ពលរដ្ឋ​នៅ​ភូមិ​ជ័យ​សេនា ស្រុក​ឈូក ខេត្ត​កំពត ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ

Posted by: SAMBOhengnews / Category: ,



ទីតាំងខេត្តដែលត្រូវប្រឈមុខនិងការដកហូតដី
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​អាជ្ញាធរ​នៅ​ថ្ងៃ​១ ធ្នូ​នេះ បាន​ចុះ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ចំណុច​អន្លង់ក្រោម ភូមិ​ជ័យសេនា ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត ឲ្យ​រុះ​រើ​ចេញ​ពី​លំនៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត។

មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ចម្រុះ​និង​ឧទ្យានុរក្ស​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ ចាកចេញ​ពី​គេហដ្ឋាន​របស់​ពួក​គាត់​ក្នុង​អំឡុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បើ​មិន​ដូច្នោះ​ទេ នឹង​ប្រើ​កម្លាំង​ឲ្យ​រុះរើ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ថ្ងៃ​ទី​១​នេះ ប្រជាពលរដ្ឋ​បាន​ផ្ដល់​ព័ត៌មាន​ថា ខាង​បរិស្ថាន​និង​ខាង​មេព្រៃ​ហ្នឹង បាន​ប្រាប់​ពួក​គាត់​ថា ឲ្យ​ចាកចេញ​នៅ​ក្នុង​អំឡុង ២​-៣​ថ្ងៃ​ខាង​មុខ​នេះ​ទៀត បើ​សិន​ជា​មិន​ព្រម​ទេ គេ​នឹង​ចាត់​វិធានការ​ក្ដៅ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ចាក​ចេញ ដោយ​គេ​ដឹក ឬ​ក៏​រើ​ចេញ»។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មន្ត្រី​ឧទ្យាន​ជាតិ​បូកគោ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ម្ដង​រួច​មក​ហើយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​រុះរើ​លំនៅ​ចេញ​ពី​ដី​ដែល​ពួក​គាត់​កំពុង​រស់​នៅ​នោះ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១ ធ្នូ​នេះ នៅ​មិន​ទាន់​មាន​សកម្មភាព​រុះរើ​អ្វី​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ​ចេញ​ពី​លំនៅ​ក្នុង​ចំណុច​អន្លង់ក្រោម ភូមិ​ជ័យ​សេនា ឃុំ​តាកែន ស្រុក​ឈូក ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​ភូមិ​៣​នាក់ បាន​រង​របួស ហើយ​ផ្ទះ​ជាង ១០០​ខ្នង ត្រូវ​បាន​រុះរើ​និង​ដុត​បំផ្លាញ​ចោល។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បណ្ដេញ​ប្រជាពលរដ្ឋ​នោះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ដោយ​សន្តិវិធី​និង​ពន្យារ​ពេល​ ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ផង​ដែរ។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា អជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ឲ្យ​ដឹង​ថា គេ​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ដី​នោះ​បាន​ទេ ព្រោះ​វា​ជា​ដី​របស់​ឧទ្យាន​ជាតិ។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សន្យា​ថា នឹង​ធ្វើការ​សិក្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្លី​ពិត​ប្រាកដ ហើយ​នឹង​ពិចារណា​ពី​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ប្រជាពលរដ្ឋ​ទាំង​ នោះ។

លោក​ក៏​បាន​បន្ត​ថា លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​យល់ព្រម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ធ្លី​ពិត​ប្រាកដ ទៅ​រស់នៅ​លើ​ដី​អភិវឌ្ឍន៍​របស់​លោក នៅ​ឯ​ខេត្ត​ស្ទឹងត្រែង។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ឧទ្យាន​ជាតិ​បូកគោ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

មន្រ្តី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ចំណុច​អន្លង់​ក្រោម ភូមិ​ជ័យ​សេនា​នោះ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​អត់​ជម្រក ខ្វះ​ស្បៀង​អាហារ ខ្លះ​ត្រូវ​រស់​នៅ​ក្រោម​ដើម​ឈើ​ជា​ដើម។

មន្រ្តី​សិទ្ធិមនុស្ស​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ចំណុច​អន្លង់ក្រោម​នោះ បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​ការពារ​ជាតិ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ផ្ដល់​ទី​លំនៅ​ដល់​ពួក​គាត់៕
ដកស្រង់ពីRFA


0 comments: