍១លានដុល្លារក្នុង១ថ្ងៃ

Posted by: SAMBOhengnews / Category:

សកម្មភាពភ្ញៀវទេសចរណ៏ប្រាសាទអង្គរវត្ត
វិបត្តិនយោបាយនៅប្រទេសថៃ បានធ្វើឲ្យកម្ពុជាត្រូវខាតបង់ចំណូលពីវិស័យទេសចរណ៍មួយថ្ងៃៗ មិនតិចជាង១លានដុល្លារឡើយ។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោក ហូ វ៉ាន់ឌី មានប្រសាសន៍កាលពីចុងសប្តាហ៍ថា ពីព្រោះតែការកាន់កាប់ព្រលានយន្តហោះសុវណ្ណភូមិនិងដនមឿងដោយក្រុម បាតុករប្រឆាំងរដ្ឋាភិបាលថៃនេះហើយ ទើបក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវេយ៍ បាងកក អ៊ែរវេយ៍ និងអ៊ែរ អេស៊ា បានលុបចោលជើងហោះហើររវាងកម្ពុជានិងថៃ ចំនួន១០ជើង ក្នុងមួយថ្ងៃៗដែលការនេះបានបណ្តាលឲ្យចំនួនទេសចរចូលមកកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ក៏បានស្រង់ប្រសាសន៍ លោក Sathol Miura ប្រធានក្រុមហ៊ុនទេសចរណ៍ APEX នៅកម្ពុជាថា ការលុបចោលជើងហោះហើរអន្តរជាតិពីថៃនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើចំណូលរបស់សណ្ឋាគារ ផ្ទះសំណាក់ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរតាក់ស៊ី និងភោជនីយដ្ឋាននានានៅកម្ពុជា។
តែលោកបានកត់សម្គាល់ថា អ្នកទេសចរជប៉ុនដែលធ្វើដំណើរមកកម្ពុជាតាមរយៈក្រុមហ៊ុន APEX របស់លោក ពុំមានប៉ះពាល់ដោយសារវិបត្តិនយោបាយនៅថៃនេះឡើយ ព្រោះពួកគេហោះមកកម្ពុជាកាត់តាមប្រទេសយៀកណាម។
លោក Miura មានប្រសាសន៍ថា ទេសចរជប៉ុនជាង២ពាន់នាក់ បានមកទស្សនាកម្ពុជាតាមរយៈក្រុមហ៊ុន APEX នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ដែលជាចំនួនប្រហាក់ប្រហែលគ្នានឹងខែវិច្ឆិកា ឆ្នាំទៅមិញ៕
ដកស្រង់ពីRFA


0 comments: