ស.រ.អា.និងថាក់ស៊ីនអំពាវនាវឲ្យបញ្ចប់ការបិទព្រលានយន្តហោះ២ក្នុងក្រុងបាងកក

Posted by: SAMBOhengnews / Category:

ក្រុមបាតុកររបស់ក្នុងប្រទេសថៃ
សហរដ្ឋអាមេរិកនិងអតីតនាយករដ្ឋមន្រ្តីថៃនិរទេស លោក ថាក់ស៊ីន បានអំពាវនាវស្របគ្នាឲ្យបញ្ចប់ការបិទចំណតអាកាសយានដ្ឋានធំៗពីរ ក្នុងក្រុងបាងកកដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ។
អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Gordon Duguid បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ថ្វីបើយើងគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិក្តី ការដណ្តើមកាន់កាប់ព្រលានយន្តហោះមិនមែនជាមធ្យោបាយសមរម្យនៃការតវ៉ា នោះទេ។
នៅស្របពេលជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តីថៃដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានថ្លែងស្នើឲ្យក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលចាកចេញពីព្រលាន យន្តហោះ សុវណ្ណភូមិ និងព្រលានយន្តហោះ ដនមឿង ឲ្យបានឆាប់ បើមិនដូច្នោះទេវិធានការផ្លូវច្បាប់គប្បីត្រូវចាត់ធ្វើឡើងជា បន្ទាន់។
លោក ថាក់ស៊ីន បានមានប្រសាសន៍ថា ៖ "អាកាសយានដ្ឋានត្រូវតែត្រូវបានគេបើកឡើងវិញ ហើយបាតុករត្រូវតែគោរពមិនត្រឹមតែច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែគោរពប្រជាពលរដ្ឋថៃផងដែរ។ ប្រសិនបើគ្មាននរណាគោរពច្បាប់ទេ ពេលនោះការអនុវត្តច្បាប់ត្រូវតែធ្វើឡើង"។
ទោះជាយ៉ាងនេះក្តីមេដឹកនាំនៃក្រុមសម្ព័ន្ធភាពប្រជាជនដើម្បី លទ្ធិប្រជាធិបតេយ្យ លោកឧត្តមសេនីយ៍ឯក ចំលងស្រ៊ីមួង កាលពីព្រឹកថ្ងៃសៅរ៍នេះបានថ្លែងថា ក្រុមអ្នកតវ៉ានឹងមិនដកថយពីព្រលានយន្តហោះទាំងពីរដែលបាតុកររបស់ លោកកំពុងកាន់កាប់នោះទេ។
ផ្ទុយទៅវិញលោកបានអំពាវនាវឲ្យក្រុមបាតុករដែលកំពុងប្រមូលផ្តុំ គ្នានៅបរិវេណអគាររដ្ឋាភិបាលថៃ ធ្វើដំណើរទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិដើម្បីបង្កើនការគាបសង្កត់ ឲ្យរដ្ឋាភិបាលរបស់លោក ស៊ុមឆៃ វង់សាវ៉ាត់ និងរដ្ឋសភាថៃបច្ចុប្បន្នរំលាយខ្លួនចោល។
គួរជម្រាបផងដែរថា ក្រោយពីរដ្ឋាភិបាលថៃប្រកាសដាក់ព្រលានយន្តហោះ ដនមឿង និង សុវណ្ណភូមិ ឲ្យស្ថិតក្នុងភាពអាសន្នកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាមក ប៉ូលិសរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយឲ្យឃ្លាំមើលក្រុមបាតុករ និងរកវិធីចរចាជាមួយក្រុមមេដឹកនាំអ្នកតវ៉ាដើម្បីបញ្ជៀស ការបង្ក្រាបដោយហិង្សា។
ប៉ុន្តែកាលពីព្រឹកថ្ងៃសៅរ៍នេះដែរ មេដឹកនាំទី១នៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ លោក សុន្ធិលីមថងគុល បានប្រកាសថា ក្រុមបាតុកររបស់លោកនឹងមិនអនុញ្ញាតឲ្យមានការចរចាណាមួយក្រៅតែពី ទាមទារឲ្យ លោក ស៊ុមឆៃ វង់សាវ៉ាត់ ចុះចេញពីមុខតំណែងនិងការរំលាយរដ្ឋសភា ហើយរៀបចំការបោះឆ្នោតសាជាថ្មីនោះទេ។
នាយករដ្ឋមន្រ្តីថៃ លោក ស៊ុមឆៃ វង់សាវ៉ាត់ ត្រូវបានគេរាយការណ៍មកថា លោកមិនទាន់បានវិលត្រឡប់ចូលមកក្រុងបាងកកពីក្រុងឈៀងម៉ៃទីដែល លោកជួបប្រជុំគណៈរដ្ឋមន្រ្តីថៃនោះនៅឡើយទេ។
ការបិទព្រលានយន្តហោះក្រុងបាងកកទាំងពីរនេះត្រូវបាននាយក រដ្ឋមន្រ្តីថៃអះអាងថា បានធ្វើឲ្យប្រទេសថៃខាតបង់ប្រាក់ចំណូលមិនតិចជាង១សែនលានបាតទេ ក្នុងមួយថ្ងៃ និងបានធ្វើឲ្យភ្ញៀវទេសចរណ៍ប្រហែល១សែននាក់ខកខានការធ្វើដំណើរ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ៕
ដកស្រង់ពីRFA


0 comments: