អូស្រ្តាលីគ្រោងផ្ដល់ប្រាក់ប្រមាណ១លានដុល្លារដល់អាជ្ញាធរអប្សរា
Posted by: SAMBOhengnews / Category: Cambodia, Siem Reap.
ប្រាសាទអង្គវត្តកាលពីឆ្នាំ២០០២
រូបភាពពីRFA
មន្រ្តីរដ្ឋាភិបាលខ្មែរបានឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីមានគម្រោងនឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ១ លានដុល្លារសហរដ្ឋអាមេរិកទុកឲ្យអាជ្ញាធរអប្សរាដើម្បីអនុវត្តគម្រោង គ្រប់គ្រងដីនិងអភិវឌ្ឍន៍នៅតំបន់អង្គរខេត្តសៀមរាបទៅតាមគោលការណ៍ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់អង្គរបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ថា ប្រទេសអូស្រ្តាលីបានព្រមព្រៀងនូវការផ្ដល់មូលនិធិជាង១លានដុល្លារ សហរដ្ឋអាមេរិកនៅក្នុងគម្រោងដែលត្រូវការទឹកប្រាក់សរុបប្រមាណ១លាន ៦សែនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំការគ្រប់គ្រងដីធ្លី ការរៀបចំប្រជាពលរដ្ឋឲ្យតាំងទីលំនៅត្រឹមត្រូវដើម្បីកុំឲ្យប៉ះពាល់ ដល់តំបន់អង្គរ។
លោក ប៊ុន ណារិទ្ធ បានឲ្យដឹងថា ៖ «១លាន៦សែនមានកន្ទុយទៀត ខ្ញុំអត់ចាំទេ ក្នុងហ្នឹងអូស្រ្ដាលីគេចេញ១លាន១សែន ហើយក្រៅពីហ្នឹងអាជ្ញាធរអប្សរាអ្នកចេញ គឺគម្រោងគ្រប់គ្រងតំបន់អង្គរទាំងមូលហ្នឹង គ្រប់គ្រងដី គ្រប់គ្រងប្រជាពលរដ្ឋ ហើយយើងប្រើប្រាស់ដីយ៉ាងម៉េច សង់ផ្ទះយ៉ាងម៉េចអីអ៊ីចឹង។ ជាគម្រោងមួយដើម្បីឆ្លើយតបនឹងសំណូមពរចង់បានរបស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក»។
ទោះយ៉ាងណាកាលពីថ្ងៃច័ន្ទពុំអាចទាក់ទងសុំការអធិប្បាយរឿងនេះពីស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជាបានទេ។
ក្រៅពីជំនួយទឹកប្រាក់សម្រាប់គម្រោងការពារតំបន់អង្គរខេត្ត សៀមរាប ប្រទេសមួយចំនួនទៀតក៏កំពុងផ្ដល់មូលនិធិសម្រាប់ជួសជុលនិងអភិរក្ស ប្រាសាទបុរាណកសាងអំពីថ្មដែលកំពុងតែមានចំណាស់ទ្រុឌទ្រោមទៅហើយ ផងដែរ។
ប្រធានគណៈកម្មាធិការជាតិពិគ្រោះយោបល់នយោបាយប្រជាជនចិន លោក ជា ឈីងលីន បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែធ្នូ នៅក្នុងពិធីបញ្ចប់ការជួសជុលការដ្ឋានប្រាសាទចៅសាយទេព្ដា ថា រដ្ឋាភិបាលចិននឹងផ្ដល់ប្រាក់រួមទាំងអ្នកជំនាញចិនដើម្បីចាប់ផ្ដើម គម្រោងជួសជុលភាពទ្រុឌទ្រោមរបស់ប្រាសាទតាកែវនាបរិវេណអង្គរធំ ខេត្តសៀមរាប។
លោក ជា ឈីងលីន បានមានប្រសាសន៍ថា ៖ «...ចិននឹងប្រគល់បន្ត កម្មវិធីជួសជុលឡើងវិញប្រាសាទតាកែវ ហើយអ្នកជំនាញការចិនក៏កំពុងស្រាវជ្រាវធ្វើគម្រោងផែនការដើម្បី អនុវត្តការពារប្រាសាទតាកែវ»។
តាមអគ្គនាយករងអាជ្ញាធរអប្សរា លោក សឺន គង់ បានមានប្រសាសន៍ឲ្យដឹងថា កាលពីដើមខែធ្នូនេះ ប្រទេសហុងគ្រីបានចុះហត្ថលេខាជាផ្លូវការផ្ដល់ទឹកប្រាក់ប្រមាណ៩០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅលើគម្រោងសិក្សាផ្នែកបុរាណវិទ្យា ដើម្បីឈានទៅរកការជួសជុលនិងអភិរក្សប្រាសាទបុរាណកោះកេរដែលបាន ទ្រុឌទ្រោមជាច្រើនសតវត្សរ៍មកហើយ។
លោក សឺន គង់ បានឲ្យដឹងថា ៖ «ចំពោះកោះកេរ យើងបានចុះហត្ថលេខាជាផ្លូវការដែលមានគម្រោងនិងថវិកាច្បាស់លាស់នោះជាមួយហុងគ្រី កាលពីថ្ងៃទី១ ខែ១២»។
សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនមានប្រទេសជាច្រើនបានផ្ដល់ជំនួយសម្រាប់ ជួសជុលប្រាសាទបុរាណនៅតំបន់អង្គរខេត្តសៀមរាប ដូចជាសាលាចុងបូព៌ារបស់បារាំងបានជួសជុលប្រាសាទបាពួនដែលមិនទាន់ ឈានទៅដល់ការបញ្ចប់គម្រោងនៅឡើយ។ សហរដ្ឋអាមេរិកបានជួសជុលប្រាសាទភ្នំបាខែង និងប្រទេសជប៉ុនបានជួសជុលប្រាសាទបាយ័នជាដើម៕
ដកស្រងពីRFA