សេដ្ឋវិទូ៖ វិបត្តិនៅថៃធ្វើឲ្យប៉ះពាល់ដល់សង្វាក់សេដ្ឋកិច្ចកម្ពុជា
Posted by: SAMBOhengnews / Category: Cambodiaអ្នកធ្វើដំណើរជាខ្មែរអ៊ិស្លាម ដែលរង់ចាំការហោះហើរទៅទីក្រុងបាងកក អង្គុយក្បែរអីវ៉ាន់របស់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅ ថ្ងៃទី២៦ វិច្ឆិកា ២០០៨។
RFA
អ្នកសេដ្ឋកិច្ចកម្ពុជាបានអះអាងស្របគ្នាថា វិបត្តិនៅប្រទេសថៃបានធ្វើឲ្យប៉ះពាល់សង្វាក់សេដ្ឋកិច្ចនៅកម្ពុជា និងថា រដ្ឋាភិបាលគួរតែបង្វែរទិសដៅពាណិជ្ជកម្មអន្តរជាតិទៅប្រទេសដទៃ ក្នុងតំបន់។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានស្រាវជ្រាវ សហប្រតិបត្តិការនិងសន្តិភាព បានមានប្រសាសន៍ថា កម្ពុជាគួរតែបង្វែរទិសដៅពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ខ្លួនទៅរកប្រទេសសិង្ហបុរី ឬទៅប្រទេសម៉ាឡេស៊ី ឬប្រទេសផ្សេងទៀត ក្រៅពីប្រទេសថៃដែលកំពុងមានបញ្ហាផ្ទៃក្នុងនោះ។
សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅកម្ពុជា លោក ហួត ពុំ បានឲ្យដឹងថា កម្ពុជាគួរតែរកដៃគូផ្សេង ក្រៅពីប្រទេសថៃក្នុងការធ្វើអាជីវកម្ម ព្រោះប្រទេសថៃមិនត្រឹមតែមានវិបត្តិផ្ទៃក្នុងខ្លូនឯងដែលបណ្តា ឲ្យសេដ្ឋកិច្ចកម្ពុជាថយចុះប៉ុណ្ណោះទេ ថែមទាំងយើងក៏មានភាពប្រេះស្រាំជាមួយគ្នាច្រើនដែរ ពាក់ព័ន្ធនឹងកេរដំណែលរបស់ដូនតាយើង។
លោកសាស្ត្រាចារ្យ ហួត ពុំ មានប្រសាសន៍ដូច្នេះថា ៖ «យើងគួរតែ បង្វែរទៅប្រទេសផ្សេង។ ជាក់ស្ដែងដូចជាយើងប្រើទាក់ទងនឹងវិស័យទូរគមនាគមន៍ គឺយើងពឹងលើគេ ដល់ពេលគេមានបញ្ហា គេផ្ដាច់ យើងផ្ដាច់ដែរ»។
បើតាមអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា គឺលោក សម រង្ស៊ី មានប្រសាសន៍ថា ៖ «ច្បាស់ជាត្រូវរកដៃគូផ្សេងមកជំនួសដៃគូណា ដែលមានបញ្ហាហើយ ប៉ុន្តែរឿងនេះមិនមែនជាដំណោះស្រាយដែលអាចអនុវត្តបានឆាប់រហ័សនោះ ទេ ពីព្រោះយើងមិនអាចបង្វែរក្នុងមួយថ្ងៃឲ្យទៅដល់គោលដៅ រកដៃគូថ្មីបានភ្លាមៗនោះទេ។ អ៊ីចឹង បានយើងត្រូវចាត់វិធានការផ្សេងទៀត»។
មន្ត្រីរដ្ឋាភិបាលមកពីគណបក្សកាន់អំណាច លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជាអាចធ្វើពហុពាណិជ្ជកម្មជាមួយប្រទេសដទៃបាន នៅពេលកិច្ចសន្យាច្បាប់ពាណិជ្ជកម្មអស់សុពលភាព។ លោកបន្តថា បច្ចុប្បន្ន ថៃនៅតែបំពេញអ្វីដែលមានក្នុងកិច្ចសន្យាបាន គឺកម្ពុជានៅតែបន្តសហប្រតិបត្តិការ។
លោក ជាម យៀប ថ្លែងដូច្នេះថា ៖ «ការធ្វើសេដ្ឋកិច្ចគឺវាមាន ច្បាប់ស្ដីពីកិច្ចសន្យា គឺមាត្រាទី២២ បានចែងថា កិច្ចសន្យាគឺជាច្បាប់នៃគូភាគី អ៊ីចឹងយើងឃើញថា យើងមិនអាចធ្វើអ្វី ក្រៅតែពីអនុវត្តច្បាប់បានទេ។ ឥឡូវនេះ មានតែវិបត្តិផ្ទៃក្នុងរបស់សៀមទេ ប៉ុន្តែអ្នកជំនួញសៀមគ្មានបញ្ហាអ្វីទេ គេអាចមកបណ្ដាក់ទុន ហើយចំពោះយើង គេមកបណ្ដាក់ទុនច្រើនកាលណា គឺល្អកាលហ្នឹង»។
បើតាមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក សូ ឃុន បានឲ្យដឹងថា ដោយសារតែភាពវឹកវរនៅប្រទេសថៃ និងដោយសារតែគ្មានការហោះហើរ ធ្វើឲ្យមានការកកស្ទះសំបុត្រជាច្រើនពាន់ច្បាប់និងទំនិញផ្សេងៗ ប្រមាណ១០០លានដុល្លារ និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានបិទជើងហោះហើរពីភ្នំពេញនិងសៀមរាប ទៅក្រុងបាងកក ប្រទេសថៃ៕
ដកស្រង់ពីRFA