ទេសចរថៃចាប់ផ្ដើមចូលមកទស្សនាស្រុកខ្មែរនៅក្រោយការផ្អាកមួយរយៈ

Posted by: SAMBOhengnews / Category: , , ,


ភ្ញៀវទេសចរណ៏ចូលទស្សនាប្រាសាទអង្គវត្តនាពេលថ្មីៗនេះ

មន្រ្តីរដ្ឋាភិបាលខ្មែរបានថ្លែងឲ្យដឹងថា ទេសចរជនជាតិថៃចំនួន ៥០០នាក់ បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅទស្សនាប្រាសាទ អង្គរវត្តឡើងវិញ បន្ទាប់ពីមានការផ្អាកមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារវិបត្តិនយោបាយថៃនិងជម្លោះព្រំដែន។
លោក ពេជ្រ សារ៉ន ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ នេះថា កាលពីថ្ងៃទី៤ និងទី៥ ខែធ្នូនេះ ទេសចរជនជាតិថៃចំនួន ៥១០នាក់ បានធ្វើដំណើរឆ្លងកាត់ចូលទៅទស្សនាប្រាសាទអង្គរវត្តនៅខេត្ត សៀមរាប។
លោក ពេជ្រ សារ៉ន មានប្រសាសន៍ដូច្នេះថា ៖ «បើមានការស្ងាត់ស្ងៀម នៅក្នុងប្រទេសថៃ រឿងបាតុកម្មអី អាហ្នឹងអាចមានបន្តទៀត ហើយនិងស្ងប់ស្ងាត់សភាពការណ៍ព្រំដែនអី គឺមានបន្តទៀតហើយ»។
ប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានផ្អាកការធ្វើដំណើរចូលមក ប្រទេសកម្ពុជា ចាប់តាំងពីប្រទេសថៃមានស្ថានការណ៍ជ្រួលច្របល់និងការប្រឈមមុខ ដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ នៅតាមតំបន់ព្រំដែន។
ជាមួយនឹងស្ថានការណ៍នេះ លោក សំភុង អៈម៉នវីវ៉ាត់ រដ្ឋមន្រ្តីការបរទេសថៃ កាលពីថ្ងៃទី១៤ ខែតុលា ក៏បានប្រកាសមិនឲ្យជនជាតិថៃ ធ្វើដំណើរមកប្រទេសកម្ពុជា ហើយស្នើឲ្យជនជាតិថៃទាំងអស់ គិតឲ្យបានពីរដង មុននឹងសម្រេចចិត្តមកប្រទេសកម្ពុជា។
លោក ជុង លឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានថ្លែងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទេសចរជនជាតិថៃមានចំណាត់ថ្នាក់លេខមួយក្នុងចំណោមទេសចរជាតិសាសន៍ ដទៃផ្សេងទៀត ប៉ុន្តែជម្លោះព្រំដែននិងវិបត្តិនយោបាយថៃ កន្លងមក បានធ្វើឲ្យផ្អាកលំហូរទេសចរថៃមកកម្ពុជា។
លោកបានបញ្ជាក់ថា ការបាត់បង់ទេសចរថៃ គឺជាការប៉ះពាល់ដល់ប្រាក់ចំណូល។
លោក ឃួន សុវត្ថិ លេខាអគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានថ្លែងថា លំហូរទេសចរថៃមកកម្ពុជា អាចមានភាពប្រសើរឡើងវិញបាន ប្រសិនបើវិបត្តិនយោបាយថៃនិងជម្លោះព្រំដែន មានស្ថានភាពល្អប្រសើរឡើងវិញ។
លោ ឃួន សុវត្ថិ មានប្រសាសន៍ថា ៖ «ពិតមែនហើយ បើសិនជាស្ថានការណ៍នៅក្នុងប្រទេសថៃមិនល្អ គ្មានទេសចរមកប្រទេសថៃ ដូច្នេះប្រទេសកម្ពុជា ក៏មិនមានភ្ញៀវទេសចរដែរ»។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ក្រៅពីជនជាតិថៃ ភ្ញៀវទេសចរអន្តរជាតិផ្សេងដទៃទៀតនៅតែបន្តដំណើរមកស្រុកខ្មែរ ពីព្រោះប្រទេសកម្ពុជា មានសុខសន្តិភាព ហើយថា កម្ពុជាមានសង្ឃឹមថា ចំនួនទេសចរអន្តរជាតិនឹងមានការកើនឡើងរហូតដល់ ២លាន ២៥ម៉ឺននាក់ នៅឆ្នាំ២០០៨នេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅនេះ ចំនួនទេសចរអន្តរជាតិបាននាំគ្នាចាកចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងមួយថ្ងៃៗ កើនឡើងរហូតដល់ជាង ១.២០០នាក់ បន្ទាប់ពីមានការបិទព្រលានយន្តហោះនៅក្នុងប្រទេសថៃ។
មន្រ្តីទេសចរណ៍បានបញ្ជាក់ថា វិបត្តិនយោបាយថៃនិងជម្លោះព្រំដែនខ្មែរ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា បានធ្វើឲ្យប៉ះពាល់លំហូរទេសចរថៃ ប៉ុន្តែពួកគេសង្ឃឹមថា ស្ថានភាពនេះនឹងមានភាពប្រសើរឡើងវិញ ប្រសិនបើវិបត្តិនយោបាយនិងជម្លោះព្រំដែនត្រូវបានដោះស្រាយ៕
ដកស្រង់ពីRFA


0 comments: