រដ្ឋមន្ត្រីកសិកម្មអំពាវនាវឲ្យកសិករកុំប្រញាប់លក់ស្រូវ
Posted by: SAMBOhengnews / Category: Cambodia. Prey Veng
កសិករនៅខេត្តព្រៃវែងកំពុងប្រមូលផលស្រូវ
រូបភាព RFA
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០០៨ ថា កសិករមិនត្រូវប្រញាប់លក់ស្រូវក្នុងតម្លៃថោក នៅពេលដែលការទស្សន៍ទាយឆ្នាំ២០០៩ថា មនុស្សច្រើនលាននាក់នៅលើពិភពលោក ជួបនូវវិបត្តិស្បៀងអាហារ។
លោកបណ្ឌិត ច័ន្ទ សារុន បន្តថា កសិករត្រូវរៀបចំធ្វើជង្រុកទុកដាក់ស្រូវឲ្យបានល្អ ក្នុងពេលកំពុងច្រូតកាត់នេះ។ លោកថា ឈ្មួញកំពុងទិញស្រូវឲ្យតម្លៃថោកជាងច្រើនខែមុន។ ប៉ុន្តែ អង្ករនឹងឡើងថ្លៃ នៅពេលខាងមុខ ដោយសារវិបត្តិស្បៀងនៅលើពិភពលោក។
លោក ច័ន្ទ សារុន មានប្រសាសន៍ថា ៖ «ធ្វើក្រងដាក់ស្រូវឲ្យស្រួល បួល អត់ផ្អូមទេ អត់ទាន់យំអីទេ ហើយកុំអាលនិយាយពីរឿងលក់ និយាយពីទុកឲ្យស្រួលបួលសិន អង្ករនឹងត្រូវតែឡើងថ្លៃ ព្រោះ ២០០៩នេះ តាមការព្យាករណ៍របស់អង្គការស្បៀងនិងកសិកម្មអង្គការសហប្រជាជាតិ (FAO) ប្រជាពលរដ្ឋ ១ពាន់លាននាក់ខ្វះស្បៀង អ៊ីចឹងយើងសង្ឃឹមថា អត់មានអីទេ។ អ៊ីចឹងធ្វើក្រងដាក់ស្រូវឲ្យបានស្រួលបួល ជង្រុកដាក់ឲ្យបានស្រួលបួល ហើយផលិតបន្លែ ព្រោះបន្លែថ្លៃជាងស្រូវច្រើនណាស់»។
លោកបានណែនាំកសិករថា ប្រសិនបើកសិករខ្វះថវិកាសងទៅឈ្មួញនូវថ្លៃជី ឬអ្វីផ្សេងទៀត ក្រោយការច្រូតកាត់រួច កសិករត្រូវប្រញាប់ភ្ជួររាស់ដីស្រែរបស់ខ្លួន ដាំប៉េងប៉ោះ ត្រសក់ ជាដើម វាជាបន្លែដែលឆាប់ហុចផល ត្រូវការទឹកតិចនិងទឹកសន្សើមប៉ុណ្ណោះក្នុងការលូតលាស់។
លោករដ្ឋមន្រ្តីបន្តទៀតថា ការប្រមូលផលស្រូវស្រាលនិងស្រូវកណ្តាលបាន៤០%ហើយ ទូទាំងប្រទេសកម្ពុជា ហើយទិន្នផលស្រូវវស្សា បានកើនជាងឆ្នាំមុន ៖ «វស្សាបានកើនលើស ហើយទិន្នផលបានធ្វើ ៤០% ដែលច្រូតកាត់ហើយហ្នឹង ស្ទង់ទៅឃើញថា លើសឆ្នាំទៅហើយ»។
លោកបណ្ឌិត ច័ន្ទ សារុន បន្តថា បន្លែកំពុងតែឡើងថ្លៃខ្លាំងជាងស្រូវ និងថា កសិករគួរចេះបែងចែកដីស្រែរបស់ខ្លួនមួយចំណែកដាំស្រូវ និងមួយចំណែកដាំបន្លែ ទើបកសិករអាចទប់ទល់ជីវភាពរស់នៅបានប្រសើរ។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា ជាទូទៅប្រទេសកម្ពុជា ផលិតស្រូវលើសសេចក្តីត្រូវការនៅក្នុងស្រុក។
លោកថា ក្នុង១ឆ្នាំៗ ស្រូវនាំចេញជាង២លានតោន។ លោកថា តម្លៃស្រូវឆ្នាំនេះ ឡើងថ្លៃជាងឆ្នាំមុន បើប្រៀបធៀបទៅខែធ្នូដូចគ្នា។ កាលពីឆ្នាំ២០០៧ ស្រូវប្រភេទលេខ១ លក់ក្នុងតម្លៃ ១០០០រៀល ក្នុង១គីឡូក្រាម។ ប៉ុន្តែតម្លៃស្រូវលក់ចេញ នៅខែធ្នូ ឆ្នាំ២០០៨ វិញ បានឡើងថ្លៃ ១១០០រៀល ក្នុង១គីឡូក្រាម។
លោក ចាន់ សុផល មានប្រសាសន៍ថា ៖ «បើសិនជាមានកម្មវិធីឥណទាន រដ្ឋាភិបាល ក៏ដូចជាផ្នែកណាមួយដែលអាចជួយប្រមូលទិញស្រូវ ឲ្យបានច្រើន ធ្វើយ៉ាងណាកុំឲ្យថ្លៃថោកពេកសម្រាប់ពលរដ្ឋ ឬក៏គាត់អាចទុកស្រូវបានយូរបន្តិច ហ្នឹងជាការល្អ»។
មន្រ្តីជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ទិន្នផលស្រូវឆ្នាំ២០០៧-២០០៨ ប្រទេសកម្ពុជាផលិតស្រូវបាន ៦,៤លានតោន។ នៅឆ្នាំនោះ ស្រូវបាននាំចេញ ២,៦លានតោន។
លោកថា បើតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មថា នៅឆ្នាំ២០០៨នេះ ទិន្នផលស្រូវកើនជាងឆ្នាំមុន គេរំពឹងថា ផលិតផលស្រូវគ្រោងលក់ទៅក្រៅប្រទេសអាចកើនទាំងតម្លៃស្រូវ កើនទាំងទិន្នផលនាំចេញដោយសារវិបត្តិស្បៀងនៅលើពិភពលោកនោះ៕
ដកស្រង់ពី RFA